កីឡាអន្តរជាតិ
អន្តរជាតិ
Benzema ប្រជែងឈ្នះពានកីឡាករល្អឯកប្រចាំឆ្នាំតំបន់អឺរ៉ុបពី De Bruyne និង Courtois
26, Aug 2022 , 4:32 pm        
រូបភាព
ខ្សែប្រយុទ្ធ Karim Benzema និងជាប្រធានក្រុមរបស់ Real Madrid ថ្ងៃទី២៥ ខែសីហា ក្លាយជាកីឡាករឈ្នះពានរង្វាន់កីឡាករល្អឯកប្រចាំតំបន់អឺរ៉ុប ឬ UEFA Man’s Player of Year 2021-22។ Benzema ប្រជែងឈ្នះមិត្តរួមក្រុម Thibaut Courtois និងខ្សែបម្រើ Kevin De Bruyne របស់ Manchester City។

 
មិនត្រឹមតែពានរង្វាន់ឯកត្តជន UEFA ឡើយ Benzema ក៏ត្រូវបានមជ្ឈដ្ឋានបាល់ទាត់ទូទាំងពិភពលោករំពឹងថាក៏នឹងអាចឈ្នះពានរង្វាន់ Ballon d’Or សម្រាប់ឆ្នាំនេះ។ 
 
Benzema រដូវកាល ២០២១-២២ គឺជាកីឡាករដែលស៊ុតគ្រាប់បាល់ច្រើនជាងគេនៅក្នុង Champions League និងលីគ La Liga ។ រដូវកាលមុន Benzema និង ​Vinicius JR ក្លាយជាដៃគូដ៏គ្រោះថ្នាក់ សម្រាប់ក្រុមដទៃដែលបានជួប Real Madrid។​ 
 
រដូវកាលមុន Benzema ស៊ុតបាល់បញ្ចូលទី ៤៤គ្រាប់ ក្នុងចំណោម ៤៦ប្រកួតគ្រប់កម្មវិធីប្រកួត ហើយជួយ Real Madrid ឈ្នះជើងឯក Champions League លើកទី១៤។ សម្រាប់ La Liga ខ្សែប្រយុទ្ធរូបនេះស៊ុតបាន ២៧គ្រាប់ ពីចំណោម ៣២ប្រកួតឱ្យ Real Madrid និង ១៥គ្រាប់នៅ១២ ប្រកួតក្នុង Champions League។
 
ទន្ទឹមនឹងនេះលោក ​​Carlo Ancelotti ជាអ្នកចាត់ការ Real Madrid ក៏ទទួលបានពានជាគ្រូបង្វឹកល្អប្រចាំឆ្នាំ ឬ UEFA Man’s Coach of The Year ដោយយកឈ្នះលើលោក Pep Gaurdiola អ្នកចាត់ការក្រុម Man City និងលោក Jurgen Klopp គ្រូបង្វឹកក្រុម​ Liverpool។
 
លើសពីនេះកីឡាករ Benzema វ័យ ៣៤ឆ្នាំសញ្ជាតិបារាំង ឆ្នាំនេះ ក៏ស្ថិតក្នុងចំណោមកីឡាករ ៣០រូបផ្សេងទៀតដែលត្រូវបានជ្រើសរើសប្រជែងពានរង្វាន់ Ballon d’Or កាលពីដើមខែសីហានេះ។ ក្នុងចំណោមកីឡាករដែលបានជ្រើសរើសនោះ គ្មានឈ្មោះរបស់តារាឆ្នើម Lionel Messi ឡើយ។
 
សម្រាប់ការប្រកាសអ្នកឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំនេះ ក៏នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៧ ខែតុលា មុនការប្រកួត World Cup នៅកាតា និងស្ថិតនៅចំពាក់កណ្តាលរដូវកាលនៃ La Liga៕
 
 

Tag:
 Karim Benzema
  UEFA Man’s Player of Year
© រក្សាសិទ្ធិដោយ thmeythmey.com