កីឡាអន្តរជាតិ
អន្តរជាតិ
Francesco Bagnaia ផ្តួល Bastianini ត្រឹម ០.០៣៤វិនាទី ដើម្បីឈ្នះការប្រណាំង San Marino GP
05, Sep 2022 , 6:49 pm        
រូបភាព
រូបភាព៖ MotoGP
រូបភាព៖ MotoGP
កីឡាករ Francesco Bagnaia សញ្ជាតិអ៊ីតាលីបើកបរម៉ូតូឱ្យក្រុម Ducati Racing ឈ្នះការប្រណាំងម៉ូតូធំលំដាប់ពិភពលោក MotoGP នាការប្រកួតក្នុងទីលានប្រណាំង San Marino Grand Prix ក្នុងទីក្រុង Misano Adriatico ប្រទេសអ៊ីតាលី ជាប្រទេសកំណើតរបស់គេ ថ្ងៃទី៤ ខែកញ្ញា។


 
នេះជាការប្រណាំងលើកទី១៤ ហើយក្នុងឆ្នាំ២០២២ សម្រាប់ការប្រកួតប្រណាំងម៉ូតូ MotoGP ក្នុងចំណោម ២០ទីលាន។ Bagnaia មកពីក្រុម Ducati នៅជុំចុងក្រោយ អាចទប់ទល់ការប្រជែងពីកីឡាករ Enea Bastianini ដែលបើកបរម៉ូតូឱ្យក្រុម Gresini Racing ដែលទើបចូលរួមការប្រណាំងកម្រិត MotoGP ក្នុងឆ្នាំនេះ។ Bagnaia យកជ័យជម្នះដោយថេរវេលាមុន Bastianini ត្រឹមតែ ០.០៣៤វិនាទីប៉ុណ្ណោះ ។
 
ជ័យជម្នះក្នុងប្រទេសកំណើតរបស់ខ្លួននេះ Bagnaia បានក្លាយជាកីឡាករក្រុម ​Ducati ដំបូង ដែលអាចឈ្នះការប្រកួត MotoGP ៤ទីលានជាប់គ្នា ដោយធ្លាប់ឈ្នះនៅទីលានប្រណាំងប្រទេសអូទ្រីស ,អង់គ្លេស និងហូឡង់។​
 
ក្រោយទទួលបានជ័យជម្នះនៅទីលានទី១៤ នេះ Bagnaia រកបានពិន្ទុបន្ថែមឡើងមកឈរលំដាប់ទីក្នុងតារាងពិន្ទុ MotoGP ដោយបច្ចុប្បន្នរូបគេមាន ១៨១ពិន្ទុ ឈរពីក្រោមកីឡាករ Fabio Quartararo របស់ក្រុម ​Yamaha racing ដែលមាន ២១១ពិន្ទុ។ 
 
Aleix Espargaro របស់ក្រុម Aprilia Racing បញ្ចប់ចំណាត់ថ្នាក់លេខ៣ ខណៈមិត្តរួមក្រុម Maverick Vinales បញ្ចប់ចំណាត់ថ្នាក់លេខ ៤ ។ ចំណែកកីឡាករ Quartararo ដែលជាឈរលេខមួយមានពិន្ទុដាច់គេបញ្ចប់ចំណាត់លេខ ៥ ក្រោយខកចិត្តទទួលបានលេខ៨ ក្នុងការប្រណាំងសាកល្បឿនជម្រុះដណ្តើមទីតាំងក្នុងចាប់ផ្តើម មុនការប្រកួត ដោយត្រូវឈរនៅក្នុងក្រុមម៉ូតូជួរទី៣។
 
ដោយឡែកកីឡាករក្រុម ​Ducati ម្នាក់ទៀត Jack Miller បានបោះបង់ការប្រកួតក្រោយចាប់ផ្តើមមិនល្អតាំងពីជុំទីមួយមកដោយបានរអិលដួល ហើយបញ្ចប់ចំណាត់ថ្នាក់លេខ១៨។ រីឯ កីឡាករ ​Marco Bezzecchi ក្រុម VR46 Racing ជាកីឡាករស្ថិតចំណាត់ថ្នាក់លេខ ១៧ ក្រោយដួលនៅជុំទី៣៕
 
 
 

Tag:
 MotoGP
© រក្សាសិទ្ធិដោយ thmeythmey.com