កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd, Man City, Liverpool, Chelsea, Arsenal, Spurs ឈ្នះដូចគ្នានៅសប្តាហ៍ទី៤
29, Aug 2022 , 10:48 am        
រូបភាព
Manchester United, Manchester City, Liverpool, Chelsea, Arsenal, Tottenham Hotspur ទទួលបាន៣ពិន្ទុដ៏សំខាន់សម្រាប់ប្រកួតប្រជែងនាដើមរដូវកាលថ្មី Premier League សប្តាហ៍ទី៤ ក្រោយប្រកួតឈ្នះរៀងខ្លួន។


 
ការប្រកួតនាថ្ងៃទី២៧ ខែសីហា បិសាចក្រហមយកឈ្នះម្ចាស់ផ្ទះ Southampton ១-០ ដែលធ្វើបានដោយខ្សែបម្រើ  Bruno Fernandes នៅនាទី៥៥ នៃវគ្គទីពីរ។ នេះជាជ័យជម្នះលើកទី២ របស់ Man United ក្រោមការដឹកនាំរបស់លោក Erik ten Hag ។  Man United ឈរលំដាប់ទី៨ មាន៦ពិន្ទុ។
 



ឯ Man City ក៏បាន៣ពិន្ទុដែរ បន្ទាប់ពីវាយបកយកឈ្នះក្រុមភ្ញៀវ Crystal Palace លទ្ធផល ៤-២ នាកីឡាដ្ឋាន Etihad។ ក្រុមភ្ញៀវ Crystal ចាប់ផ្តើមវគ្គទីមួយដោយមានទំនុកចិត្តខ្លាំងដោយអាចនាំមុខម្ចាស់ផ្ទះលទ្ធផល ២-០។  វគ្គទីពីរ Man City ហាក់មានយុទ្ធសាស្ត្រប្រែប្រួលដោយលេងគ្របដណ្តប់លើក្រុមភ្ញៀវរហូតខ្សែបម្រើ Bernardo Silva អាចរកមួយគ្រាប់តាមពីក្រោយ មុនខ្សែប្រយុទ្ធ Erling Haaland ស៊ុត Hat-Trick នាំជ័យជម្នះ។
 
ទន្ទឹមនឹងនេះ Liverpool ក្រោយបាក់មុខពេលប្រកួតចាញ់ Man United លទ្ធផល ២-១ កាលសប្តាហ៍ទី៣ ក៏បានបំបាក់ក្រុមភ្ញៀវ AFC Bournemouth លទ្ធផលរហូត ៩-០។ Luis Diaz និង Roberto Firmino ស៊ុត២គ្រាប់ដូចគ្នា ឯ Harvey Elliott, Trent Alexander Arnold, Virgil Van Dijk, Fábio Carvalho ស៊ុតម្នាក់ ១គ្រាប់ ខណៈដែលកីឡាករក្រុមភ្ញៀវ Chris Mepham ស៊ុតចូលទីខ្លួនឯង ១គ្រាប់។ ឈ្នះលទ្ធផល ៩-០ Liverpool តាមស្មើកំណត់ត្រាក្លិប Man United, Leicester City, Spurs ក្នុងនាមជាក្លិបដែលរកបាន៩ គ្រាប់ក្នុងមួយប្រកួត។
 
រីឯ Chelsea ម្ចាស់ផ្ទះដែលមានត្រឹមគ្នា ១០នាក់ អាចយកឈ្នះលើក្រុមភ្ញៀវ Leicester City ដោយលទ្ធផល ២-១។ លេងមិនទាន់ចប់វគ្គទីមួយផងខ្សែបម្រើចំណូលថ្មី Conor Gallagher ទទួលបានកាតក្រហមនៅនាទី២៨ ធ្វើឱ្យក្រុមម្ចាស់ផ្ទះត្រូវលេងដោយមានគ្នាត្រឹម១០នាក់។ ប៉ុន្តែទោះជាបែបនេះនៅនាទី ៤៧ និង ៦៣ Raheem Sterling អាចស៊ុតនាំមុខលើក្រុមភ្ញៀវ មុនមានការស៊ុតតាមមកវិញ ១គ្រាប់នាទី៦៦ ពីកីឡាករ Harvey Barnes។ 
  


ក្រុមកំពុងតែឈរកំពូលតារាង Arsenal ក៏រកបានជ័យជម្នះក្រោយវាយបកលើក្រុមភ្ញៀវ Fulham លទ្ធផល ២-១ នាកីឡដ្ឋាន Emirate ។ ការប្រកួតរវាងក្រុមម្ចាស់ផ្ទះ និងក្រុមភ្ញៀវមានការវាយសម្រុកតិចតួចនៅក្នុងវគ្គទីមួយ ប៉ុន្តែឈានដល់វគ្គទីពីរកីឡាករខ្សែប្រយុទ្ធ Aleksandar Mitrovic ស៊ុតនាំមុខកាំភ្លើងធំនៅនាទី៥៦ មុនពេលខ្សែបម្រើ Martin Odegaard អាចរកគ្រាប់តាមស្មើនាទី៦៤ និងគ្រាប់ជ័យជម្នះដោយខ្សែការពារ Gabriel Magalhaes នាទី៨៥ ឱ្យកាំភ្លើងធំបន្តឈរលើកំពូលតារាង។
 
ចំណែកឯការប្រកួតថ្ងៃទី២៨ ខែសីហា Spurs បំបាក់ក្រុមម្ចាស់ផ្ទះ Nottingham Forest លទ្ធផល ២-០។ ខ្សែប្រយុទ្ធ Harry Kane ស៊ុត២គ្រាប់នៅដើមវគ្គទីមួយនាទី៥​ និងចុងវគ្គទីពីរនាទី ៨៥ សមល្មមឱ្យ Spurs ទទួលបាន៣ពិន្ទុ​ ឈរលេខ៣ ក្នុងតារាង Premier League មាន ១០ពិន្ទុស្មើក្រុម Man City និង ​Brighton & hove Albion។
 
ការប្រកួតក្រុមដទៃទៀតនៃ Premier League សប្តាហ៍ទីបួន៖
Brighton ឈ្នះ Leeds United ១-០
Brentford និង Everton ស្មើ ១-១
Wolvers និង Newcastle ស្មើ ១-១
Aston Villa ចាញ់ West Ham United ១-០៕
 





Tag:
 Premier League
  Week 4
© រក្សាសិទ្ធិដោយ thmeythmey.com