អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងជើង ច្រានចោលគំនិតផ្តួចផ្តើមរបស់កូរ៉េខាងត្បូងដែលសន្យាជួយសេដ្ឋកិច្ចខ្លួន
19, Aug 2022 , 10:29 pm        
រូបភាព
លោកស្រី Kim Yo-jong ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង និងជាអនុប្រធាននាយកដ្ឋាននៃគណៈកម្មាធិការមជ្ឈិមរបស់បក្សពលករកូរ៉េខាងជើង ថ្លែងសុន្ទរកថាមួយ នៅក្នុងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។ រូបភាព៖ KCNA
លោកស្រី Kim Yo-jong ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង និងជាអនុប្រធាននាយកដ្ឋាននៃគណៈកម្មាធិការមជ្ឈិមរបស់បក្សពលករកូរ៉េខាងជើង ថ្លែងសុន្ទរកថាមួយ នៅក្នុងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។ រូបភាព៖ KCNA
លោកស្រី គីម យ៉ូចុង ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង នៅថ្ងៃទី១៩ ខែសីហា បានច្រានចោលគំនិតផ្តួចផ្តើមរបស់កូរ៉េខាងត្បូងដែលសន្យាជួយសេដ្ឋកិច្ចខ្លួន ក្នុងករណីរដ្ឋាភិបាលក្រុងព្យុងយ៉ាងបោះបង់កម្មវិធីនុយក្លេអ៊ែរចោល។ បើតាមលោកស្រីគីម គម្រោងមួយនេះ គឺមិនសមហេតុផល និងយកគំរូតាមរដ្ឋាភិបាលចាស់ប៉ុណ្ណោះ។

 
ក្នុងខួបទី៧៧ឆ្នាំនៃទិវារំដោះជាតិនៅថ្ងៃទី១៥ ខែសីហា លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង បានដាក់ចេញគម្រោងជួយកែលម្អសេដ្ឋកិច្ចកូរ៉េខាងជើង ក្នុងករណីក្រុងព្យុងយ៉ាងរំសាយកម្មវិធីនុយក្លេអ៊ែរ។ មេដឹកនាំកូរ៉េខាងត្បូងនេះ បានសន្យាជួយពង្រីកផលិតផលកសិកម្ម ធ្វើទំនើបកម្មមន្ទីរពេទ្យ រចនាសម្ព័ន្ធវេជ្ជសាស្រ្ត និងអនុវត្តការវិនិយោគអន្តរជាតិ នៅក្នុងប្រទេសជិតខាងខ្លួនមួយនេះ។ 
 
យ៉ាងណាមិញ គម្រោងខាងលើ មិនត្រូវបានរដ្ឋាភិបាលក្រុងព្យុងយ៉ាងស្វាគមន៍ឡើយ និងចាត់ទុកជារឿងមិនសមហេតុផល រួមទាំងយកតាមគោលនយោបាយរបស់រដ្ឋាភិបាលរបស់លោក Lee Myung-bak  ដែលដឹកនាំកូរ៉េខាងត្បូងនៅចន្លោះឆ្នាំ២០០៨ ដល់២០១៣។ 
 
«គម្រោងរបស់គាត់ គឺគ្មានហេតុផលត្រឹមត្រូវ ដោយវាមិនអាចអនុវត្តបាន»។ លោកស្រី គីម យ៉ូចុង ប្អូនស្រីលោក គីម ជុងអ៊ុន​ អះអាងបែបនេះ។ មន្រ្តីទទួលបន្ទុកកិច្ចការអន្តរកូរ៉េ និងជាអនុប្រធាននាយកដ្ឋាននៃគណៈកម្មាធិការមជ្ឈិមរបស់បក្សពលករកូរ៉េខាងជើង ចាត់ទុកផែនការក្រុងសេអ៊ូលមិនអាចដំណើរការបាន ហើយកូរ៉េខាងជើង នឹងមិនចូលតុចរចាជាមួយកូរ៉េខាងត្បូងឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA។​
 
បន្ថែមពីនេះ លោកស្រីគីម បានថ្លែងពីការបង្ហោះសន្លឹកប័ណ្ណប្រឆាំងក្រុងព្យុងយ៉ាង តាមរយៈបាឡុងធំៗ ចូលមកក្នុងទឹកដីកូរ៉េខាងជើងផង។ ទាក់ទិននឹងបញ្ហានេះ មន្រ្តីកូរ៉េខាងជើង បានចោទកូរ៉េខាងត្បូង បន្តបញ្ជូនសំរាមចូលដីខ្លួន ដែលបង្កឱ្យផ្ទុះជំងឺកូវីដ-១៩ ក្នុងប្រទេស។ 
 
ក្រោយពីការអះអាងលោកស្រីគីម ជុងអ៊ុន ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បានបង្ហាញការសោកស្តាយយ៉ាងខ្លាំង និងចាត់ទុកជាការឆ្លើយតបមិនសមរម្យ ដោយមើលស្រាលគោលបំណងនៃគំនិតផ្តួចផ្តើមនេះ។ លោកស្រី Lee Hyo-jung អ្នកនាំពាក្យរងក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បានអះអាងថា កាយវិការរបស់ក្រុងព្យុងយ៉ាងបែបនេះ មិនត្រឹមតែប៉ះពាល់សន្តិភាពនៅឧបទ្វីបកូរ៉េនោះទេ តែធ្វើឱ្យក្រុងព្យុងយ៉ាងកាន់តែឯកោពីសហគមន៍អន្តរជាតិ រួមទាំងធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនកាន់តែលំបាក។ 
 
ថ្លែងទៅកាន់សមាជិកសភាក្នុងថ្ងៃដដែល រដ្ឋមន្រ្តីបង្រួបបង្រួមកូរ៉េខាងត្បូង លោក Kwon Young-se បានលើកឡើងថា រដ្ឋាភិបាលក្រុងសេអ៊ូល នៅតែបន្តអត់ធ្មត់ ដើម្បីចាប់ផ្តើមកិច្ចចរចាជាមួយក្រុងព្យុងយ៉ាង ឬដាក់សម្ពាធក្នុងករណីចាំបាច់។ 
 
សូមបញ្ជាក់ថា ការច្រានចោលរបស់កូរ៉េខាងជើង លើគំនិតផ្តួចផ្តើមរបស់កូរ៉េខាងត្បូងបែបនេះ អាចធ្វើឱ្យស្ថានការណ៍នៅឧបទ្វីបកូរ៉េ នៅតែបន្តស្មុគស្មាញ ស្របពេលអាម៉េរិក និងសម្ព័ន្ធមិត្ត បានបង្ហាញក្តីបារម្ភថា​ កូរ៉េខាងជើងអាចសាកល្បងនុយក្លេអ៊ែរជាថ្មី បន្ទាប់ពីអាកខានតាំងពីឆ្នាំ២០១៧ ៕ 
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com