ជាតិ
សង្គមជាតិ
កម្ពុជាកំពុងចរចាជាមួយចិន ពីតម្លៃសាងសង់ស្ពានព្រែកប្រាមួយទៀត
01, Sep 2022 , 8:59 am        
រូបភាព
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងចរចាជាមួយភាគីចិន អំពីគម្រោងសាងសង់ស្ពានមួយបន្ថែមទៀតនៅសង្កាត់ព្រែកប្រា ក្នុងខណ្ឌច្បារអំពៅ ដើម្បីសម្រួលចរាចរណ៍ ការកកស្ទះសម្រាប់ការធ្វើដំណើរពីភ្នំពេញទៅខេត្តកណ្ដាល។ នេះបើតាមការលើកឡើងរបស់សម្ដេច ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសចំនួន២ នាព្រឹកថ្ងៃទី៣១ ខែសីហា។



«យើងនឹងសាងសង់ស្ពានមួយទៀតនៅម្ដុំព្រែកប្រា ដែលមានប្រវែង៨៤៥ម៉ែត្រ»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដោយបញ្ជាក់ថា ស្ពាននោះនឹងសាងសង់ធំជាងមុន ដោយធ្វើជា៤គន្លង មានពីរផ្លូវទៅ និងពីរផ្លូវមក ដើម្បីសម្រួលចរាចរណ៍ និងកាត់បន្ថយការកកស្ទះលើស្ពានជាដើម។
 
សម្ដេចបានបញ្ជាក់ទៀតថា ស្ពាននេះនឹងចំណាយថវិកាសាងសង់ប្រមាណ៦០លានដុល្លារអាម៉េរិក ហើយលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏កំពុងចរចាលើតម្លៃជាមួយភាគីចិនផងដែរ។ 
 
សម្ដេចបានថ្លែងដូច្នេះ៖«ប្រសិនបើមិត្តចិនយល់ព្រមជាមួយគម្រោងនេះ ការដ្ឋាននេះអាចនឹងត្រូវបើកសម្រាប់ឆ្នាំក្រោយ ដើម្បីធានាថាការឆ្លងកាត់ភ្នំពេញទៅខេត្តកណ្ដាលដោយមិនស្ទះ»។
 
បច្ចុប្បន្ន រាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៦ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ហើយ ។ ក្នុងនោះមានស្ពានអាកាស៥មករា ស្ពានអាកាស៧មករា ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសចោមចៅ ស្ពានអាកាសស្ទឹងមានជ័យ និងស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា «ស្ពានអាកាសផ្សារដីហ៊ុយ»។ ចំណែកស្ពានអាកាសក្នុងខណ្ឌឫស្សីកែវ កំពុងសាងសង់ និង២ទៀត បានសម្ពោធការសាងសង់ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ។ ស្ពានអាកាសដែលបើកការដ្ឋានសាងសង់បន្ថែមនេះ ទី១ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ទី២ ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ។
 
ស្ពានអាកាសទាំងពីរនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាសរុប ៤៦,៧៧៥.០០០ដុល្លាអាមេរិក។ ក្នុងនោះស្ពានអាកាសចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ចំណាយថវិកា ៣៦,៧៧៥,០០០ដុល្លារ និងចំណាយពេលសាងសង់ ៣៦ខែ។
 
ដោយឡែកស្ពានអាកាសចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ចំណាយថវិកា ១០,០០០,០០០ដុល្លារអាមេរិក ចំណាយពេលសាងសង់ ១៦ខែ។
 

Tag:
 ស្ពានអាកាសព្រែកប្រា
© រក្សាសិទ្ធិដោយ thmeythmey.com