កីឡាអន្តរជាតិ
អន្តរជាតិ
Zinchenko ៖​ លីគបាល់ទាត់ក្នុងស្រុកវិលត្រលប់វិញ ពិតជាសំខាន់សម្រាប់ប្រជាជនអ៊ុយក្រែន
26, Aug 2022 , 8:29 am        
រូបភាព
ខ្សែការពារស្លាបឆ្វេងក្រុម ​Arsenal Oleksandr Zinchenko ថ្ងៃទី២៤ ខែសីហា បាននិយាយថា ការវិលត្រលប់នៃលីគបាល់ទាត់អ៊ុយក្រែន​ ពិតជាសំខាន់សម្រាប់ប្រជាជនអ៊ុយក្រែនទាំងមូល។

 
លីគបាល់ទាត់អ៊ុយក្រែន (​UPL) បានវិលត្រលប់មកកាន់ការប្រកួតវិញក្រោយខកខានរយៈពេល ២៥៤ថ្ងៃ ហើយថ្ងៃប្រកួតបើកឆាកក្រុម Shakhtar Donetsk ជាក្រុមឈរកំពូលតារាងរដូវកាលចាស់ប្រកួតស្មើក្រុម Metalist 1925 ដែលទើបឡើងមកពីលីគទីពីរ។  UPL ត្រូវបានបញ្ចប់រដូវកាល២០២១-២០២២បន្ទាន់ ក្រោយប្រកួតបានត្រឹមតែ​ ១៨លើក ព្រោះតែបញ្ហាការឈ្លានពីសំណាក់រុស្ស៊ី កាលពីខែកុម្ភៈ ២០២២។
 
បាល់ទាត់ក្នុងប្រទេសអ៊ុយក្រែន បានវិលត្រលប់មកប្រកួតពេញលេញជាធម្មតា ដោយមិនអនុញ្ញាតឱ្យមានអ្នកទស្សនាក្នុងទីលានឡើយ ហើយរាល់ការប្រកួត ត្រូវធ្វើឡើងនៅក្នុងទីក្រុងគៀវ និងភាគខាងលិចនៃប្រទេសអ៊ុយក្រែន ដែលជាតំបន់ជំរកភៀសខ្លួន។ ស៊ីរែនការពារការវាយប្រហារតាមផ្លូវអាកាស ត្រូវបានប្រើប្រាស់រាល់ការប្រកួតដើម្បីផ្តល់ដំណឹង។
បើទោះជាជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនមិនទាន់ថមថយក្តី កីឡាករ Zinchenko បង្ហាញភាពជឿជាក់ថា ការវិលត្រលប់នៃលីគបាល់ទាត់នេះ ជាការជំរុញទឹកចិត្តដល់ប្រជាជនអ៊ុយក្រែនទាំងមូល។
 
«វាពិតជាសំខាន់សម្រាប់ប្រទេស និងប្រជាជនអ៊ុយក្រែនទាំងមូល ព្រោះគ្មាននរណាម្នាក់បានត្រៀមខ្លួនរួចរាល់ សម្រាប់កាលៈទេសៈនេះឡើយ។ […] ខ្ញុំដឹងថា បើទោះជាមិនមានបរិក្ខារល្អដូចមុន ប៉ុន្តែយើងត្រូវការឱ្យវាបន្តទៅមុខទៀត ហើយរឿងនេះពិតជាសំខាន់ សម្រាប់ប្រជាជនអ៊ុយក្រែនទាំងមូល ខ្ញុំមិនអាចរងចាំបានឡើយ ខ្ញុំពិតជាចង់ទស្សនាការប្រកួតណាស់ ប្រសិនបើអាច។»។ អតីតកីឡាករ Manchester City និយាយបែបនេះ។
 
Zinchenko នឹងត្រូវជួយក្រុមកាំភ្លើងធំ ​Arsenal ស្វាគមន៍ក្រុម ​Fulham សម្រាប់ព្រឹត្តិការណ៍ Premier League សប្តាហ៍ទីបួន ក្រោយផ្ទេរមកកាន់ទឹកដី Emirate ។ Zinchenko បានបង្ហាញទម្រង់លេងបានល្អជួយក្រុមរកបាន ៩ពិន្ទុ ក្រោយឆ្លងកាត់បីប្រកួតដំបូងនាដើមរដូវកាល៕
 

Tag:
 Oleksandre Zinchenko
  Ukraine
© រក្សាសិទ្ធិដោយ thmeythmey.com