កីឡាជាតិ
ជាតិ
កីឡាកាយសម្ព័ន្ធកម្ពុជាឈ្នះមេដាយ៣ពីជើងឯកអាស៊ី លើទឹកដីថៃ
05, Sep 2022 , 6:29 pm        
រូបភាព
គ្រូបង្វឹក និងក្រុមកីឡាការិនីកាយសម្ព័ន្ធកម្ពុជា ក្រោយបំពាក់មេដាយប្រាក់។ រូបពី សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា
គ្រូបង្វឹក និងក្រុមកីឡាការិនីកាយសម្ព័ន្ធកម្ពុជា ក្រោយបំពាក់មេដាយប្រាក់។ រូបពី សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា
ដោយ:
កីឡាកាយសម្ព័ន្ធកម្ពុជាឈ្នះមេដាយ៣ ពីព្រឹត្តិការណ៍កីឡាកាយសម្ព័ន្ធជើងឯកអាស៊ី លើកទី៧ (7th AEROBIC GYMNASTICS ASIAN CHAMPIONSHIPS) នៅប្រទេសថៃ។ ឈ្នះមេដាយដូចបំណង បន្ទាប់ពីលោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាកំណត់គោលដៅឱ្យកីឡាករ-កីឡាការិនីកាយសម្ព័ន្ធ ប្រជែងមេដាយណាមួយឱ្យខាងតែបាន។

 
បន្ទាប់ពីបញ្ចប់ការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកអាស៊ីលើកទី៧ នៅប្រទេសថៃ កីឡាកាយសម្ព័ន្ធកម្ពុជាដណ្តើមបានមេដាយប្រាក់២ និងសំរឹទ្ធ១។ មេដាយប្រាក់ទី១ រកបានលើវិញ្ញាសាគូបុរស នារី អាយុ១២ ដល់១៤ ឆ្នាំ (កីឡាករ ស៊ាន វួចទ្រី និងកីឡាការិនី ឈួន ស្រីនាត) និងមេដាយប្រាក់ទី២ រកបានលើប្រភេទវិញ្ញាសាជាក្រុម ៥នាក់អាយុ១៥ ដល់១៧ឆ្នាំ (កីឡាការិនី ឌឹម អ៊នធីតា, ណេម សុខហេង, ស៊ីវ ចន្ថា, សួស ស្រីពៅ និងកីឡាការិនី ឈួន សុណ្ណបញ្ញា។
 
ចំណែកមេដាយសំរឹទ្ធ១ រកបានលើប្រភេទទ្រីយ៉ូ អាយុ១២ ដល់១៤ឆ្នាំ( កីឡាករ ស៊្រាន វួចទ្រី កីឡាការិនី ឈួន ស្រីនាត និងកីឡាការិនី ច្រឹង ចាន់ត្រា)។ ការទទួលបានមេដាយនៅក្នុងព្រឹត្តិការណ៍ប្រទេសថៃនេះដែរ សមដូចអ្វីដែលសហព័ន្ធបានរំពឹង និងកំណត់មុនពេលចេញទៅប្រកួត ដោយលោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាធ្លាប់បាននិយាយថា។


កីឡាករ ស៊ាន វួចទ្រី និងកីឡាការិនី ឈួន ស្រីនាត ទទួលមេដាយប្រាក់១ លើវិញ្ញាសាគូ។ រូបពី សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា
 
«មិនមែនមានន័យថា យើងមិនធ្លាប់ទទួលបានទេ ជើងឯកអាស៊ី យើងធ្លាប់ហើយ ចន្លោះឆ្នាំ២០១០-២០១៦។ អ៊ីចឹង ចន្លោះពីនោះ មកដល់បច្ចុប្បន្ន ជាពេលយើងស្ថាបនាកីឡាករ-កីឡាការិនី ដើម្បីធ្វើយ៉ាងណា ៦ ឬ ៨ឆ្នាំក្រោយ ឲ្យដល់ដំណាក់កាល រកមេដាយ។ ហើយបច្ចុប្បន្ននេះ ដល់ដំណាក់កាលពួកគេ ឈានទៅរកមេដាយហើយ ហើយពួកគេសុទ្ធសឹងជាកីឡាករ-កីឡាការិនីប្រមូលផ្ដុំថ្មី។ ខ្ញុំគិតថា ពួកគេនឹងធ្វើបានល្អ។ ខ្ញុំមានជំនឿចិត្តថា ពួកគាត់នឹងអាចរកបានមេដាយ ១ ក្នុងចំណោមមេដាយទាំង ៣ (មាស ប្រាក់ និងសំរឹទ្ធ)…»។
 
គួបញ្ជាក់ថា ប្រតិភូ និងអត្តពលិកកីឡាកាយសម្ព័ន្ធកម្ពុជា ១៨រូបចេញដំណើរទៅចូលរួមប្រកួតពានរង្វាន់កីឡាកាយសម្ព័ន្ធជើងឯកអាស៊ី លើកទី៧ (7th AEROBIC GYMNASTICS ASIAN CHAMPIONSHIPS) នៅប្រទេសថៃ ដែលមានប្រទេស៧ ចូលរួមប្រកួតរួមមាន កម្ពុជា ជប៉ុន អ៊ីរ៉ង់ កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី វៀតណាម និងម្ចាស់ផ្ទះថៃ។ ការប្រកួតនេះធ្វើឡើងពីថ្ងៃទី៣ ដល់ទី៥ ខែកញ្ញា នាខេត្តប៉ាតាយ៉ា ប្រទេសថៃ៕
 
 

Tag:
 កីឡាកាយសម្ព័ន្ធ
 ជើងឯកអាស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com