កីឡាជាតិ
ជាតិ
ស្ថាប័នអាជ្ញាកណ្តាលអង់គ្លេស ទទួលស្គាល់កំហុសរបស់ VAR ដែលមិនផ្តល់គ្រាប់បាល់ឱ្យ West Ham និង Newcastle
06, Sep 2022 , 8:29 am        
រូបភាព
ស្ថាប័នអាជ្ញាកណ្តាលប្រចាំអង់គ្លេស (PGMOL) នៅថ្ងៃទី៤ ខែកញ្ញា ទទួលស្គាល់កំហុស លើការកាត់សេចក្តីតាមប្រព័ន្ធវីដេអូជំនួនការជ្ញាកណ្តាល (​VAR) មិនត្រឹមត្រូវក្នុងជំនួប Chelsea ទល់ West Ham United និង Newcastle United ជាមួយ Crystal Palace នៅ Premier League។ PGMOL អះអាងថានឹងសហការជាមួយលីគកំពូលអង់គ្លេសដើម្បីត្រួតពិនិត្យកំហុសនេះឡើងវិញ។



មូលហេតុដែលធ្វើឱ្យ PMGOL បកស្រាយពីកំហុសបែបនេះ ក៏ព្រោះតែជំនួប EPL សប្តាហ៍ទី៦ មានការសម្រេចចិត្តមិនត្រឹមត្រូវរបស់ប្រព័ន្ធ VAR ដែលសម្រេចមិនផ្តល់គ្រាប់បាល់ទៅឱ្យក្រុម Newcastle និង West Ham ដែលបានស៊ុតចូលគូ Crystal Palace និង Chelsea រៀងខ្លួន។
 
កីឡាករ Newcastle បានគិតថាពួកគេបានស៊ុតចូលទីដោយទទួលស្គាល់ពីអាជ្ញាកណ្តាលលើទីលាន ហើយអាចជាគ្រាប់ជ័យជម្នះ ខណៈដែល​គ្រាប់បាល់ West Ham ដែល VAR មិនផ្តល់ឱ្យនោះគឺជាគ្រាប់តាមស្មើ ២-២ លើក្រុម Chelsea។
 
ការសម្រេចចិត្តនេះត្រូវបានរងការរិះគន់យ៉ាងខ្លាំង ហើយមានអ្នកគាំទ្រជាច្រើនបានប្រកែកគ្នាថា ការបង្កើតប្រព័ន្ធ VAR មិនមែនសម្រាប់ធ្វើឡើងបញ្រ្ចាស់ពីការសម្រេចរបស់អាជ្ញាកណ្តាលលើទីលាននោះទេ។ 
 
ក្រោយមានរឿងហេតុបែបនេះកើតឡើងមួយថ្ងៃ PMGOL ក៏បានប្រកាសទទួលកំហុសដែលបានកើតមាន ហើយស្ថាប័នអាជ្ញាកណ្តាលប្រចាំអង់គ្លេស ក៏សន្យាថានិងសហការជាមួយខាង ​Premier League ដើម្បីត្រួតពិតិន្យកំហុសទាំងនោះឡើងវិញ។
 
«PMGOL ទទួលស្គាល់ចំពោះហេតុការណ៍មិនផ្តល់គ្រាប់បាល់ក្នុងជំនួប Chelsea ប៉ះ West Ham និង Newcastle ប៉ះ Crystal Palace។ យើងនឹងសហការពេញលេញជាមួយ Premier League និងតាមសំណើរឱ្យត្រួតពិនិត្យឡើងវិញនូវហេតុការណ៍សម្រាប់ជំនួបទាំង ២ នោះ។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ PMGOL៕
 
 
 
 
 
 

Tag:
 PGMOL
 Chelsea
  Newcastle
© រក្សាសិទ្ធិដោយ thmeythmey.com