កីឡាអន្តរជាតិ
អន្តរជាតិ
លីគបាល់ទាត់អ៊ុយក្រែន ចាប់ផ្ដើមប្រកួតជាថ្មី ក្រោយខកខាន២៥៤ថ្ងៃ
24, Aug 2022 , 3:29 pm        
រូបភាព
ការប្រកួតលីគកំពូលអ៊ុយក្រែន ​ (UPL) បានវិលត្រលប់មកការប្រកួតវិញក្រោយខកខានរយៈពេល ២៥៤ថ្ងៃ។ នាថ្ងៃទី២៣ ខែសីហា​ ក្រុម Shaktar Donetsk ជាក្រុមខ្លាំងមួយប្រចាំអ៊ុយក្រែនប្រកួតបានត្រឹមលទ្ធផលស្មើ ០-០ ទល់នឹង ​Metalist 1925។

 
នារដូវកាល ២០២១-២២ UPL ត្រៀមចាប់ផ្ដើមការប្រកួតទៅហើយ ប៉ុន្តែការប្រកួតទាំងអស់ត្រូវបានផ្អាកជាបន្ទាន់ ក្រោយពេលមានការវាយលុកពីសំណាក់រុស្ស៊ីនៅថ្ងៃទី២៤ ខែកុម្ភៈ។ ព្រោះតែជម្លោះមិនថមថយ UPL ត្រូវបញ្ចប់រដូវកាលមុនកំណត់ កាលចុងខែមេសា ហើយក្រុមទាំងអស់លេងបានត្រឹមតែ១៨ប្រកួតប៉ុណ្ណោះ ឯការប្រកួតអន្តរជាតិនានាក៏បានផ្អាក។
 
ថ្ងៃទី២៣ ខែសីហា លីគកំពូលអ៊ុយក្រែនក៏ចាប់ផ្ដើមឡើងវិញ។ នាជំនួបដំបូង Shaktar Donetsk ដែលជាក្រុមនាំមុខកំពូលតារាងរដូវកាលមុន ប្រកួតស្មើ ០-០​ ជាមួយក្រុម Metalist 1925 ដែលទើបតែឡើងមកពីលីគលំដាប់ទីពីរ។ ក្រុម KC Kolos Kovalivka ឈ្នះលើក្រុម Kryvbas ១-០ ចំណែកឯក្រុម Veres Rivne ឈ្នះ Chornomorets Odessa លទ្ធផល ១-០ ខណៈដែលក្រុម ​Zorya ឈ្នះ ៣-១ លើក្រុម ​Vorskla។ 
 
រាល់ការប្រកួតនៃលីគអ៊ុយក្រែនទៀតសោត មិនត្រូវបានអនុញ្ញាតឱ្យមានអ្នកទស្សនាឡើយ ហើយកីឡដ្ឋានដែលរៀបចំការប្រកួតទាំងនោះ ត្រូវមានសុវត្ថិភាព។ ស៊ីរ៉ែនបញ្ជាក់ពីការវាយប្រហារពីលើអាកាស ក៏ត្រូវបានត្រៀមប្រើប្រាស់ជានិច្ចរាល់ពេលមានការវាយប្រហារណាមួយកើតឡើងអំឡុងការប្រកួតដែរ៕
 


Tag:
 Ukraine Football
© រក្សាសិទ្ធិដោយ thmeythmey.com