កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ីលីទាមទារ FIFA ពន្លឿនការដោះលើបញ្ហាអេក្វាឌ័រក្លែងបន្លំកីឡាករលេងវគ្គជម្រុះ World Cup
24, Aug 2022 , 10:29 pm        
រូបភាព
សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) គួរតែពន្លឿនការឆ្លើយតបលើបណ្តឹងឧទ្ធរណ៍ដែលរកឃើញថា អេក្វាឌ័របានក្លែងបន្លំកីឡាករក្នុងវគ្គជម្រុះដណ្តើមកៅអី ​World Cup ទ្វីបអាម៉េរិកខាងត្បូង (CONMEBOL) តាមអ្វីដែលសហព័ន្ធបាល់ទាត់ស៊ីលី ​(ANPF) រកឃើញ។ នេះបើតាម CFA ថ្ងៃទី២៣ ខែសីហា។

 
ANPF កាលពីថ្ងៃទី១០ ខែមិថុនា បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ប្រឆាំងការសម្រេចចិត្ត FIFA ដែលសម្រេចចិត្តច្រានចោលការមិនដោះស្រាយលើពាក្យបណ្តឹងដែលស៊ីលីចោទថា ក្រុមជម្រើសជាតិអេក្វាឌ័របានក្លែងបន្លំកីឡាករពេលវគ្គប្រកួតជម្រុះក្នុងតំបន់រហូតអាចឈ្នះកៅអី World Cup នៅប្រទេសកាតា។ អេក្វាឌ័រដណ្តើមបានតំណែងលេង៤ ពីវគ្គជម្រុះទ្វីបអាម៉េរិកខាងត្បូងមាន ២៦ពិន្ទុ ឈ្នះកៅអីស្វ័យប្រវត្តិ World Cup។ 
 
ANFP និយាយថា ខ្លួនមានភស្ដុតាងគ្រប់គ្រាន់បង្ហាញថាកីឡាករ ​​​Byron Castillo លេងឱ្យក្រុមជម្រើសជាតិអេក្វាឌ័រ មានដើមកំណើតនៅទីក្រុង ​Tumaco ប្រទេសកូឡាំប៊ី ក្នុងឆ្នាំ ១៩៩៥ ហើយរូបគេមិនមែនជាប្រជាជនអេក្វាឌ័រដែលកើតក្នុងទីក្រុង Villamil Playas ឆ្នាំ ១៩៩៨ ដូចទៅនឹងឯកសាររបស់ប្រទេសអេក្វាឌ័រឡើយ។ Castillo លេងបាន ៨ប្រកួតចុងក្រោយឱ្យអេក្វាឌ័រ ពីចំណោម ១៨ប្រកួតដែលពួកគេលេងនៅវគ្គជម្រុះ World Cup កាតា។
 
ទាក់ទង់បញ្ហានេះ ​FIFA បាននិយាយថា សហព័ន្ធបានត្រួតពិនិត្យលើសំណើររបស់គ្រប់ភាគីពាក់ព័ន្ធ ហើយបានពិចារណាសម្រេចថា មិនមានការចាត់វិធានការអ្វីឡើយ។ ចំណែក ANPF ពេលនេះបានឱ្យដឹងថា ពាក្យប្តឹងឧទ្ធរណ៍ការសេម្រេចចិត្ត ​​​FIFA តាំងថ្ងៃទី១ ខែកក្កដា ប៉ុន្តែគ្មានការឆ្លើយតបពី FIFA។
 
«យើងពិតជាមានការព្រួយបារម្ភចំពោះការពន្យាពេលលើនីតិវិធីនេះ បញ្ហានេះអាចក្លាយជាការប៉ះពាល់ដល់ការប្រកួតពានរង្វាន់ World Cup នាចុងឆ្នាំ ២០២២ នេះ ដូច្នេះយើងរំពឹងថានឹងមានដំណោះស្រាយ និងវិធានការទាន់ពេលពី FIFA។ តាំងពីថ្ងៃទី១ ខែកក្កដា យើងបានដាក់ពាក្យប្តឹងឧទ្វរណ៍ទៅ FIFA ចំពោះបញ្ហាកីឡាករអេក្វាឌ័រដែលធ្វើឱ្យប៉ះពាល់ដល់ការប្រកួត តែមកដល់ពេលនេះគ្មានចម្លើយអ្វីមួយឡើយ។»។ លោក Jorge Yunge ប្រធាន ANPF ប្រាប់ទីភ្នាក់ងារ Reuters តាមរយៈប្រព័ន្ធអ៊ីម៊ែលបែបនេះ។
 
គួររំលឹកថាស៊ីលីមិនឈ្នះកៅអី World Cup នៅកាតានាចុងឆ្នាំ ២០២២ ឡើយ ព្រោះបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ៧ មាន ១៩ពិន្ទុ ក្នុងពូលនៃទ្វីបអាម៉េរិកខាងត្បូង CONMEBOL។ មានតែប្រេស៊ីល អាហ្សង់ទីន អ៊ុយរូហ្គាយ និងអេក្វាឌ័រ ដែលឈ្នះកៅអីស្វ័យប្រវត្តិ។ ចំណែកប៉េរូ ឈ្នះកន្លះកៅអីប្រកួត Play-off អន្តរទ្វីបដណ្តើមមួយកៅអីទៅ World Cup ត្រូវខកចិត្តបាត់បង់ឱកាសក្រោយចាញ់ក្រោមថ្វីជើងក្រុមអូស្ត្រាលី៕
 
 
 
 

Tag:
 Chile
  FIFA
  CONMEBOL
© រក្សាសិទ្ធិដោយ thmeythmey.com