កីឡាអន្តរជាតិ
អន្តរជាតិ
មិនទាន់បិទទ្វារទិញដូរផង EPL បំបែកកំណត់ត្រាផ្ទេរកីឡាករ ១,៧១​ពាន់​លាន​ដុល្លារទៅហើយ
27, Aug 2022 , 8:30 am        
រូបភាព
ក្លិប​កីឡាបាល់ទាត់នៅ​ក្របខណ្ឌ Premier League បំបែកកំណត់ត្រាការ​ចំណាយលើកការផ្ទេរកីឡាករច្រើនបំផុតក្នុង​ចំនួន ១,៥០ ពាន់​លាន​ផោន (១,៧៧ពាន់​លាន​ដុល្លារ​អាម៉េរិក​) នៅរដូវកាល ២០២២-២៣នេះ ទាំងទីផ្សារទិញដូរកីឡាករមិនទាន់បិទ។


បើ​យោងតាម​របាយការណ៍រ​បស់​ក្រុមហ៊ុន​ហិរញ្ញវត្ថុ Deloitte លីគកំពូលអង់គ្លេសបានចំណាយប្រាក់ ១,៧៧ពាន់​លាន​ដុល្លារ រួចហើយ លើការផ្ទេរកីឡាកររដូវកាលនេះ ដែលកើនលើសកំណត់ត្រាចាស់កាលពីឆ្នាំ២០១៧ ដែលចំណាយអស់ ១,៦៦ពាន់លានដុល្លារ។
 
ការចំណាយផ្ទេរកីឡាករ ទំនង់កើនឡើងបន្ថែមទៀត ដ្បិតការដោះដូររដូវកាល ២០២២-២៣នេះ ត្រូវបិទបញ្ចប់នៅយប់ថ្ងៃទី១ ខែកញ្ញាឯណោះ។
 
បើគិតត្រឹមវេលាដូចគ្នានេះកាលពីឆ្នាំមុន EPL បានចំណាយអស់ ១០៥៨លានដុល្លារ និងបន្តរហូតដល់ថ្ងៃបិទទីផ្សារទិញដូរដែលកើនដល់ ១,៣០ពាន់លានុដល្លារ។
 
បើតាមការអះអាងរបស់លោក Chris Wood ជំនួយការនាយកក្រុមពាណិជ្ជកម្មកីឡារបស់ Deloitte ការកើនឡើងនៃការចំណាយសម្រាប់ផ្ទេរកីឡាករជាកំណត់ត្រាក្នុងទីផ្សារដោះដូររដូវក្តៅនេះជាសញ្ញាបង្ហាញថាអាជីវកម្មរបស់ក្លិបនៅ Premier League បានងើបឡើងវិញហើយ ក្រោយរងវិបត្តិដោយសារជំងឺកូវីដ-១៩ មួយរយៈពេលវែង។
 
ក្នុងចំណោមក្លិបទាំង២០នៅលីគកំពូលអង់គ្លេស គិតត្រឹមថ្ងៃទី២៦ ខែសីហានេះ Chelsea បានចំណាយច្រើនជាងគេ តាមពីក្រោយដោយ Nottingham Forest ខណៈ Leicester City ជាក្លិបតែមួយគត់ដែលមិនទាន់ចំណាយមួយសេនលើកីឡាករថ្មី។ 
 
តោខៀវ Chelsea ចាយអស់ ២១១លានដុល្លារហើយ លើការផ្ទេរយក Raheem Sterling, Kalidou Koulibaly និង Marc Cucurella និងកំពុងចរចាយក Frenkie de Jong និង Pierre-Emerick Aubameyang ពី Barcelona ថែមទៀត។
 
Nottingham Forest ដែលទើបឡើងពីលីគទី២ Championship បានចំណាយប្រាក់ដ៏ច្រើន ១៦៥លានដុល្លារផងដែរ។
 
Man Utd ស្ថិតក្នុងលេងរៀងទី៣បណ្តោះអាសន្នក្នុងនាមក្លិបចំណាយលើការផ្ទេរកីឡាករច្រើនជាងគេរដូវកាលនេះក្នុងចំនួន ១៥៥លានដុល្លារ។
 
ក្រុមបន្តបន្ទាប់ដែលចំណាយលើសពី១០០លានដុល្លារ រួមមាន Arsenal និង អស់១៣២លានដុល្លារដូចគ្នា Man City និង Tottenham Hotspur អស់ ១២២លានដុល្លារ Wolves អស់ ១១៩លានដុល្លារ និង Leeds United អស់ ១០៧លានដុល្លារ៕
 

Tag:
 Deloitte
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com