ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ជំរុញឱ្យអ្នកប្រជាធិបតេយ្យ រិះគន់បែបស្ថាបនា កុំអុជអាល
16, Aug 2022 , 9:40 pm        
រូបភាព
អ្នករាយការណ៍ពិសេសUN ប្រចាំកម្ពុជា (ខាងឆ្វេង) និងសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជា។ រូបពី SPM
អ្នករាយការណ៍ពិសេសUN ប្រចាំកម្ពុជា (ខាងឆ្វេង) និងសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជា។ រូបពី SPM
ភ្នំពេញ៖សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រាប់អ្នករាយការណ៍ពិសេសUN ប្រចាំកម្ពុជាថា ការអនុវត្តលទ្ធិប្រជាធិបតេយ្យដោយគ្មាននីតិរដ្ឋ និងនាំទៅជាអាណាធិបតេយ្យ។ ក្នុងន័យនេះ កម្ពុជាចង់ឲ្យក្រុមប្រជាធិបយតេយ្យទាំងអស់ មានទំនួលខុសត្រូវ ហើយកុំអុជអាល។

 
សម្ដេច ហ៊ុន សែន នៅថ្ងៃទី១៦សីហានេះ បានទទួលជួបពិភាក្សាការងារជាមួយ លោក វិទិត មុនតាប៊ន (Vitit MUNTARBHORN) អ្នករាយការណ៍ពិសេសរបស់ UN ទទួលបន្ទុកសិទ្ធមនុស្សនៅកម្ពុជា។ ក្នុងជំនួបនេះ ភាគីទាំង២បានជជែកពី សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងសិទ្ធិទទួលបានព័ត៌មាន។ នេះបើតាមសំណេរបស់សម្ដេច ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី១៦សីហានេះ។ 
 
កម្ពុជា ជំរុញការលើកកម្ពស់សិទ្ធិមនុស្ស ក្នុងនាមជាប្រធានអាស៊ាន។ ជាមួយគ្នានេះ កម្ពុជាក៏ជំរុញលើលំហស៊ីវិល លំហប្រជាធិបតេយ្យ និងការបោះឆ្នោតផងដែរ។ ទាំងនេះ ជាអ្វីដែលសម្ដេច ហ៊ុន សែន ប្រាប់ទៅអ្នករាយការណ៍ពិសេស UN ហើយអះអាងថា សិទ្ធិរស់រានមានជីវិត ត្រូវបានផ្ដល់ជាអាទិភាព រួមទាំងសិទ្ធិទទួលបានព័ត៌មាន។
 
នាយករដ្ឋមន្រី្តពន្យល់ទៅកាន់អ្នករាយការណ៍ពិសេស UN ថាអំឡុងពេលកូវីដ-១៩ កម្ពុជាបានតាក់តែងជាបន្តបន្ទាប់ ដូចជាច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិក្នុងគ្រាអាសន្ន អនុក្រឹត្យស្ដីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត។ ច្បាប់ទាំងអស់នេះ រៀបចំឡើង ក្នុងគោលបំណងដើម្បីការពារសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ។ ការចោទប្រកាន់ថា ការតាក់តែងនេះ ធ្វើឡើងដើម្បីរឹតបន្តឹងលំហសង្គមស៊ីវិល គឺពុំផ្អែកលើមូលដ្ឋានត្រឹមត្រូវការពិតឡើយ។ រាល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាំងអស់ ដែលបានអនុម័ត រួមទាំងក្នុងអំឡុងពេល កូវីដ-១៩ គឺប្រកាន់ខ្ជាប់នូវគោលការណ៍ និងនិត្យានុកូលភាព។ 
 
ពាក់ព័ន្ធនិងលំហស៊ីវិលប្រជាធិបតេយ្យ សម្ដេច ហ៊ុន សែន សង្កត់ធ្ងន់យ៉ាងដូច្នេះ៖ «ការអនុវត្តលទ្ធិប្រជាធិបតេយ្យដោយគ្មាននីតិរដ្ឋនិងនាំទៅជាអាណាធិបតេយ្យ។ ក្នុងស្មារតីនេះ កម្ពុជា ចង់ឲ្យតួអង្គទាំងអស់នៅក្នុងកិច្ចដំណើរការប្រជាធិបតេយ្យ មានការទទួលខុសត្រូវ ធ្វើការរិះគន់ដោយស្ថាបនា មិនអុជអាល មិនបង្កើតការស្អប់ខ្ពើមរវាងពូជសាសន៍…»។ 
 
ចំពោះការបោះឆ្នោតវិញ នាយករដ្ឋមន្រី្តលើកឡើងថា កម្ពុជារៀបចំជាទៀងទាត់ ហើយបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត របៀបរៀបរយ និងគ្មានអំពើហិង្សា៕ 
 

Tag:
 ប្រជាធិបតេយ្យ
  អ្នករាយការណ៍ពិសេស UN
© រក្សាសិទ្ធិដោយ thmeythmey.com