អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី ទៅបារាំងដើម្បីពង្រឹងទំនាក់ទំនងឡើងវិញ
29, Aug 2022 , 2:05 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិអូស្ត្រាលី Richard Marles ។ រូបថត AFP
រដ្ឋមន្រ្តីការពារជាតិអូស្ត្រាលី Richard Marles ។ រូបថត AFP
ដោយ៖ ហ៊ួយ ស៊ីវលី  

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី Richard Marles ត្រូវធ្វើដំណើរទស្សនកិច្ចនៅតំបន់អឺរ៉ុបដែលចាប់ផ្ដើមពីថ្ងៃទី២៩ ខែសីហា។ ប្រមុខការពារជាតិអូស្ត្រាលី នឹងធ្វើដំណើរទៅបារាំង អាល្លឺម៉ង់ អង់គ្លេស ជាមួយបំណងពង្រឹងទំនាក់ទំនងការពារជាតិជាមួយដៃគូនៅប្លុកអឺរ៉ុប ពិសេសបារាំងដែលមើលមុខគ្នាមិនត្រូវដោយសារការលុបចោលកិច្ចព្រមព្រៀងផលិតនាវាមុជទឹកកាលពីឆ្នាំមុន។

 
ទស្សនកិច្ចបីប្រទេសពីថ្ងៃទី២៩ ខែសីហា ដល់ ថ្ងៃទី១ ខែកញ្ញា ជាដំណើរលើកដំបូងរបស់រដ្ឋមន្ត្រីការពារជាតិលោក Richard Marles ទៅកាន់អឺរ៉ុប។ បារាំង ជាគោលដៅសំចតមុនគេរបស់លោក Marles ។
 
ទំនាក់ទំនងរវាងអូស្រ្តាលី និងបារាំងប្រែទៅជាល្អក់កករ បន្ទាប់ពីអូស្ត្រាលីបានលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកតម្លៃរាប់ពាន់លានដុល្លារពីបារាំងកាលពីឆ្នាំ២០២១ និងជំនួសដោយការបង្កើតសម្ព័ន្ធភាពថ្មីមួយដែលមានឈ្មោះថា AUKUS ដើម្បីកសាងនាវាមុជទឹកដើរដោយថាមពលនុយក្លេអែរជាមួយអាម៉េរិក និងអង់គ្លេស។ បារាំងខឹងសម្បារយ៉ាងខ្លាំងចំពោះការរកស៊ីកាត់មុខរបស់សម្ព័ន្ធមិត្តរបស់ខ្លួន។ 
 
ទាក់ទងនឹងការលុបចោលកិច្ចព្រមព្រៀងទិញនេះ អូស្រ្តាលីបានទូទាត់ប្រាក់សងក្រុមហ៊ុនផលិតនាវាយោធាបារាំង Naval Group ដល់ជាង៥៥៣លានដុល្លារ។ ទីក្រុងកង់បេរ៉ាសង្ឃឹមថា ដំណោះស្រាយនេះនឹងជួយជួសជុលទំនាក់ទំនងប្រេះឆារវាងអូស្ត្រាលី និងបារាំងកន្លងមក។ 
 
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអូស្រ្តាលីនៅថ្ងៃទី២៨ ខែសីហា ដំណើរទស្សនកិច្ចនៅបារាំងលើកនេះនឹងអាចជួយពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ អូស្ត្រាលី នៅតែចាត់ទុកបារាំងជាដៃគូចាស់ និងមានសមត្ថភាពបំផុត។  ​
 
ក្នុងដំណើរទស្សនកិច្ចនៅអឺរ៉ុប លោក Marles នឹងចូលរួមកិច្ចពិភាក្សាតុមូលជាមួយតំណាងឧស្សាហកម្មការពារជាតិអាល្លឺម៉ង់ មុនបន្តដំណើរទៅអង់គ្លេសដើម្បីទស្សនកិច្ចកន្លែងផលិតកប៉ាល់។ ប្រមុខការពារជាតិអូស្ត្រាលី អះអាងថា ទំនាក់ទំនងរវាងអូស្ត្រាលី និងអង់គ្លេសមានលក្ខណៈជាប្រវត្តិសាស្ត្រ និងផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក ហើយត្រូវបានឆ្លុះបញ្ចាំងតាមរយៈការបន្តប្តេជ្ញាចិត្តរបស់អូស្ត្រាលីចំពោះ AUKUS៕
 

Tag:
 អូស្ត្រាលី
  បារាំង
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com