កីឡាអន្តរជាតិ
អន្តរជាតិ
​UCL ៖ Lewandowski ត្រូវជួយBarca តទល់ក្រុមចាស់ខ្លួន ​Bayern
26, Aug 2022 , 11:59 am        
រូបភាព
Barcelona, Bayern Munich, Inter Milan នឹងក្លាយជាជំនួបដ៏កក្រើកស្ថិតក្នុងពូល ​C នៃពានរង្វាន់ ​UEFA Champions League ឆ្នាំនេះ ក្រោយការចាប់ពូលបានបញ្ចប់នៅរាត្រីថ្ងៃទី២៥ ខែសីហារួចមក។

 
ក្រុមយក្សប្រចាំតំបន់អឺរ៉ុប Barca និង Bayern Munich សុទ្ធតែធ្លាប់បានលើកពានរង្វាន់ក្លិបកំពូលតំបន់អឺរ៉ុបនេះច្រើនដងដូចគ្នា។ ក្នុងនោះ Barcelona ជាម្ចាស់ UCL ៥សម័យ ខណៈ Bayern Munich ម្ចាស់ UCL ៦សម័យ។ ស្ថិតក្នុងពូល C នេះទៀតសោតក៏ចូលរួមប្រកួតប្រជែងដោយក្រុមជើងឯក ​Serie A រដូវកាល ២០២០-២១ Inter Milan និងក្រុម Viktoria Plzen ទើបឈ្នះកៅអីពីវគ្គជម្រុះ ​Play-Off។
 
រដូវកាល ២០១៩​​-​២០ Bayern Munich ធ្លាប់យកឈ្នះ Barca ក្នុងវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ UCL នេះ ដោយលទ្ធផលរហូតដល់ទៅ ៨-២ ។ ជួបគ្នាជាថ្មីម្តងទៀតនៅវគ្គចែកពូល រដូវកាលមុន Barca មិនអាចយកឈ្នះលើ Bayern បានឡើងដោយត្រូវ Bayern Munich បំបាក់ដោយលទ្ធផល ៣-០ ទាំងពីរជើងតែម្តង។ 
 
សម្រាប់ការជួបគ្នាលើកនេះ ខ្សែប្រយុទ្ធ Robert Lewandowski ដែលធ្លាប់ជួយ Bayern បំបាក់ Barca នោះ ត្រូវមកជួយក្លិបអ្នកមានបុណ្យនៅអេស្ប៉ាញនេះវិញ ។
 
ទន្ទឹមនឹងនេះ ម្ចាស់ការពារតំណែងជើងឯក Real Madrid ស្ថិតក្នុងពូលមិនជាលំបាកខ្លាំងឡើយ ដោយមានក្រុម RB Leipzig, Shakhtar Donetsk និងក្រុម Celtic ប៉ុណ្ណោះនៃពូល F។ កាលរដូវកាលមុន Real Madrid អាចឡើងដល់វគ្គផ្តាច់ព្រ័ត្រហើយយកឈ្នះលើក្រុម Liverpool គ្រងជើងឯក UCL លើកទី១៤ របស់ខ្លួន។
 
រដូវកាលនេះ Liverpool ស្ថិតក្នុងពូល A ដែលចូលរួមពីក្រុម Ajax Amsterdam, SSC Napoli និង Rangers ក្រុមកំពុងមានទម្រង់លេងគួរភ្ញាក់ផ្អើល។
 
ចំណែកក្រុមផ្សេងទៀត Manchester City ទទួលបានខ្សែប្រយុទ្ធ Erling Haaland កំពុងសម្លឹងមើលការប្រជែងពានរង្វាន់ទីមួយអឺរ៉ុបនេះជាថ្មីម្តងទៀត ក៏ប៉ុន្តែវាសនារបស់ Haaland ក៏មិនខុសពី ​Lewandowski ឡើយ ដោយរូបគេត្រូវជួបក្រុមចាស់ ​Borussia Dortmund វគ្គចែកពូលនេះ។ Man City ស្ថិតក្នុងពូល G ដែលមាន ​Sevilla, Dortmund និង Copenhagen FC។
 
ដោយឡែក ​Tottenham Hotspur ត្រូវជួបតតាំងជាមួយក្រុមម្ចាស់ជើងឯក Europa League រដូវកាលមុន Eintracht Frankfurt ខណៈដែលមានការចូលរួមពី Sporting CP និងក្រុមខ្លាំងមកពីបារាំង Olympique de Marseille ក្នុងពូល D ជាមួយគ្នា។
 
Chelsea ម្ចាស់ UCL ២សម័យក៏ត្រូវជួបក្រុមម្ចាស់ UCL ៧សម័យ AC Milan ហើយក៏ជាក្រុមការពារតំណែងលីគកំពូល Serie A ផងដែរ ស្ថិតក្នុងពូល E ជាមួយគ្នា Chelsea និង AC Milan ក៏មានការចូលរួមពីក្រុម FC Salzburg និង Dimano Zagreb។
 
ចំណែក Paris Saint Germain កំពុងបង្ហាញទម្រង់លេងដ៏គួរឱ្យភ័យខ្លាចដែល Neymar, Kylian Mbappe និង Lionel Messi កំពុងមានទម្រង់លេងល្អឡើងវិញជាដៃគូតំបន់ប្រយុទ្ធ។ ប៉ុន្តែ PSG មិនងាយស្រួលឡើយដោយត្រូវជួប Juventus, SC Benfica និង Maccabi Haifa នៃជំនួបពូល H។ ខណៈដែលពូល B ក្រុម Atletico Madrid, FC Porto,​​ Bayer Leverkusen និង Club Brugge ត្រូវប្រជែងគ្នាដណ្តើមកៅអីវគ្គបន្ទាប់។
 
ខាងក្រោមនេះជាក្រុមដែលស្ថិតក្នុងពូលនីមួយៗ៖
Group A
Ajax, Liverpool, Napoli, Rangers
Group B
Porto, Atletico Madrid, Bayer Leverkusen, Club Brugge
Group C
Bayern Munich, Barcelona, Inter Milan, Viktoria Plzen
Group D
Eintracht Frankfurt, Tottenham, Sporting, Marseille
Group E
AC Milan, Chelsea, FC Salzburg, Dinamo Zagreb
Group F
Real Madrid, RB Leipzig, Shakhtar Donetsk, Celtic
Group G
Manchester City, Sevilla, Borussia Dortmund, FC Copenhagen
Group H
Paris Saint-Germain, Juventus, Benfica, Maccabi Haifa៕
 
 
 
 

Tag:
 Barcelona
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com