កីឡាជាតិ
ជាតិ
កាយសម្ព័ន្ធកម្ពុជា ដាក់គោលដៅ បង្កើតកំណត់ត្រាថ្មីលើទឹកដីថៃ
02, Sep 2022 , 8:00 am        
រូបភាព
ក្រុមកីឡាការិនីកាយសម្ព័ន្ធកម្ពុជា ចេញដំណើរទៅប្រកួតនៅប្រទេសថៃ។ រូបពី CAMSOC
ក្រុមកីឡាការិនីកាយសម្ព័ន្ធកម្ពុជា ចេញដំណើរទៅប្រកួតនៅប្រទេសថៃ។ រូបពី CAMSOC
ដោយ:
លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានដាក់គោលដៅបង្កើតកំណត់ត្រាថ្មីលើទឹកដីថៃ។ ប្រតិភូ និងអត្តពលិកកីឡាកាយសម្ព័ន្ធកម្ពុជា ១៨រូបចេញដំណើរទៅប្រកួតពានរង្វាន់កីឡាកាយសម្ព័ន្ធជើងឯកអាស៊ី លើកទី៧ (7th AEROBIC GYMNASTICS ASIAN CHAMPIONSHIPS) នៅប្រទេសថៃ ។



លោក ណយ ផាណា ប្រធានប្រតិភូដឹកនាំកីឡាករ-កីឡាការិនីទៅចូលរួមប្រកួតនៅថៃនេះ មានក្តីរំពឹងខ្ពស់ក្នុងការប្រជែងមេដាយ ដើម្បីបង្កើតកំណត់ត្រាថ្មីនៅលើទឹកដីថៃ ក្នុងរជ្ជកាលយុវវ័យជំនាន់ក្រោយ។ 
 
នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ មុនចេញដំណើរលោកបាននិយាយថា ៖ «បន្ទាប់ពីយើងទទួលបានកំណត់ត្រាមួយ នៅក្នុងប្រវត្តិកីឡាកាយសម្ព័ន្ធ ដែលបានចូលមកស្រុកខ្មែរ តាំងពីឆ្នាំ១៩៦៨ រហូតមកដល់បច្ចុប្បន្ន ទើបតែឆ្នាំ២០២២នេះ ដែលព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ យើងបានសាងនូវប្រវត្តិមួយ សម្រាប់សហព័ន្ធកីឡាកាយសម្ព័ន្ធ។ សម្រាប់មេដាយស៊ីហ្គេម ឆ្នាំ២០២២ កន្លងមក គឺជាកំណត់ត្រាមួយ ហើយអ្វីដែលយើងទៅចូលរួមប្រកួតជើងឯកអាស៊ី លើកទី៧ នេះ យើងនឹងខិតខំរកកំណត់ត្រាមួយទៀត»។


លោក ណយ ផាណា (កណ្តាល) និងអត្តពលិកកីឡាកាយសម្ព័ន្ធកម្ពុជា មុនពេលចេញដំណើរទៅប្រកួតនៅថៃ។ រូបពី CAMSOC
 
លោក ផាណា មានជំនឿចិត្តថា អត្តពលិកកម្ពុជា នឹងអាចរកបានមេដាយយ៉ាងតិច ១ ក្នុងចំណោមមេដាយទាំង ៣ នៃមាស ប្រាក់ និងសំរឹទ្ធ។ «មិនមែនមានន័យថា យើងមិនធ្លាប់ទទួលបានទេ ជើងឯកអាស៊ី យើងធ្លាប់ហើយ ចន្លោះឆ្នាំ២០១០-២០១៦។ អ៊ីចឹង ចន្លោះពីនោះ មកដល់បច្ចុប្បន្ន ជាពេលយើងស្ថាបនាកីឡាករ-កីឡាការិនី ដើម្បីធ្វើយ៉ាងណា ៦ ឬ ៨ឆ្នាំក្រោយ ឲ្យដល់ដំណាក់កាល រកមេដាយ។ ហើយបច្ចុប្បន្ននេះ ដល់ដំណាក់កាលពួកគេ ឈានទៅរកមេដាយហើយ ហើយពួកគេសុទ្ធសឹងជាកីឡាករ-កីឡាការិនីប្រមូលផ្ដុំថ្មី។ ខ្ញុំគិតថា ពួកគេនឹងធ្វើបានល្អ»។ នេះបើតាមអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា។
 
គួបញ្ជាក់ថា ប្រទេសចូលរួមប្រកួតកីឡាកាយសម្ព័ន្ធជើងឯកអាស៊ី លើកទី៧ រួមមាន កម្ពុជា ជប៉ុន អ៊ីរ៉ង់ កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី វៀតណាម និងផ្ទះថៃ។ ការប្រកួតនឹងធ្វើឡើងចាប់ពីថ្ងៃទី៣ ដល់ទី៥ ខែកញ្ញា នាខេត្ត Pathaya ប្រទេសថៃ៕
 

Tag:
 កីឡាកាយសម្ព័ន្ធ
 ជើងឯកអាស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com