អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រមុខណាតូ៖ ណាតូត្រូវតែពង្រីកវត្តមានយោធានៅតំបន់អាក់ទិក ព្រោះរុស្ស៊ីកំពុងបង្កើនកម្លាំងដែរ
29, Aug 2022 , 3:46 pm        
រូបភាព
អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ Jens Stoltenberg ។ រូបថត Xinhua
អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ Jens Stoltenberg ។ រូបថត Xinhua
ដោយ:
អគ្គលេខាធិការសម្ព័ន្ធណាតូ Jens Stoltenberg នៅថ្ងៃទី២៨ ខែសីហា ព្រមានថា រុស្ស៊ី និងចិនកំពុងមានផែនការដ៏ធំនៅតំបន់អាក់ទិកដែលអាចបង្កើនភាពតានតឹងភូមិសាស្រ្តនយោបាយ។ ក្នុងកិច្ចសម្ភាសជាមួយកាសែតអាល្លឺម៉ង់ លោក Stoltenberg ប្រកាសបង្កើនវត្តមានយោធាណាតូនៅតំបន់ដ៏ត្រជាក់នេះ ស្របពេលអាម៉េរិកនឹងចាត់តាំងអគ្គរដ្ឋទូតទទួលបន្ទុកកិច្ចការតំបន់នេះជាលើកដំបូងដែរ។

 
តំបន់សមុទ្រទឹកកកអាក់ទិក បានទាញចំណាប់អារម្មណ៍មហាអំណាចពិភពលោកយ៉ាងខ្លាំងដោយសារតែទីតាំងភូមិសាស្រ្តដែលមិនទាន់មានអ្នកណាចាត់ចែងនៅឡើយ។ បន្ថែមពីលើផលប្រយោជន៍សេដ្ឋកិច្ច អាក់ទិក ក្លាយជាតំបន់ប្រកួតប្រជែងយុទ្ធសាស្រ្ត ខណៈប្រទេសមហាអំណាច ពិសេសរុស្ស៊ី កំពុងស្វះស្វែងពង្រឹងឥទ្ធិពលយោធារបស់ខ្លួននៅតំបន់ប៉ូលខាងជើងនៃផែនដី។ 
 
ពាក់ព័ន្ធបញ្ហានេះ ប្រមុខយោធាណាតូ លោក Jens Stoltenberg លើកឡើងនៅថ្ងៃទី២៨ ខែសីហាថា វត្តមានយោធានៅតំបន់អាក់ទិកត្រូវតែជាអាទិភាពរបស់ណាតូ។ 
 
«ណាតូត្រូវតែបង្កើនវត្តមាននៅតំបន់អាកទិក»។ លោក Stoltenberg បញ្ជាក់បែបនេះក្នុងបទសម្ភាសជាមួយកាសែតអាល្លឺម៉ង់ Welt am Sonntag ដោយសង្កត់ធ្ងន់ថា តំបន់ប៉ូលខាងជើង ផ្តល់សារសំខាន់ជាយុទ្ធសាស្រ្តដល់ណាតូ ហើយណាតូបានវិនិយោគលើយន្តហោះឈ្លបយកការណ៍ពីស្ថានភាពនៅតំបន់អាកទិករួចហើយ ប៉ុន្តែនឹងបន្តបង្កើនកិច្ចប្រឹងប្រែងទៀត។
 
បើតាមអគ្គលេខាធិការណាតូ ថ្មីៗនេះ រុស្ស៊ីក៏បានបង្កើនសកម្មភាពយោធានៅតំបន់ទឹកកកនេះដែរ ដោយបានបើកមូលដ្ឋានទ័ពកាលពីសម័យសហភាពសូវៀតឡើងវិញ ហើយបានផ្ទុក និងសាកល្បងអាវុធទំនើបថ្មីៗនៅទីនោះដូចជាមីស៊ីលល្បឿនលឿនជាងសំឡេងជាដើម។ លើសពីនេះ ចិនដែលអះអាងថា ខ្លួនជារដ្ឋនៅជិតតំបន់អាក់ទិកដែរនោះ ក៏កាន់តែចាប់អារម្មណ៍តំបន់ប៉ូលនេះដែរ។ លោក Stoltenberg និយាយថា ក្រុងប៉េកាំងគ្រោងបង្កើតផ្លូវសូត្រនៅតំបន់ប៉ូល ដែលសំដៅលើផ្លូវទឹកដឹកជញ្ជូនពាណិជ្ជកម្មដ៏សំខាន់ នៅពេលផ្ទាំងទឹកកកកាន់តែរលាយ។ 
 
ដោយមិនឈរឱបដៃស្ងៀម អាម៉េរិកនៅសប្តាហ៍មុនប្រកាសថា នឹងតែងតាំងអគ្គរដ្ឋទូតពិសេសមួយទទួលបន្ទុកកិច្ចការតំបន់អាកទិកជាលើកដំបូង។ បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសអាម៉េរិក ការចាត់តាំងនេះដែលត្រូវការការអនុម័តពីសភា មានបំណងលើកស្ទួយផលប្រយោជន៍ និងកិច្ចសហប្រតិបត្តិការរបស់អាម៉េរិកជាមួយសម្ព័ន្ធមិត្ត និងដៃគូនៅតំបន់អាក់ទិក។ 
 
នៅពេលផ្ទាំងទឹកកកនៅតំបន់អាកទិកកាន់តែស្រុតចុះទៅ វានឹងបង្កើតឱ្យមានផ្លូវទឹកដឹកជញ្ជូនថ្មីមួយដ៏សំខាន់ និងបង្កើនការប្រកួតប្រជែងររុករកធនធានធម្មជាតិក្រោមសមុទ្រអាកទិកដែលសម្បូរទៅដោយរ៉ែកម្រ ត្រី ប្រេង និងហ្គាសបម្រុងជាដើម។ ម្យ៉ាង វាក៏នឹងអាចបង្កើនភាពតានតឹងជុំវិញសិទ្ធិធ្វើដំណើរឆ្លងកាត់ និងខណ្ឌព្រំដែនរបស់ប្រទេសចំនួន ៨ ដែលមានទឹកដីនៅតំបន់អាក់ទិក (Arctic Circle)រួមមាន រុស្ស៊ី អាម៉េរិក កាណាដា ដាណឺម៉ាក ហ្វាំងឡង់ អ៊ីស្លង់ ន័រវេស និងស៊ុយអែត៕
 
 
 
 
 
 
 
 

Tag:
 ណាតូ
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com