កីឡាអន្តរជាតិ
អន្តរជាតិ
​​​សហព័ន្ធបាល់ទាត់ឥណ្ឌា ស្នើសុំ FIFA ដកការពិន័យ
25, Aug 2022 , 9:29 am        
រូបភាព
រូបភាព៖ Alarabiya News
រូបភាព៖ Alarabiya News
សហព័ន្ធបាល់ទាត់ឥណ្ឌា (AIFF) ស្នើសុំសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ឱ្យដកការពិន័យព្យួររាល់សកម្មភាពប្រកួតរបស់ខ្លួនវិញ។ នេះបើតាមទីភ្នាក់ងារ Reuters ថ្ងៃទី២៤ ខែសីហា។



រឿងហេតុនៃការផ្អាកសកម្មភាព AIFF ពី FIFA នេះក៏ព្រោះដោយសារតែតុលាការជាន់ខ្ពស់ឥណ្ឌាកាលពីខែឧសភា បានសម្រេចរំសាយការគ្រប់គ្រងសហព័ន្ធបាល់ទាត់ឥណ្ឌា (AIFF) ដែលមានលោក Praful Patel ជាប្រធាន ហើយតែងតាំងគណកម្មាធិការ ៣រូបថ្មី​ដើម្បីដឹកនាំប្រតិបត្តិការកែប្រែធម្មនុញ្ញរបស់សហព័ន្ធឱ្យស្របតាមការកំណត់របស់រដ្ឋាភិបាលប្រទេសនេះ។
 
កាលថ្ងៃទី១៦​ ខែសីហា FIFA បានប្រកាសដាក់ពិន័យលើ AIFF ដោយព្យួររាល់ការប្រកួតដែលមានទាំងអស់របស់ក្រុមជម្រើសជាតិប្រទេសឥណ្ឌាគ្រប់ឈុតប្រកួត។ FIFA ចោទថាមានការតែងតាំងគណកម្មាធិការគ្រប់គ្រង AIFF ថ្មី ដោយមានការជ្រៀតជ្រែកពីភាគីទីបី ដែលប៉ះដល់លក្ខន្តិកៈរបស់ FIFA ។
 
មិនចង់មានជម្លោះជាមួយ FIFA កាលថ្ងៃទី២២ ខែសីហា តុលាការកំពូលឥណ្ឌា បានប្រកាសសម្រេចលុបចោលការគ្រប់គ្រងរបស់គណៈកម្មាធិការថ្មីនោះវិញ ហើយតុលាការក៏ប្រគល់សិទ្ធិគ្រប់គ្រងស្ថាប័នមួយនេះលើកិច្ចការបាល់ទាត់ឱ្យស្ថិតក្រោមការកាន់កាប់ពីសំណាក់មន្រ្តីសហព័ន្ធ AIFF វិញដែរ។
 
តាមលិខិតមួយផ្ញើទៅអគ្គលេខាធិការ FIFA លោក Fatma Samoura នៅថ្ងៃទី២៣ ខែសីហា AIFF បានស្នើសុំឱ្យ FIFA ដកការព្យួរសកម្មភាពបាល់ទាត់ដែលធ្លាប់បានប្រកាសហាមឃាត់តាំងពីថ្ងៃ១៦ ចេញវិញ។
 
«យើងបានដាក់ពាក្យស្នើទៅ FIFA […] ដើម្បីឱ្យពិចារណាលើការសម្រេចចិត្តព្យួរសកម្មភាពទាំងអស់របស់ AIFF ឡើងវិញ។ ចាប់តាំងពីមានលក្ខខណ្ឌដែលបានចែកក្នុងលិខិតរបស់អ្នកក្នុងការផ្អាកសកម្មភាពនេះ យើងស្នើសុំឱ្យមានការអនុម័តជាបន្ទាន់នូវបទបញ្ជាដ៏មានប្រសិទ្ធភាពណាមួយសម្រាប់ AIFF ដើម្បីអាចបន្តដំណើរការបាល់ទាត់នៅប្រទេសឥណ្ឌាឡើងវិញ។» នេះបើតាមលិខិតបានផ្ញើទៅកាន់ FIFA។
 
ក្រោមវិធានការរបស់ FIFA AIFF មិនអាចចូលរួមប្រកួត AFC Asian Cup 2023 បានទេ ហើយត្រូវជំនួសវិញដោយហ្វីលីពីន។ ការប្រកួតមិត្តភាពជាមួយវៀតណាម ក៏លុបចោល ហើយសម្រាប់ ជើងឯកលីគ ក៏មិនអាចមានចូលរួមប្រកួត ជាមួយក្រុមផ្សេងទៀត ក្នុងព្រឹត្តិការណ៍ AFC Championship ​ដែរ។ ការធ្វើជាម្ចាស់ផ្ទះ FIFA U-17 Women's World Cup នឹងត្រូវប្ដូរម្ចាស់ផ្ទះថ្មី៕
 

Tag:
 AIFF
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com