អន្តរជាតិ
ប្រមុខការទូតប៉ាគីស្ថានអំពាវនាវរកជំនួយដើម្បីជួយប្រជាជនដោះស្រាយទឹកជំនន់
29, Aug 2022 , 10:29 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន លោក Bilawal Bhutto-Zardari នៅថ្ងៃទី២៨ ខែសីហា បានអំពាវនាវរកជំនួយហិរញ្ញវត្ថុដើម្បីដោះស្រាយគ្រោះទឹកជំនន់ក្នុងប្រទេសដែលប៉ះពាល់ប្រជាជនជាង៣០លាននាក់។

 
តំបន់ភាគខាងជើង និងខាងត្បូងប៉ាគីស្ថាន បានរងជំនន់ទឹកភ្លៀងយ៉ាងខ្លាំង ដោយគ្រោះធម្មជាតិមួយនេះ ប៉ះពាល់ដល់ប្រជាជនច្រើនជាង៣០លាននាក់ និងបានសម្លាប់មនុស្សច្រើនជាង១ពាន់នាក់ ហើយហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងដំណាំជាច្រើនហិចតាត្រូវខូចខាត។ រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន លោក Bilawal Bhutto-Zardari បានលើកឡើងថា លោកមិនធ្លាប់ជួបប្រទះការបំផ្លាញដ៏ធំបែបនេះឡើយ។
 
«ច្បាស់ណាស់ នេះបានធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចយ៉ាងខ្លាំង»។ ប្រមុខការទូតប៉ាគីស្ថាន បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែសីហា មុនបន្តថា មូលនិធិហិរញ្ញវត្ថុអន្តរជាតិ ត្រូវបានរំពឹងថានឹងអនុម័តកម្ចីថ្មីទៀត នៃកម្មវិធីជួយសង្រ្គោះក្នុងសប្តាហ៍នេះ។ 
 
ក្រុមប្រឹក្សា IMF នឹងសម្រេចនៅក្នុងសប្តាហ៍នេះជុំវិញការបញ្ចេញកញ្ចប់ជំនួយ១,២ពាន់លានដុល្លារ ដែលជាផ្នែកមួយនៃកម្មវិធីជួយសង្រ្គោះរបស់ស្ថាប័នអន្តរជាតិមួយនេះ។ ស្របពេលមានទឹកជំនន់ ប៉ាគីស្ថាន កំពុងប្រឈមបញ្ហាមួយចំនួនរួចហើយ ក្នុងនោះមានដូចជា វិបត្តិសេដ្ឋកិច្ច, អតិផរណាកើនខ្ពស់ រួមទាំងការធ្លាក់ចុះនៃតម្លៃលុយជាដើម។ 
 
ក្រៅពីជំនួយហិរញ្ញវត្ថុរបស់IMF លោក Bhutto-Zardari ក៏បានទទូចឱ្យសហគមន៍អន្តរជាតិ និងទីភ្នាក់ងារអន្តរជាតិផ្សេងទៀតជួយដោះស្រាយការខូតខាតផង។ បើតាមរដ្ឋមន្រ្តីការបរទេស ពេលនេះរដ្ឋាភិបាលកំពុងវាយតម្លៃពីទំហំនៃការខូតខាត។  ដោយអ្នកជំនាញមួយចំនួន បានវាយតម្លៃថា ផលប៉ះពាល់អាចមានទំហំដល់ ៤ពាន់លានដុល្លារ លោក Bhutto-Zardari ប៉ាន់ប្រមាណថា ទំហំបំផ្លិចបំផ្លាញសរុប អាចលើសពីនេះ។ 
 
ក្នុងសប្តាហ៍នេះ រដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដ នឹងអំពាវនាវឱ្យរដ្ឋសមាជិកអង្គការសហប្រជាជាតិ ជួយផ្តល់ជំនួយដល់ប៉ាគីស្ថាន ខណៈប្រទេសមួយនេះ កំពុងពិនិត្យមើលចំណាត់ការមួយចំនួន ដើម្បីទប់ស្កាត់ផលប៉ះពាល់នៃការបម្រែបម្រួលអាកាសធាតុ ក្នុងរយៈពេលវែង៕ 
 

Tag:
 ប៉ាគីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com