ជាតិ
រដ្ឋត្រៀមដីចំនួន៦ ០០៥ឡូត៍នៅរុនតាឯក​ សម្រាប់ពលរដ្ឋដែលត្រូវរុះរើសំ​ណង់​​ខុសច្បាប់នៅ​​តំបន់អង្គរ
19, Aug 2022 , 3:57 pm        
រូបភាព
ពលរដ្ឋផ្តិតមេដៃក្នុងលិខិតស្នាមដីធ្លីរបស់ខ្លួន ដែល​ត្រូវបានចុះវាស់វែងរួច ដោយក្រុមការងារចុះពិនិត្យសកម្មភាពវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ នៅតំបន់១និងតំបន់២ ក្នុងរមណីយដ្ឋានអង្គរ កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។
ពលរដ្ឋផ្តិតមេដៃក្នុងលិខិតស្នាមដីធ្លីរបស់ខ្លួន ដែល​ត្រូវបានចុះវាស់វែងរួច ដោយក្រុមការងារចុះពិនិត្យសកម្មភាពវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ នៅតំបន់១និងតំបន់២ ក្នុងរមណីយដ្ឋានអង្គរ កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។
សៀមរាប៖ រដ្ឋាភិបាល ត្រៀមដីចំនួន ៦ ០០៥ឡូត៍នៅតំបន់រុនតាឯក សម្រាប់ផ្តល់ជូនពល​រដ្ឋ​ដែល​ត្រូវរុះរើសំណង់ខុសច្បាប់ ចេញពីតំបន់អង្គរ។ ពលរដ្ឋដែលអាចទទួលបានដីនៅតំបន់រុនតាឯកនេះ គឺទាល់តែអ្នកជំនាញ និងអាជ្ញាធរពាក់ព័ន្ធ វិនិច្ឆ័យថាមានលក្ខខណ្ឌគ្រប់គ្រាន់​។ លោក ជា សុផា​រ៉ា រដ្ឋមន្ត្រី​ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ​និងជាប្រធានក្រុមការងារតម្រង់ទិស ដោះស្រាយបញ្ហាសំណង់ខុសច្បាប់ក្នុងតំបន់អង្គរ។


រដ្ឋាភិបាល បានត្រៀមដីចំនួន ៦ ០០៥ឡូត៍នៅតំបន់រុនតាឯក សម្រាប់ចែកជូនពលរដ្ឋដែលនឹងត្រូវរុះរើសំណង់ខុសច្បាប់ ចេញពីតំបន់អង្គរ។ នេះបើតាម​លោក ជា សុផា​រ៉ា រដ្ឋមន្ត្រី​ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ​និងជាប្រធានក្រុមការងារតម្រង់ទិស ដោះស្រាយបញ្ហាសំណង់ខុសច្បាប់ក្នុងតំបន់អង្គរ  ថ្លែងក្នុងពិធីបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។
 
យ៉ាងណាក៏ដោយ លោក ជា សុផារ៉ា បានបញ្ជាក់ថា ពលរដ្ឋដែលមានសិទ្ធិទទួលបានដីនៅតំបន់រុនតាឯកនេះ ទាល់តែមានលក្ខខណ្ឌគ្រប់គ្រាន់ ទៅតាមការវិនិច្ឆ័យពីអ្នកជំនាញ និងអាជ្ញាធរពាក់ព័ន្ធដែរ។ ​ «មិនមែនចេះតែឱ្យទេ ទាល់តែមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីឱ្យ។ ហើយកន្លងមក ក៏បងប្អូននៅតាមផ្លូវនៅខេត្តសៀមរាប ដែលយើងធ្វើហេដ្ឋារចនាសម្ព័ន្ធ។ នៅតាមដងស្ទឹង(សៀមរាប) ក៏គាត់នៅទីនោះដែរ(រុនតាឯក)»។ លោក ជា សុផារ៉ា បញ្ជាក់ដូច្នេះ រួចបន្ថែមទៀតថា ដីឡូត៍ដែលរដ្ឋាភិបាលរៀបចំនោះ មានទំហំ ២០ គុណនឹង ៣០ម៉ែត្រ ក្នុងមួយឡូត៍ ជាមួយនឹងការចេញ​ប្លង់កម្មសិទ្ធិឱ្យភ្លាមៗដែរពីអាជ្ញាធរផងដែរ។ 
 

លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំក្រុមការងារចុះពិនិត្យសកម្មភាពវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ នៅតំបន់១និងតំបន់២  នា​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។ 
 
សូមរំឭកថា បច្ចុប្បន្នមានសំណង់ខុសច្បាប់នៅក្នុងរមណីយដ្ឋានអង្គរ មានជិត ៨ ៥០០ករណី​។ លោក ជា សុផារ៉ា បានហៅសំណង់ទាំងនោះថា ជាសំណង់ខុសច្បាប់ ដ៏គួរឱ្យខ្មាសអៀន និងមិនគួរឱ្យកើតមានឡើងនោះទេ។ ជុំវិញយុទ្ធនា​ការចុះវាស់វែង កំណត់​និយាម​កា​ក្បាលដី និង​អត្តសញ្ញាណ​អ្នកកាន់កាប់​ដី និង​សំណង់​ខុសច្បាប់​នេះ អាជ្ញាធរ បានកំណត់​រយៈពេល​ត្រឹមតែ១៥​ថ្ងៃ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៨ ខែសីហា តទៅ​។ ក្រុមការងារនេះ មានជិត៨០០នាក់ ចែកចេញជា៣២​ក្រុម មកពី​ក្រសួង ការិយាល័យ​ជំនាញ ស្ថាប័ន​ជំនាញ និង​មន្ទីរ​រៀបចំ​ដែនដី​ខេត្តកំពង់ចាម កំពង់ធំ សៀមរាប បាត់ដំបង និង​បន្ទាយមានជ័យ៕
 
 

Tag:
 ជា សុផារ៉ា
  សំ​ណង់​​ខុសច្បាប់
  តំបន់អង្គរ
  រុនតាឯក
© រក្សាសិទ្ធិដោយ thmeythmey.com