អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តាលីបង់ចោទប៉ាគីស្ថានថា បើកផ្លូវឱ្យដ្រូនអាម៉េរិកចូលដែនអាកាស​អាហ្វហ្កានីស្ថាន តែប៉ាគីស្ថានបដិសេធ
29, Aug 2022 , 5:39 pm        
រូបភាព
រដ្ឋមន្រ្តីស្តីទីការពារជាតិអាហ្វហ្កានីស្ថាន Mohammad Yaqoob Mujahid (កណ្ដាល)។ រូបថត AFP
រដ្ឋមន្រ្តីស្តីទីការពារជាតិអាហ្វហ្កានីស្ថាន Mohammad Yaqoob Mujahid (កណ្ដាល)។ រូបថត AFP
 រដ្ឋមន្ត្រីការពារជាតិស្តីទីរបស់រដ្ឋាភិបាលតាលីបង់នៅថ្ងៃទី២៨ ខែសីហា បានចោទប៉ាគីស្ថាន​ថា បើក​ផ្លូវឱ្យដ្រូនអាម៉េរិកហោះចូលដែនអាកាសអាហ្វហ្កានីស្ថាន។ យ៉ាង​ណាមិញ រដ្ឋមន្ត្រី​ការបរទេស​ប៉ាគីស្ថានបដិសេធការលើកឡើងនេះ។



ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងកាប៊ុល ថ្ងៃទី២៨ ខែសីហា រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​ស្តីទីអាហ្វហ្កានីស្ថាន Mullah Mohammad Yaqoob បានចោទ​ប្រកាន់ប៉ាគីស្ថានថា អនុញ្ញាត​ឱ្យអា​ម៉េរិកប្រើប្រាស់ដែនអាកាសដើម្បីបញ្ជាដ្រូនចូលដែនអាកាសអាហ្វហ្គានីស្ថាន​។ 
 
កាលពី​ចុងខែកក្កដា មេដឹកនាំក្រុមភេរវករអាល់កៃដា Ayman al-Zawahiri ត្រូវ​បាន​សម្លាប់​នៅ​ក្រុង​កាប៊ុលដោយ​អាម៉េរិកក្នុងប្រតិបត្តិការដែលធ្វើឡើងតាមរយៈដ្រូន។ ពេលនោះ ប៉ាគីស្ថាន អះអាងថា មិនមានការប្រើដែនអាកាសរបស់ខ្លួនដោយអាម៉េរិកដើម្បីវាយប្រហារឡើយ។
 
«យោងតាមព័ត៌មានដែលយើងទទួលបាន ដ្រូនអាម៉េរិកចូលមកអាហ្វហ្កានីស្ថានតាមរយៈ​ប៉ាគីស្ថាន។ ពួកគេប្រើប្រាស់ដែនអាកាសរបស់ប៉ាគីស្ថាន។ យើងសុំឱ្យប៉ាគីស្ថានកុំប្រើ​ដែនអាកាសប្រឆាំងយើង»។ ប្រមុខការពារជាតិស្ដីទីរដ្ឋាភិបាលតាលីបង់ លោក Yaqoob បានលើក​ឡើងបែបនេះ។
 
យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន Bilawal Bhutto-Zardari នៅថ្ងៃទី២៨ ខែសីហា ប្រាប់​ទីភ្នាក់​ងារព័​ត៌មាន Reuters ថា បន្ទាប់ពីការវាយប្រហារដែលសម្លាប់មេដឹកនាំអាល់កៃដា ដែនអាកាស​ប៉ាគីស្ថាន មិនត្រូវបានប្រើប្រាស់ទេ។ ប្រមុខការទូតរូបនេះអះអាងថា ប៉ាគីស្ថាន​នឹង​ពិនិត្យ​ម្ដង​ទៀត​តាមការលើកឡើងរបស់ក្រុមតាលីបង់។ 
 
លោក Bhutto-Zardari បន្ថែមថា លោកមិនចង់ប្រកែកអ្វីនៅពេលនេះដែរ​ ខណៈដែលប៉ាគីស្ថាន​កំពុង​ជួបវិបត្តិ​គ្រោះទឹកជំនន់។ បច្ចុប្បន្ន ប្រជាជនប៉ាគីស្ថានជាង ៣០លាននាក់ កំពុងរងគ្រោះ​ដោយទឹកជំនន់។ 
 
ក្រសួងការបរទេសប៉ាគីស្ថានបានចេញសេចក្ដីថ្លែងការណ៍មួយដោយបង្ហាញការសោកស្ដាយចំពោះការចោទប្រកាន់របស់ក្រុមតាលីបង់ដោយគ្មានព័ស្តុតាងបែបនេះ។ បើតាមសេចក្ដីថ្លែងការណ៍​ដដែល វាជា​ការ​ចោទ​ប្រកាន់បែបសន្និដ្ឋាន ដែលមិនមែនជាអាកប្បកិរិយាបែបការទូតប្រកប​ដោយការ​ទទួល​ខុស​ត្រូវ​ឡើយ​៕
 

Tag:
 តាលីបង់
  ប៉ាគីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com