កីឡាអន្តរជាតិ
អន្តរជាតិ
អាម៉េរិក ច្រានចោលការទាមទារឱ្យឈប់ផ្តល់ទិដ្ឋាការដល់ជនជាតិរុស្ស៊ី តាមសំណើអ៊ុយក្រែន
23, Aug 2022 , 10:29 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក Ned Price។ រូបថត AFP
អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក Ned Price។ រូបថត AFP
ដោយ:
អាម៉េរិក នៅថ្ងៃទី២២ ខែសីហា បានច្រានចោលសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គីដែលទាមទារឱ្យបស្ចិមលោករឹតបន្តឹងលើការផ្ដល់ទិដ្ឋាការដល់ប្រជាជនរុស្ស៊ីទាំងអស់។ គោលនយោបាយការបរទេសអឺរ៉ុប ក៏មិនគាំទ្រគំនិតនេះដែរ ដោយអះអាងថា ជនជាតិរុស្ស៊ីជាង ៣០ ម៉ឺននាក់ភៀសខ្លួនទៅអឺរ៉ុប ដោយសារតែមិនចង់រស់នៅក្រោមរបបលោក វ៉្លាឌីមៀ ពូទីន។ ប៉ុន្តែរដ្ឋអឺរ៉ុបមួយចំនួនបានបង្ហាញជំហរគាំទ្របម្រាមនេះទៅវិញ។

 
ត្រឹមមួយថ្ងៃទៀតប៉ុណ្ណោះ អ៊ុយក្រែនរងការវាយប្រហារយ៉ាងពេញទីពីសំណាក់រុស្ស៊ីកន្លះឆ្នាំហើយ។ ជិត៦ខែមកនេះ ប្រជាជនស៊ីវិល និងទាហានអ៊ុយក្រែនប្រមាណ១៥០០០នាក់បានបាត់បង់ជីវិត ខណៈរាប់លាននាក់បានភៀសខ្លួនចេញពីប្រទេស។ រុស្ស៊ីថែមទាំងក្តោបក្តាប់បានមួយផ្នែកធំនៃតំបន់ភាគខាងកើត និងខាងត្បូងអ៊ុយក្រែនទៀតផង។ 
 
ខណៈលោកខាងលិចបានដាក់ទណ្ឌកម្ម និងរឹតបន្តឹងទិដ្ឋាការលើមន្ត្រីវិមានក្រេមឡាំងជាច្រើននាក់ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យអាម៉េរិក និងសហភាពអឺរ៉ុប (EU) ឈប់ផ្តល់ទិដ្ឋាការដល់ជនជាតិរុស្ស៊ីទាំងអស់តែម្តង។ 
 
លោក ហ្សេលេនស្គី អះអាងក្នុងបទសម្ភាសជាមួយកាសែត Washington Post នៅដើមខែសីហានេះថា ទណ្ឌកម្មដ៏ល្អបំផុតដើម្បីបញ្ឈប់រុស្ស៊ីពីការកាត់យកទឹកដីអ៊ុយក្រែនបន្ថែមទៀតគឺប្រទេសលោកខាងលិចត្រូវតែបិទព្រំដែនមិនឱ្យប្រជាជនរុស្ស៊ីជាន់ដីតែម្តង។ យ៉ាងណាមិញ សំណើនេះត្រូវបានក្រុងវ៉ាស៊ីនតោនច្រានចោល ខណៈរដ្ឋអឺរ៉ុបខ្វែងគំនិតគ្នាជុំវិញបម្រាមទិដ្ឋាការនេះ។
 
បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Ned Price រដ្ឋបាលលោក បៃដិន បានចេញបម្រាមលើទិដ្ឋាការរបស់មន្រ្តីវិមានក្រេមឡាំងស្រាប់ហើយ។ ក្រុងវ៉ាស៊ីនតោនក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថា ទណ្ឌកម្មទាំងនោះគឺផ្តោតតែលើបុគ្គលណាដែលចូលដៃក្នុងការឈ្លានពានអ៊ុយក្រែនប៉ុណ្ណោះ ហើយមិនលាយឡំជាមួយប្រជាជនរុស្ស៊ីស្លូតត្រង់ទេ។ 
 
«អាម៉េរិកនឹងមិនចង់បិទផ្លូវទៅកាន់កន្លែងជ្រកកោនសុវត្ថិភាពចំពោះអ្នកប្រឆាំងរុស្ស៊ី ឬអ្នកដទៃទៀតដែលងាយរងការបំពានផ្នែកសិទ្ធិមនុស្សទេ»។ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកលើកឡើងបែបនេះក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅថ្ងៃទី២២ ខែសីហា។
 
រីឯនៅអឺរ៉ុបវិញ ប្រធានគោលនយោបាលការបរទេសអឺរ៉ុប លោក Josep Borrell ក៏មិនគាំទ្រសំណើរបស់មេដឹកនាំអ៊ុយក្រែនដូចអាម៉េរិកដែរ។ ថ្លែងពីអេស្ប៉ាញ លោក Borrell និយាយថា ការហាមឃាត់ប្រជាជនរុស្ស៊ីទាំងអស់ពីការចូលដែនដី EU មិនមែនជាគំនិតល្អទេ។ រដ្ឋមន្រ្តីការបរទេស EU នឹងពិភាក្សាពីបម្រាមនេះនៅទីក្រុងប្រាក ទឹកដីឆែក សប្តាហ៍ក្រោយ។ 
 
យ៉ាងណាមិញ កិច្ចចរចារវាងប្រមុខការទូត EU នេះទំនងជាមិនដំណើការដោយរលូនឡើយ ពីព្រោះរដ្ឋអឺរ៉ុបមួយចំនួនដូចជា រដ្ឋបាល់ទិក ហ្វាំងឡង់ សាធារណរដ្ឋឆែកគាំទ្រវិធានការនេះយ៉ាងពេញទំហឹង ខណៈស៊ីប ក្រិក និងអាល្លឺម៉ង់ បង្ហាញពីជំហរប្រឆាំង៕
 
 
 
 

Tag:
 អាម៉េរិក
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com