កីឡាជាតិ
ជាតិ
CPL៖ ក្រុមនៃលីគទី២ ដែលមានម្ចាស់តែមួយជាមួយក្រុមនៅលីគកំពូល មិនអាចឡើងទៅបាន
02, Sep 2022 , 8:59 pm        
រូបភាព
Cambodian League cup 2022 រូបពី CPL
Cambodian League cup 2022 រូបពី CPL
ក្រុមហ៊ុន Cambodian Premier League (CPL) តម្រូវឱ្យក្រុមនៅលីគលំដាប់ទី២ អាចឡើងទៅលេងនៅលីគកំពូលបាន លុះត្រាក្លិបទាំងនោះមានអាជ្ញាប័ណ្ណក្លិបពេញលេញគ្រប់លក្ខ័ណត្រូវការ។


ក្លិបចំនួន២ នៃលីគលំដាប់ទី២របស់កម្ពុជា ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១ និងមួយក្រុមទៀតដែលឈ្នះប្រកួតជម្រុះ នឹងត្រូវឡើងមកប្រកួតនៅលីគកំពូលរដូវកាលឆ្នាំ២០២៣-២០២៤។ យ៉ាងណាក៏ដោយ ក្រុមទាំង២នោះ ត្រូវប្រាកដថា មិនមានប្រធាន ឬម្ចាស់ក្លិប ជាម្ចាស់កម្មសិទ្ធិក្លិបផ្សេងទៀត នៅលីគកំពូលដាច់ខាត។ នេះ មានន័យថាប្រធាន ឬម្ចាស់ក្លិប ត្រូវមានក្លិបតែមួយក្នុងលីគ ប្រសិនជាមាន២ គឺមិនត្រូវអនុញ្ញាតឲ្យចូលរួមប្រកួតទេ។
 
ចំណាត់ថ្នាក់ ត្រូវគិតពីខ្ពស់ទៅទាប ប្រសិនបើក្រុមលេខ១ មិនមានអាជ្ញាប័ណ្ណក្លិបពេញលេញទេ គឺបានទៅលេខ២ តែប្រសិនលេខ២ មិនមានទៀតនោះ ត្រូវធ្លាក់ទៅលេខ៣ ឬលេខ៤។
ម្ចាស់ជើងឯក ត្រូវឡើងទៅលីគកំពូលដោយស្វ័យប្រវត្តិ ប្រសិនជាមានអាជ្ញាប័ណ្ណក្លិបគ្រប់គ្រាន់។ ដោយឡែក ចំណាត់ថ្នាក់លេខ៥ នៃលីគទ២ ត្រូវប្រកួតជម្រុះ ជាមួយក្រុមចំណាត់ថ្នាកលេខ៨ នៃលីគកំពូល ប្រសិនជាក្រុមលេខ៥ មានអាជ្ញាប័ណ្ណគ្រប់គ្រាន់ ហើយក្រុមលេខ ១, លេខ២, លេខ៣ និងលេខ៤ មិនមានគ្រប់គ្រាន់តាមតម្រូវការ​ CPL។ ប្រសិនជាក្រុមចំណាត់ថ្នាកលេខ១-៥ សុទ្ធតែមិនមានអាជ្ញាប័ណ្ណទេ នោះគឺជាការផ្ដល់ឲ្យក្រុមលេខ៨ នៃលីគកំពូល បន្ដការប្រកួតនៅ CPL ដដែល។
 
ចំពោះការគិតលើចំណាត់ថ្នាក់ ករណីក្រុមចំណាត់ថ្នាក់លេខ១ ដល់លេខ៤ នៃលីគ២ មានតែមួយក្រុម បានបំពេញអាជ្ញាប័ណ្ណពេញលេញ នោះក្រុមចំណាត់ថ្នាក់លេខ៨ នៃលីគកំពូល ត្រូវកាត់ចេញ ដោយចូលប្រកួតក្នុងក្របខ័ណ្ឌលីគ២ ឆ្នាំ២០២៣-២០២៤ ដោយស្វ័យប្រវត្តិមិនមានការប្រកួតជម្រុះឡើយ។
 
គួរបញ្ជាក់ថា សិទ្ធិចូលរួមប្រកួតជម្រើសជើងឯក Cambodian Premier League 2023-2024 និងជើងឯកលីគ២ មិនកំណត់ត្រឹមតែចំណាត់ថ្នាក់ទេ ប៉ុន្ដែក្លិប ត្រូវបំពេញគ្រប់លក្ខខណ្ឌវិនិច្ឆ័យអាជ្ញាប័ណ្ណក្លិបឲ្យបានត្រឹមត្រូវ ទើបអាចចូលរួមបាន៕
 

Tag:
 បាល់ទាត់
  CPL
© រក្សាសិទ្ធិដោយ thmeythmey.com