ជាតិ
សង្គមជាតិ
អភិបាលខេត្តសៀមរាប ចុះទៅពិនិត្យផ្ទះចម្ការលោក ខឹម វាសនា ក្រោយពលរដ្ឋសម្រុកទៅជួបជុំគ្នា
27, Aug 2022 , 3:13 pm        
រូបភាព
ប្រជាពលរដ្ឋដែលសម្រុកទៅចម្ការលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
ប្រជាពលរដ្ឋដែលសម្រុកទៅចម្ការលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
សៀមរាប៖ តាមប្រភពច្បាស់ការពីរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា អភិបាលខេត្តសៀមរាប លោក ទៀ សីហា នារសៀលថ្ងៃទី២៧ ខែសីហា បានដឹកនាំក្រុមការងារ ចុះទៅពិនិត្យការជួបជុំរបស់ប្រជាពលរដ្ឋ នៅដីចម្ការរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក្រោយមានការកៀរគរមនុស្សប្រមាណ២ម៉ឺននាក់នៅផ្ទះរបស់លោក។

 
នាយករដ្ឋបាលខេត្តសៀមរាប លោក សុខ ថុល ប្រាប់ថា លោកមិនបានស៊ីជម្រៅពីស្ថានការណ៍ជួបជុំមនុស្សរបស់លោក ខឹម វាសនា នៅស្រុកបន្ទាយស្រីទេ ដោយសារលោកជាប់បេសកកម្មនៅរាជធានីភ្នំពេញ។ យ៉ាងណា លោកបញ្ជាក់ថា រសៀលថ្ងៃទី២៧ ខែសីហា អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានចុះទៅមើលស្ថានការណ៍នេះ តែមិនបញ្ជាក់ថា ក្នុងបំណងអ្វីជាក់លាក់ទេ។ 
 
ទំនងការជួបជុំមនុស្សម្នាច្រើន និងការផ្សព្វផ្សាយពីបញ្ហាសុវត្ថិភាព និងអនាម័យផងនោះ ទើបអភិបាលខេត្តចង់ទៅមើល និងសួរនាំដោយប្រជាពលរដ្ឋដោយផ្ទាល់ផងក៏មិនដឹង។
 
អាជ្ញាធរនៅព្រឹកថ្ងៃនេះ ក៏បានទៅសួរនាំលោក ខឹម វាសនា ឱ្យលោកបញ្ជាក់ហេតុផលនៃការជួបជុំមនុស្សម្នាច្រើនសន្ធឹកបែបនេះ។ តែគេមិនបានទទួលដំណឹង ឬព័ត៌មានអ្វីពីការឆ្លើយតបរបស់លោក ខឹម វាសនានៅឡើយ។
 
សារព័ត៌មានថ្មីៗ មិនអាចទាក់ទងទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោក តេង ច័ន្ទណាត បានទេនារសៀលថ្ងៃ ដោយទូរសព្ទតេមិនចូល។ យ៉ាងណា នាយប់ថ្ងៃទី២៦ ខែសីហា តាមរយៈបណ្ដាញតេលេក្រាម លោក តេង ច័ន្ទណាត ប្រាប់ថា មនុស្សប្រមាណ១,៥ពាន់នាក់ហើយ ដែលចូលមកស្នាក់នៅទាំងក្នុង និងក្រៅបរិវេណផ្ទះចម្ការរបស់លោក ខឹម វាសនា ដែលស្ថិតនៅភូមិសសិរ ឃុំត្បែង ស្រុកបន្ទាយស្រី។ ស្នងការរូបនេះបង្ហាញការបារម្ភពីសណ្ដាប់ធ្នាប់ សុវត្ថិភាព និងអនាម័យ ដែលអាចបង្កជាបញ្ហាសម្រាប់ប្រជាពលរដ្ឋសម្រុកមកច្រើនបែបនេះ៕

អត្ថបទទាក់ទង
 

Tag:
 ខឹម វាសនា
© រក្សាសិទ្ធិដោយ thmeythmey.com