កីឡាជាតិ
ជាតិ
កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ តម្លៃជាង​៣,៥លាន​ដុល្លារ​ត្រូវបានសម្ពោធ​ដាក់ឲ្យ​ប្រើ​ប្រាស់
06, Sep 2022 , 12:29 pm        
រូបភាព
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ថ្លៃងក្នុងពិធីសម្ពោធកីឡដ្ឋាន​ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៦ ខែកញ្ញា
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ថ្លៃងក្នុងពិធីសម្ពោធកីឡដ្ឋាន​ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៦ ខែកញ្ញា
កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ ត្រូវបាន​ដាក់ឲ្យ​ប្រើ​ប្រាស់ជា​ផ្លូវ​ការ​ ចាប់ពីថ្ងៃទី​៦ ខែ​កញ្ញា តទៅ ក្រោយដំណើរ​ការសាងសង់​អស់រយៈពេល​ជាង​១ឆ្នាំកន្លះ​។ ពិធីសម្ពោធ បាន​ប្រព្រឹត្តទៅ​ក្រោមអធិបតីភាព​លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួងដែនដី នគរូបនីយកម្ម និង​សំណង់។

 
ចម្ងាយ​ប្រមាណ​៤គីឡូម៉ែត្រពីផ្លូវជាតិ​លេខ៤ ក្នុងភូមិ​តាម៉ុល សង្កាត់​ច្បារមន ក្រុង​ច្បារមន «កីឡដ្ឋានខេត្តកំពង់ស្ពឺ»  បាន​ក្លាយ​ជា​កីឡដ្ឋាន​ស្តង់ដារ​ដំបូងបំផុត​នៅក្នុងខេត្តមួយនេះ ជាពិសេស​កីឡា​បាល់ទាត់ ដែលពេញនិយម​បំផុត។ 
 
 
កីឡដ្ឋាន ត្រូវបាន​សាងសង់ឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​លោក ហ៊ុន ម៉ាន ដែល​ជាអ្នក​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ ដោយ​លោក​សម្រេច​ឲ្យមានគម្រោង​នេះ ដើម្បី​រួមចំណែក​អភិវឌ្ឍនវិស័យ​កីឡាក្នុងខេត្ត និងក្នុងក្របខណ្ឌ​កម្ពុជា​ទាំងមូល ដែល​កំពុង​ត្រៀម​ធ្វើជាម្ចាស់ផ្ទះ​សម្រាប់​ព្រឹត្តិការណ៍កីឡាស៊ីហ្គេម​ឆ្នាំ​២០២៣។
 
ក្រោម​ការគាំទ្រពីភាគីពាក់ព័ន្ធជាពិសេសរដ្ឋបាល​ខេត្ត ទីតាំង​សាង​សង់​ត្រូវបាន​កំណត់​កាលពីឆ្នាំ២០១៨ ហើយ​ក្រោម​ការអំពាវនាវពីសំណាក់​លោក ហ៊ុន ម៉ានី ក្រុម​ការ​ងា​រសាងសង់ ទទួល​បាន​ថវិកាឧបត្ថម្ភ​ធំដំបូងចំនួន​២លាន​ដុល្លារអាម៉េរិក ពីគម្រោង​ណាហ្គាវើលដ៍​បេះដូងសប្បុរស។
 
តាមរបាយការណ៍ កីឡដ្ឋាន​បាន​ចាប់ផ្តើម​បើកការដ្ឋាន​នៅថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយ​បញ្ចប់ការសាងសង់នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ២០២២ ដោយ​ក្រុមហ៊ុន Camfield Trading ជាមួយ​នឹង​ការ​សិក្សា​បច្ចេកទេស​ប្លង់​ស្ថាបត្យកម្មពីក្រុម​ក្រុមហ៊ុន Mekong Co.Ltd។
 
កីឡដ្ឋាន​មាន​កន្លែង​សម្រាប់អ្នក​ទស្សនា​ចំនួន​៣០០០នាក់ ដោយ​ក្រៅពីទីលាន​បាល់ទាត់ កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ ក៏មានទីលាន​រត់​ប្រណាំង សួន​កុមារ កន្លែងហាត់ប្រាណ សំណង់រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ និង​រូបសំណាកសម្តេចព្រះសង្ឃរាជ ជួន ណាត ផងដែរ។
 
តាមរបាយការណ៍ ការងារ​សាងសង់ហេដ្ឋា​រចនា​សម្ព័ន្ធទាំងអស់នៃកីឡ​ដ្ឋាន​ខេត្តកំពង់ស្ពឺ ចំណាយ​ថវិការ​សរុប​អស់​ប្រមាណ​៣,៥លាន​ដុល្លារអាម៉េរិក ដោយប្រើប្រាស់​ថវិកាដែលកៀរគរបានពីក្រុមហ៊ុន​ឯកជន​ និង​សប្បុរសជន​នានាន តាម​រយៈលោក ហ៊ុន ម៉ានី ចំនួន ជាង២,៩លានដុល្លារ ហើយថវិកាដែលនៅខ្វះ​ត្រូវបំពេញបន្ថែម មាន​៥៨ម៉ឺន​ដុល្លារ។
 
បើទោះបីជាត្រូវបានសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវការក៏ដោយ ប៉ុន្តែគម្រោង​សាងសង់នៅ​តែមាន​ជំហាន​បន្តទៅមុខទៀត ដូចជា​ការបំពាក់​សម្ភារ បរិក្ខា​ការិយាល័យ តុ កៅអី តាមបន្ទប់ បន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់សម្រាប់កីឡាករ ការ​បំពាក់​ប្រព័ន្ធសំឡេង ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ការ​សាងសង់​កន្លែង​បង្ហាញលទ្ធផល (Score Board) និង​ផ្លូវ​រត់​ប្រណាំងជុំវិញទីលាន​បាល់ទាត់។
 
សូមបញ្ជាក់ថា កីឡដ្ឋាន​កំពង់ស្ពឺ ដែល​សង់​លើផ្ទៃដីរួមទំហំជាង​៤៣ម៉ែត្រក្រឡានេះ ក៏នឹង​ក្លាយជា​ផ្ទះ​របស់​ក្លិបណាហ្គាវើល៍ ផងដែរ។ ណាហ្គាវើលដ៍ ដែលមានឈ្មោះដើមថា ណាហ្គាខប ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០១ ដោយមានមូលដ្ឋាននៅរាជធានីភ្នំពេញ។
 
ក្លិបនេះ ឈ្នះពានក្របខណ្ឌកំពូល ៣លើក និងពានសម្តេច ហ៊ុន សែន ១លើក តែជាក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ២ ច្រើនជាងគេក្នុងក្របខណ្ឌកំពូល និងពានសម្តេច ហ៊ុន សែន។ ការប្រើប្រាស់កីឡដ្ឋាននៅខេត្តកំពង់ស្ពឺ ជាមូលដ្ឋានក្នុងដី មានន័យថា នេះជាលើកដំបូង ក្រោយបង្កើតបាន២១ឆ្នាំ ដែលក្លិបមួយនេះ មានកីឡដ្ឋានផ្ទាល់ខ្លួន៕
 

Tag:
 កីឡដ្ឋានខេត្តកំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com