កីឡាអន្តរជាតិ
អន្តរជាតិ
ប៉ូលិសបារាំងបើកការស៊ើបអង្កេត ក្រោយមានព័ត៌មាន​ Pogba រងការប៉ុនប៉ងជំរិតទារប្រាក់
29, Aug 2022 , 4:36 pm        
រូបភាព
ក្រុមមន្រ្តីប៉ូលិសបារាំងបានបើកការស៊ើបអង្កេតលើបញ្ហាដែលថា​ខ្សែបម្រើ Paul Pogba របស់ក្រុម Juventus ត្រូវបានក្លាយជាគោលដៅប៉ុនប៉ងជំរិតទារប្រាក់ពីក្រុមក្មេងទំនើងមួយក្រុម។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP ថ្ងៃទី២៨ ខែសីហា។



កាលពីថ្ងៃទី២៧ ខែ សីហា ក្នុងវីដេអូដែលមានរយៈពេលប្រមាណជាង ៣នាទី បងប្រុសរបស់ Pogba ឈ្មោះ Mathias បានសន្យាថានឹងនិយាយអំពីអាថ៌កំបាំងរបស់ Pogba ដែលជាប្អូនប្រុសខ្លួន ព្រមទាំងខ្សែប្រយុទ្ធបារាំង Kylian Mbappe។
 
«អាថកំបាំងដ៏ធំ ដែលពិភពលោកទាំងមូល ក៏ដូចជាអ្នកគាំទ្រប្អូនប្រុសខ្ញុំទាំងអស់ និងទាំងសម្រាប់ក្រុមស្ថិតនៅបារាំង និង Juventus សមនឹងបានដឹងឮពីរឿងទាំងនេះ។»។ នេះបើតាមសម្តីរបស់ Mathias បងប្រុស Pogba។ 


 
រឿងដែលថា Pogba ត្រូវបានក្រុមទំនើងជំរិតទារប្រាក់នាមិនមែនទើបតែកើតឡើងឡើយ ពោលគឺមុនពេលដែល Mathias បងប្រុសរបស់ Pogba បានបង្ហោះវីដេអូកាលពីថ្ងៃទី២៧ នោះទៀត។
 
ក្រោយមួយថ្ងៃនៃការបង្ហោះវីដេអូរបស់ Mathias មេធាវីផ្ទាល់ Pogba បានចេញសេចក្តីថ្លែងការណ៍មួយ មានការចុះហត្ថលេខាពីម្តាយ ​Pogba អ្នកស្ត្រី Yeo Moriba និងភ្នាក់ងារបច្ចុប្បន្ន Rafaela Pimenta ។ មេធាវី Pogba អះអាងថានោះគឺជាការប៉ុនប៉ងជំរិតទារប្រាក់។
 
«ទាំងអស់នេះមិនមានជាការភ្ញាក់ផ្អើលអ្វីនោះទេ ពួកគេបានធ្វើវាបន្ថែមដើម្បីជាការគំរាមកំហែង និងមានការប៉ុនប៉ងជំរិតទារប្រាក់ដោយក្រុមក្មេងទំនើងទៅលើ Paul Pogba។ ចំពោះបញ្ហានេះក្រុមមន្ត្រីប៉ូលិសក៏កំពុងតែបើកការស៊ើបអង្កេតបន្ថែមហើយ។» នេះបើតាមសេចក្តីថ្លែងការណ៍មេធាវី Pogba។
 
បើតាមប្រភព ២ ដែលជិតស្និទ្ធបំផុតទៅនឹងគ្រួសារ Pogba បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ទឹកប្រាក់ដ៏សន្ធឹកសន្ធាប់ត្រូវបានទាមទារពី Paul Pogba ជាថ្នូរនៃមិនការផ្សព្វផ្សាយវីដេអូអាថ៌កំបាំងទាំងអស់នោះ។ 
 
លើសពីនេះ បើតាមរបាយការណ៍របស់វិទ្យុ France Info ខ្សែបម្រើវ័យ ២៩ឆ្នាំ ប្រាប់ទៅក្រុមមន្ត្រីស៊ើបអង្កេតថា រូបគេរងការកំហែងពីសំណាក់មិត្តភក្កិពីកុមារភាព និងបុរសពាក់អាវខ្មៅប្រដាប់ដោយអាវុធដើមវែងពីរនាក់ផ្សេងទៀត។ Pogba បានអះអាងថា ពួកគេបានទាមទារប្រាក់រហូតដល់ទៅប្រមាណ ១៣លានអឺរ៉ូ។ ប្រភពដដែលប្រាប់ AFP៕
 
 
 

Tag:
 Paul Pogba
  Juventus
© រក្សាសិទ្ធិដោយ thmeythmey.com