កីឡាជាតិ
ជាតិ
សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ត្រូវការគណៈកម្មការបច្ចេកទេស ៥០នាក់ ត្រៀមស៊ីហ្គេម លើកទី៣២
03, Sep 2022 , 4:59 pm        
រូបភាព
វគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសថ្នាក់ជាតិ លើកទី១ រូបពី Camsoc
វគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសថ្នាក់ជាតិ លើកទី១ រូបពី Camsoc
លោក ស្រ៊ុន លាង អគ្គលេខាធិការរងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ជាក់ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសថ្នាក់ជាតិ លើកទី១ថា សហព័ន្ធ ត្រូវការគណៈកម្មការបច្ចេកទេសជំនាញចំនួន ៥០នាក់ ដើម្បីត្រៀមស៊ីហ្គេម លើកទី៣២ នៅកម្ពុជា។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើចាប់ពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី៣កញ្ញា ឆ្នាំ២០២២ នៅខេត្តកំពត។


យោងតាមការផ្សាយរបស់ CAMSOC វគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសថ្នាក់ជាតិ ត្រូវបានធ្វើឡើងរយៈពេល៦ថ្ងៃ ដោយសិក្ខាកាមជា មន្រ្តីរបស់មន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពត។

លោក ស្រ៊ុន លាង បានប្រាប់ពីផែនការរបស់សហព័ន្ធកីឡាទូកការនូ និងរ៉ូអ៊ីងកម្ពុជា ក្នុងឆ្នាំ២០១៩-២០២៣ដោយត្រូវការគណៈកម្មការបច្ចេកទេសជំនាញ ៧៥នាក់ ដើម្បីត្រូវសម្រាប់ព្រឹត្តិការណ៍ ស៊ីហ្គេមនៅកម្ពុជា នាឆ្នាំ២០២៣ ហើយក៏ត្រៀមសម្រាប់ការប្រកួតអន្ដរជាតិផ្សេងៗផងដែរ។
 
លោក Dick Lim ប្រតិភូសហព័ន្ធកីឡាទូកអន្ដរជាតិ ណែនាំថា ត្រូវការអ្នកជំនាញ ៥០នាក់ គឺគ្រប់គ្រាន់ហើយ។ ជាមួយគ្នានេះ លោក ស្រ៊ុន លាន បន្ថែមថា ព្រឹត្តិការណ៍ស៊ីហ្គេម ឬការប្រកួតកម្រិតអន្តរជាតិនានា ត្រូវការគណៈកម្មការជំនាញចំនួន ២២នាក់ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលជ្រើសរើសដោយសហព័ន្ធកីឡាទូកអន្តរជាតិ។

អត្ដពលិកកីឡាប្រណាំទូក កម្ពុជា ហាត់សមមុនប្រកួតស៊ីហ្គេមនៅវៀតណាម រូប ពីគង់ សុភាព
 
អគ្គលេខាធិការរងរូបនេះ ក៏ជាអ្នកជំនាញផ្នែកទូកកានូ និងកាយ៉ាក ផងដែរ។ ដោយឡែក អ្នកបច្ចេកទេសផ្នែកប្រពៃណី ទូកនាគខ្នាតអន្ដរជាតិ សហព័ន្ធពុំទាន់មាននោះទេ។ នៅថ្ងៃទី១៣ ខែវិច្ចិកា ឆ្នាំ២០២២ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា គ្រោងបញ្ជូនមន្ដ្រីបច្ចេកទេស ជំនាញភាសា និងការងារបច្ចេកទេស ដែលយល់ច្បាស់ពីច្បាប់ និងលក្ខខន្ដិកៈអន្ដរជាតិ ចូលរួមប្រកួតកីឡាទូកប្រពៃណី ទូកនាគ ជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសថៃ។ ការបញ្ជូនទៅនេះ គោលបំណងដើម្បីឲ្យអ្នកទាំងនោះ សិក្សា និងដកស្រងបទពិសោធន៍ និងការអនុវត្តជាក់ស្ដែង ពីអ្នកជំនាញអន្ដរជាតិ។
 
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាល ដែលមានរយៈពេល៦ថ្ងៃនេះ មានសិក្ខាកាមចូលរួមចំនួន ៣៥នាក់ និងបង្រៀនដោយគ្រូឧទ្ទេស ៣រូប រួមមានលោក មាស សារិន, លោក ស្រ៊ុន លាង និងលោក សាំង សុភ័ក្ត្រ៕
 

Tag:
 ស៊ីហ្គេម
  កីឡាប្រណាំងទូក
© រក្សាសិទ្ធិដោយ thmeythmey.com