ជាតិ
សង្គមជាតិ
លោក ជា សុផារ៉ា៖ ប្រយោជន៍បុគ្គល គ្រួសារ មិនអាចមកគ្របលើដួងព្រលឹងជាតិ និងបុព្វបុ​រស​ឡើ​យ​
18, Aug 2022 , 4:47 pm        
រូបភាព
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ក្នុងពិធីបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ក្នុងពិធីបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។
សៀមរាប៖ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស ដោះស្រាយបញ្ហាសំណង់ខុសច្បាប់ក្នុងតំបន់អង្គរ   បានអះ អាងយ៉ាងម៉ឹងម៉ាត់ថា លោកមិនព្រមឱ្យមានការបន្លំ ឬយកដួងព្រលឹងជាតិ និងបុព្វបុរសខ្មែរមកបម្រើប្រយោជន៍របស់បុគ្គល ឬក្រុមគ្រួសារមួយចំនួនតួចឡើយ។ លោកឧបនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា លោកនឹងស្រាវជ្រាវរកអ្នកនៅពីក្រោយ ការ​សង់សំណង់យ៉ាងអនាធិបតេយ្យនៅតំបន់អង្គរនេះ យកមកអនុវត្តទោសផងដែរ។ បើតាម លោក ជា សុផារ៉ា យន្តការស្រាវជ្រាវនេះ នឹងបន្តធ្វើគ្មានថ្ងៃបញ្ចប់ រហូតដល់រមណីយដ្ឋានអង្គរ រួចផុតពីការគំរាមកំហែង។

 
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានអះអាងយ៉ាងម៉ឹងម៉ាត់ថា លោកមិនអនុញ្ញាតឱ្យមានការបន្លំ ឬយកដួងព្រលឹងជាតិ និងបុព្វបុរសខ្មែរមកបម្រើប្រយោជន៍របស់បុគ្គល ឬក្រុមគ្រួសារមួយចំនួនតួចឡើយ។ ការអះអាងនេះ ធ្វើឡើងក្នុងពិធីបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។
 
«នៅទីនេះ ជាដឹកដីស័ក្តិសិទ្ធិ មិនអាចបន្លំ មិនអាចយកផលប្រយោជន៍បុគ្គលឯកជន គ្រួសារ មកដាក់ មកគ្របទៅលើដួងព្រលឹងរបស់ជាតិ និងបុព្វបុរស ដែលមិនសាងសង់អង្គរវត្តទុកឱ្យយើងតជំនាន់។ មិនអាច! អ្នកដែលរំលោភ អ្នកនឹងទទួលតែការឈឺចាប់ និងវិនាស់តពូជពង្ស វង្សត្រកូល​។​»។ ប្រធានក្រុមការងារតម្រង់ទិសដោះស្រាយបញ្ហាសំណង់ខុសច្បាប់ក្នុងតំបន់អង្គរ  បានសង្កត់ធ្ងន់ដូច្នេះ។
 

រដ្ឋមន្រ្តី ជា សុផារ៉ា ដឹកនាំក្រុមការងារចុះពិនិត្យសកម្មភាពវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។
 
លោកឧបនាយករដ្ឋមន្ត្រី នឹងស្រាវជ្រាវរកអ្នកនៅពីក្រោយការសាងសង់សំណង់យ៉ាងអនាធិបតេយ្យ​នៅតំបន់អង្គរនេះ យកមកអនុវត្តទោសផងដែរ។ ក្នុងនាមជាប្រធានក្រុមការងារតម្រង់ទិស ដោះស្រាយបញ្ហាសំណង់ខុសច្បាប់ក្នុងតំបន់អង្គររូបនេះ លោក ជា សុផារ៉ា បញ្ជាក់បន្ថែមថា យន្តការស្រាវជ្រាវនឹងបន្តធ្វើគ្មានថ្ងៃបញ្ចប់ រហូតរមណីយដ្ឋានអង្គរ រួចផុតពីការគំរាមកំហែង។ មិនតែប៉ុណ្ណោះ លោក ជា សុផារ៉ា បានផ្តាំឱ្យ​គ្រួសារ ឬបុគ្គលខិលខូចនៅពីក្រោយរឿងនេះ ចេញមុខប្រញាប់សារភាព មុននឹងការស្រាវជ្រាវមកដល់ផងដែរ។ 
 
 
«​ខ្ញុំនឹងស្រាវជ្រាវ អំពីចរន្តការ ការផ្ទេរ ការលក់ ការដូរ ហើយយន្តការនេះនឹងបន្តគ្មានទីបញ្ចប់ ល្គឹកណាដែលតំបន់រមណីយដ្ឋានអង្គរផុតការគំរាមកំហែង។ អ្នកដែលបានធ្វើខុស មានតែចេញមកសារភាព ហើយមិនយូរមិនឆាប់ នឹងទទួលអនុវត្តន៍ទៅតាមផ្លូវច្បាប់។ នេះ គឺជាជុំមួយ សម្រាប់ជូនដំណឹង។ មួយ បញ្ចប់!  ពីរ ចេញសារភាព ហើយប្រមូលឯកសារមកអាជ្ញាធរ​អប្សរា។ មានតែច្រកមួយនេះគត់ ដែលអាចធ្វើឱ្យតំបន់រមណីយដ្ឋានអង្គរយើងនេះ រួចផុតពីការគំរាមកំហែង»។ លោក ជា សុផារ៉ា មានប្រសាសន៍ដូច្នេះ ជាមួយនឹងការអះអាងថា លោកអាចដោះស្រាយបញ្ហាសំណង់ខុសច្បាប់ នៅតំបន់រមណីយដ្ឋានអង្គរនេះបាន និងមិនឱ្យសំណង់ខុសច្បាប់ត្រឹម ២ទៅ៤ករណី របស់ឯកជន ឬជនខិលខូច ប៉ះពាល់ផលប្រយោជន៍ជាតិទាំងមូលបានឡើយ៕
 
 

Tag:
 សំណង់ខុសច្បាប់
  អង្គរ
  ជា សុផារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com