កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ប្រកួតបើកឆាកលីគអង់គ្លេសសប្តាហ៍ទី៤ មុន Chelsea, Liverpool, Man City និង Arsenal ទទួលគូប្រកួតរៀងខ្លួន
27, Aug 2022 , 2:00 pm        
រូបភាព
ជំនួប Premier League សប្តាហ៍ទីបួននេះ Manchester United ដែលទើបស្រោចស្រង់មុខមាត់ក្រោយជ័យជម្នះលើ Liverpool ២-១សប្តាហ៍មុន ត្រូវធ្វើដំណើរប្រកួតតទល់ម្ចាស់ផ្ទះ Southampton នាថ្ងៃទី២៧ ខែសីហា និងជាជំនួបដំបូងប្រចាំសប្តាហ៍វេលាម៉ោង ៦:៣០ ល្ងាច (ម៉ោងនៅកម្ពុជា)។


កាលពីសប្តាហ៍មុនបិសាចក្រហមអាចដណ្តើមបាន៣ពិន្ទុដ៏សំខាន់ពីក្រុមហស្សក្រហមដែលស្រែកឃ្លានជ័យជម្នះលើកដំបូងដូចគ្នា។ លទ្ធផល ២-១ លើ Liverpool បានរំសាយអារម្មណ៍អ្នកគាំទ្របិសាចក្រហមដែលបានព្យាយាមធ្វើបាតុកម្មប្រឆាំងតទល់នឹងគណៈគ្រប់គ្រងក្លិប ស្របពេលដែលជាថ្ងៃសា្វគមន៍ការមកដល់នៃខ្សែបម្រើការពារ Casemiro ពី Real Madrid។ ជំនួបជាមួយ Southampton ក្រុម Man United នឹងស្វះស្វែងរកជ័យជម្នះជាថ្មីផ្សេងទៀត ខណៈដែលលោក Erik ten Hag ជាគ្រូបង្វឹករំពឹងបានផលជោគជ័យ និងការធ្វើបានល្អពីសំណាក់កូនក្រុមដូចពេលប៉ះ Liverpool។

 
បន្ទាប់ពីការប្រកួតរបស់បិសាចក្រហមរួចទៅក្រុម Chelsea ទទួល Leicester City , Liverpool ទទួល AFC Bournemouth និង Manchester City ស្វាគមន៍ Crystal Palace ក៏ចាប់ប្រកួតដំណាលគ្នាវេលាម៉ោង ៩ យប់ រីឯកាំភ្លើងធំ Arsenal ទទួល Fulham ក្រុមនាំមុខកំពូលតារាងប្រកួតវេលាម៉ោង ១១:៣០ យប់។
 
ចាញ់ក្រោមថ្វីជើង Leeds United លទ្ធផល ៣-០ ជារឿងដ៏អាម៉ាស់បំផុតសម្រាប់តោខៀវ Chelsea ដែលគ្មានវត្តមានលោក ​Thomas Tuchel ចាំបញ្ជារផ្ទាល់ដ្បិតជាប់បម្រាមកាត់ក្រហមពេលប្រកួតរវាងក្រុម Tottenham Hotspur កាលថ្ងៃទី១៤។ ក្រោយប្រកួតនោះបញ្ចប់ Tuchel បានអំពាវនាវឱ្យក្លិបនាំចូលកីឡាករបន្ថែមទៀតដើម្បីពង្រឹងសមត្ថភាពក្រុមប្រកួតប្រជែងរដូវកាលថ្មី ហើយស្វាគមន៍ Leicester City យប់នេះអាចមិនមានវត្តមានលោក Tuchel ឡើយ ខណៈតោខៀវចង់ឈ្នះជាចាំបាច់។
 
ទន្ទឹមនឹងនេះ Liverpool ដែលទើបចាញ់ Man United រួចធ្វើឱ្យលោក Jurgen Klopp ព្រួយបារម្ភពីការប្រកួតក្រោយៗរបស់កូនក្រុម ហើយជួប AFC Bournemouth គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់បានផ្តាំកូនក្រុមឱ្យខិតខំរកជ័យជម្នះឡើងវិញ ខណៈក្រុមមិនទាន់ស្គាល់ជ័យជម្នះនាដើមរដូវកាលថ្មីនេះ។ នាដើមរដូវកាលនេះបញ្ហារបស់ Liverpool គឺមានកីឡាករល្អៗរបួសច្រើននាក់ ធ្វើឱ្យការចាប់ផ្តើមរដូវកាលថ្មីមានភាពរអាក់រអួសក្នុងក្រុម តែយ៉ាងណាលោក ​Klopp ថាលោកមិនត្រូវការនាំចូលកីឡាករអ្វីឡើយ។
 
Man City ខកខាននាំមុខកំពូលតារាងក្រោយប្រកួតស្មើជាមួយ Newcastle United លទ្ធផល ៣-៣ ដែលបានបង្ហាញទម្រង់លេងដ៏ភ្ញាក់ផ្អើលខុសពីរដូវកាលមុន។ Man City រកបាន ៧ពិន្ទុឆ្លងកាត់ ៣ប្រកួត ហើយត្រូវស្វាគមន៍ Crystal Palace ដែលជាក្រុមមួយមានសមត្ថភាពល្អប្រសើមួយពេលបច្ចុប្បន្ន កាលសប្តាហ៍មុន Crystal ប្រកួតឈ្នះ Aston Villa ៣-១។ ជួបគ្នា ២លើកចុងក្រោយនៃ ​Premier League រដូវកាលមុន Man City មិនដែលយកឈ្នះលើ Crystal ឡើយ ហើយសម្រាប់ Man City អាចជាការប្រកួតដ៏លំបាកមួយ។
 

ចំណែក Arsenal កំពុងបន្តភាពខ្លាំងរបស់ខ្លួនជាមួយជ័យជម្នះយ៉ាងល្អ៣ប្រកួតជាប់គ្នា ដោយប្រកួតទល់ Fulham លើកនេះពួកគេរំពឹងយកជ័យជម្នះម្តងទៀត ខណៈដែលកីឡាករខ្សែប្រយុទ្ធថ្មី Gabriel Jesus រួមជាមួយ Oleksandr Zinchenko ជាកម្លាំងថ្មីបង្ហាញទម្រង់ដ៏ល្អជួយដល់ Arsenal ។ ឆ្លងកាត់៣ប្រកួតនៃ Premier League ក្រុមរហ័សនាមកាំភ្លើងធំប្រកួតឈ្នះក្រុម Crystal ២-០ ឈ្នះ Leicester ៤-២ និងឈ្នះ Bournemouth ៣-០។ 
 
ខាងក្រោមនេះជាការប្រកួតក្រុមដទៃទៀតនៃ Premier League សប្តាហ៍ទី៤៖

ថ្ងៃទី២៧ ខែសីហា វេលាម៉ោង ៩ យប់ Brentford ទទួល Everton និង Leeds United ជួប Brighton & hove Albion ជាក្រុមកំពុងបង្ហាញទម្រង់លេងល្អដូចគ្នា។ 
 
ថ្ងៃទី២៨ ខែសីហា វេលម៉ោង ៨ យប់ 
Aston Villa ទទួល West Ham United 
Newcastle ជួប Wolverhampton Wanderers
Tottenham Hotspur ជួប Nottingham Forest វេលាម៉ោង ១០:៣០ យប់ជំនួបចុងក្រោយ៕
 

Tag:
 Premier League
  Week 4
© រក្សាសិទ្ធិដោយ thmeythmey.com