កីឡាអន្តរជាតិ
អន្តរជាតិ
Antony ក្លាយជាកីឡាករប្រេស៊ីលដំបូងដែលរកគ្រាប់ឱ្យ Man Utd ក្នុងការបង្ហាញខ្លួនដំបូងនៅ EPL
05, Sep 2022 , 1:59 pm        
រូបភាព
Antony ខ្សែប្រយុទ្ធស្លាបបានបង្ហាញខ្លួន ក្នុងការប្រកួតលើកដំបូងឱ្យ Manchester United ហើយបានស៊ុតគ្រាប់ដំបូងរបស់គេទល់ក្រុម Arsenal ថ្ងៃទី៤ ខែកញ្ញាទៀតផង។ មួយគ្រាប់នេះបានធ្វើឱ្យ Antony ក្លាយជាកីឡាករសញ្ជាតិប្រេស៊ីលដំបូងគេដែលរកគ្រាប់បាល់ក្នុងការបង្ហាញខ្លួនដំបូងឱ្យក្រុមបិសាចក្រហមនៅ Premier League។



Man United បានបញ្ចប់ភាពមិនចាញ់របស់កាំភ្លើងធំ Arsenal ត្រឹមការប្រកួតសប្តាហ៍ទី៦ នេះដោយលទ្ធផល ៣-១ និងជាជ័យជម្នះលើកទី៤ជាប់គ្នាក្រោមការដឹកនាំរបស់លោក ​Erik ten Hag។ 
 
Antony ផ្ទេរមកពី ​Ajax Amsterdam តម្លៃ ៩៤លានដុល្លារ និងប្រាក់បូកបន្ថែម ៦លានដុល្លារ បានស៊ុត១គ្រាប់​បើកការនាំមុនឱ្យក្រុមម្ចាស់ផ្ទះបិសាចក្រហមលើ Arsenal តាំងនាទី ៣៥ ដែលជាការបញ្ជូនបាល់យ៉ាងល្អពី Marcus Rashford។ Rashford រកបាន ២គ្រាប់នៅវគ្គទី២ ចំណែក Arsenal ស៊ុត១គ្រាប់តាមមកវិញនាទី៦០ ដោយ Bukayo Saka។
 
ក្រៅពីការរកគ្រាប់បាល់បានលើកដំបូងក្នុងការបង្ហាញខ្លួនឱ្យក្រុមថ្មី Antony ក៏ជាកីឡាករប្រេស៊ីលទី៩ ដែលបានលេងឱ្យក្រុមបិសាចក្រហម Man United។ Casemiro ជាកីឡាករប្រេស៊ីលទី៨ ដែលលេងឱ្យបិសាចក្រហម ក្រោយផ្ទេរពី Real Madrid កាលខែសីហា។
 
ស្ថិតក្នុងវ័យ ២២ឆ្នាំ និង ១៩២ថ្ងៃ ១គ្រាប់របស់ ​Antony ធ្វើឱ្យគេក្លាយជាកីឡាករប្រេស៊ីលវ័យក្មេងបំផុតដែលអាច រកគ្រាប់បានដំបូងនៅការបង្ហាញខ្លួនក្របខណ្ឌ Premier League សម្រាប់បិសាចក្រហម។
 
ក្រោយជួយនាំជ័យជម្នះឱ្យក្រុមរួចមកកីឡាករវ័យ ២២ឆ្នាំ បានបង្ហោះសារលើបណ្តាញសង្គមដោយនិយាយថា រូបគេសន្យានឹងបន្តរកគ្រាប់បាល់បន្ថែមទៀតនៅការប្រកួតខាងមុខ។
«ជាថ្ងៃដ៏ពិសេសមួយ ខ្ញុំពិតជាចង់អរគុណសម្រាប់ក្រុមបុគ្គលិក ​Man United និងមិត្តរួមក្រុមសម្រាប់ថ្ងៃដ៏អស្ចារ្យមួយនេះ។ ហើយទាំងនេះគឺសម្រាប់អ្នកគាំទ្រ Man United និងជាការស្រលាញ់របស់ខ្ញុំចំពោះអ្នកគ្រប់គ្នា នឹងមានគ្រាប់បាល់បន្ថែមទៀត ​វាទើបតែជាការចាប់់ផ្តើមប៉ុណ្ណោះ។»។ បើតាមការបង្ហោះលើ Twitter របស់ Antony។
 
Antony គឺជាកីឡាករម្នាក់ដ៏មានតម្លៃខ្លួនថ្លៃបំផុតដែល Man United បានយកមកក្នុងទីផ្សារដោះដូរដ៏មមាញឹកនារដូវកាលនេះ ជាមួយកីឡាករចំណូលថ្មីផ្សេងទៀតដូចជា Christian Eriksen, Tyrell Malacia, Lisandro Martinez, Casemiro និង Martin Dubravka៕
 
 
 
 

Tag:
 Antony
  Manchester United
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com