ជាតិ
​​​ន​យោ​បាយ​ជាតិ​
ពលរដ្ឋរំសាយចេញពីចម្ការលោក ខឹម វាសនា ក្រោមការឃ្លាំមើលពីអាជ្ញាធរ
30, Aug 2022 , 10:48 am        
រូបភាព
សៀមរាប៖ ដូចការគ្រោងទុក! ពលរដ្ឋ និងអ្នកគាំទ្រលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បាននាំគ្នារំសាយការជួបជុំគ្នា នៅក្នុងចម្ការរបស់ប្រធានបក្សនេះហើយ នៅព្រឹកថ្ងៃទី៣០ សីហា។ ការរំសាយនេះ ធ្វើឡើងតាមសេចក្តីណែនាំរបស់លោក ទៀ សីហា អភិបាលខេត្តសៀមរាប ។



អាជ្ញាធរបានដាក់រនាំងត្រួតពិនិត្យ ការចេញ-ចូល ក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ដែលជាគោលដៅទៅចម្ការលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ នៅតាមគោលដៅនេះ អាជ្ញាធរ ក៏ហាមការលក់ដូរ មិនឱ្យមានដូចមុន គ្រាដែលពលរដ្ឋសម្រុកទៅចម្ការមេបក្សនេះដែរ។

 
 
ចំណែកនៅឯទីតាំងចម្ការលោក ខឹម វាសនា វិញ គេសង្កេតឃើញពលរដ្ឋ និងអ្នកគាំទ្រ ដែលសម្រុកទៅជួបជុំ និងសម្រាកជិត១សប្ដាហ៍ តាមការឃោសនានោះ ក៏បានរំសាយចេញជាបន្តបន្ទាប់ដែរ តាមរយៈមធ្យោបាយម៉ូតូ រថយន្ត និងម៉ូតូសណ្ដោងរ៉ម៉កជាដើម។ ដោយឡែកពលរដ្ឋខ្លះទៀត ក៏មិនទាន់ចាកចេញពីចម្ការលោក ខឹម វាសនា នៅឡើយ។
 
កាលពីថ្ងៃទី២៧ ខែសីហា អភិបាលខេត្តសៀមរាប លោក ទៀ សីហា និងលោក តេង ច័ន្ទណាត ស្នងការខេត្ត រួមទាំងលោក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ បានដឹកនាំក្រុមការងារ ចុះទៅពិនិត្យការជួបជុំរបស់ប្រជាពលរដ្ឋ នៅដីចម្ការរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក្រោយមានការកៀរគរមនុស្ស ប្រមាណ២ម៉ឺននាក់នៅផ្ទះរបស់លោក។
  


 
អភិបាលខេត្តសៀមរាប និងអាជ្ញាធរបានប្រាប់ឱ្យលោក ខឹម វាសនា រំសាយការជួបជុំគ្នានេះ​នៅត្រឹមថ្ងៃទី២៨ សីហា។ លោក ខឹម វាសនា យល់ព្រមសហការជាមួយអាជ្ញាធរ ប៉ុន្តែលោកសុំពន្យាពេលរំសាយការប្រមូលផ្ដុំនេះ នៅថ្ងៃទី៣០ សីហា។ អភិបាលខេត្តសៀមរាបលោក ទៀ សីហា ក៏បានយល់ព្រមតាមសំណើលោក ខឹម វាសនា ហើយកំណត់ការរំសាយនេះ ជាកំហិត។


  
គួរបញ្ជាក់ថា អាជ្ញាធរ បានឱ្យលោក ខឹម វាសនា ផ្អាក និងឈប់ធ្វើសកម្មភាពបំផុសបំផុលតាមពាក្យទំនាយថា «បាងកករលំ ភ្នំពេញរលាយ ព្រៃនគរខ្ចាត់ខ្ចាយ សម្បូរសប្បាយនគរវត្ត» នេះទៀត ព្រោះវាធ្វើឱ្យពលរដ្ឋចលាចល និងខាតបង់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ៕
 

Tag:
 ខឹម វាសនា
© រក្សាសិទ្ធិដោយ thmeythmey.com