កីឡាអន្តរជាតិ
អន្តរជាតិ
Bruno៖ ចេញ ឬនៅ គ្រប់គ្នានឹងឮការសម្រេចចិត្តពី Ronaldo ផ្ទាល់ឆាប់ៗ!
24, Aug 2022 , 12:29 pm        
រូបភាព
រឿងរ៉ាវអនាគតខ្សែប្រយុទ្ធ ​Cristiano Ronaldo ជាមួយក្រុមបិសាចក្រហម Manchester United កំពុងស្ថិតក្នុងភាពងឿងឆ្ងល់ពីសំណាក់មហាជន ក្នុងវិស័យបាល់ទាត់ជុំវិញពិភពលោក។ Bruno Fernandes ជាមិត្តរួមក្រុម អះអាងកាលពីថ្ងៃទី២៣ ខែសីហាថា ការសម្រេចចិត្តចេញ ឬក៏នៅ គ្រប់គ្នានឹងឮពី Ronaldo ផ្ទាល់ឆាប់ៗនេះ។

 
នាការប្រកួតបិសាចក្រហមឈ្នះលើ Liverpool លទ្ធផល ២-១ ថ្ងៃទី២២ ខែសីហា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់មិនបានបង្ហាញខ្លួនសម្រាប់ជម្រើស ១១នាក់ដំបូងឡើយ ដោយបានផ្លាស់ប្តូរចូលលេងត្រឹមតែ ៤នាទីប៉ុណ្ណោះ នៅនាទីថែមបង្គ្រប់។ ទាក់ទងទៅអនាគតខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ ទៀតសោត Bruno ដែលជាកីឡាកររួមក្រុមជម្រើសជាតិជាមួយគ្នា បានបង្ហើបថា រូបគេដឹងពីការសម្រេចចិត្ត Ronaldo រួចទៅហើយ ។ ប៉ុន្តែខ្សែបម្រើរូបនេះហាក់មិនចង់និយាយអ្វីបន្ថែមទាក់ទងរឿង ​Ronaldo ឱ្យជ្រៅជាងនេះឡើយ។
 
ប្រាប់ទៅកាសែត​ Eleven Sports ក្រោយទទួលជ័យជម្នះលើកដំបូងនេះ ខ្សែបម្រើវ័យ ២៧ឆ្នាំនិយាយថា រឿងអនាគត Ronaldo មានការរំពឹងទុកផ្សេងគ្នា ។ Bruno ក៏អះអាងថា Ronaldo នឹងនិយាយដោយខ្លួនគេផ្ទាល់។
 
«វាមានការរំពឹងទុកខុសៗគ្នាច្រើន ខ្ញុំអាចជាមនុស្សម្នាកដឹងរឿងមួយ ប៉ុន្តែខ្ញុំមិនមែនជាអ្នកដែលគួរនិយាយពីវាឡើយ ហើយសម្រាប់ពេលនេះគាត់ជាកីឡាករ Man United ខ្ញុំបានត្រឹមនិយាយថា ខ្ញុំមិនដឹងថាអនាគតគាត់ស្នាក់នៅបន្ត ឬចាកចេញឡើយ។ ដូចទៅអ្វីដែលគាត់ធ្លាប់និយាយ កាត់នឹងនិយាយពីរឿងនេះឆាប់ៗ ហើយគ្រប់គ្នានឹងឮពាក្យទាក់ទងនិងរឿងនេះ និងអ្វីដែលគាត់ត្រូវនិយាយ យើងតែងតែគោរពការសម្រេចចិត្តរបស់គាត់នូវអ្វីដែលគាត់ចង់ធ្វើ និងអ្វីដែលគាត់ចង់បាន។»។​ នេះជាសម្តីរបស់ Bruno។
 
ក្រោមការដឹកនាំរបស់លោក Erik ten Hag ខ្សែប្រយុទ្ធម្ចាស់ Ballon d’Or ៥លើក មិនសូវទទួលបានពេលវេលាលេងគ្រប់គ្រាន់ប៉ុន្មានឡើយនៅ Man United ពេលនេះ។ ​Ronaldo បានចាប់ផ្តើមជម្រើស ១១នាក់ដំបូង កាលប្រកួតសប្តាហ៍ទីពីរ ទល់ Brentford ប៉ុន្តែក្រុមទទួលបានលទ្ធផលមិនល្អ ដោយចាញ់ក្នុងលទ្ធផល ៤-០។
 
រឿងអនាគត Ronaldo ក្លាយជាព័ត៌មានដ៏ក្តៅមួយរយៈពេល ២ខែចុងក្រោយនេះ ខ្សែប្រយុទ្ធរូបនេះនៅមិនទាន់អាចរំពឹងថា នឹងមានក្លិបចាប់អារម្មណ៍ស្នើទិញរូបគេពី Man United ឡើយ ខណៈដែលលោក ​Ten Hag ជាអ្នកចាត់ការព្យាយាមឃាត់ Ronaldo ជារឿយៗ។ រាល់ពេលត្រូវបានកាសែតសួរនាំពីរឿង​ Ronaldo នេះ អ្នកចាត់ការវ័យ ៥២ឆ្នាំតែងតែនិយាយថា Ronaldo មិនសម្រាប់លក់ទៅឱ្យក្លិបណាឡើយ។
 
សូមជម្រាបថា ទីផ្សារដោះដូរកីឡាករ​ នឹងបិទនៅថ្ងៃទី១ ខែកញ្ញា ​ខណៈពេលនេះគ្មានក្លិបណាមួយឡើយ ដែលស្នើទិញ Ronaldo ពីក្រុមបិសាចក្រហម៕
 
 

Tag:
 Bruno Fernandes
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com