កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ancelotti បារម្ភការប្រកួត World Cup ប៉ះពាល់ដល់ការការពារតំណែង UCL
06, Sep 2022 , 3:06 pm        
រូបភាព
លោក Carlo Ancelotti ថ្ងៃទី៥ ខែកញ្ញា បានបង្ហាញក្តីបារម្ភថា ការប្រកួត World Cup 2022 នៅប្រទេសកាតា អាចជះឥទ្ធិពលដល់កីឡាករ ដែលមិនអាចដឹងមុន ចំពោះការការពារតំណែងជើងឯក UEFA Champions League របស់ Real Madrid។



Real Madrid នឹងត្រូវចាប់ផ្តើមដំណើរការប្រកួតពានរង្វាន់ UCL របស់ខ្លួននាថ្ងៃទី៦ ខែកញ្ញានេះ ដោយត្រូវធ្វើដំណើរទៅប៉ះក្រុមជើងឯកលីគកំពូលស្កុតឡែន Celtic សម្រាប់ជំនួបពូល F វេលាម៉ោង ២យប់ រំលងអាធ្រាត្រ។ 
 
ការប្រកួតវគ្គចែកពូល UCL រដូវកាលនេះ នឹងត្រូវធ្វើឡើងដោយមានការកាត់បន្ថយពេលវេលាប្រកួតឱ្យលឿនជាងមុន ព្រោះតែការប្រកួត World Cup ដែលតាមធម្មតាធ្វើឡើងនៅរដូវក្តៅ ប៉ុន្តែត្រូវបានផ្លាស់ប្តូរទៅប្រកួតចុងឆ្នាំ ២០២២ នៅកាតា។ កាតាជាប្រទេសដែលមានអាកាសធាតុក្តៅខ្លាំងនារដូវកាលក្តៅ ទើបការប្រកួតសម្រេចជ្រើសរើសនាចុងឆ្នាំ ២០២២ ដែលជារដូវរងារសម្រាប់ប្រទេសតំបន់អាស៊ី។
 
ក្រុមស្ថិតតាមពូលនីមួយនៃ UCL និងត្រូវលេង ៦ប្រកួតក្នុងរយៈពេល ២ខែ សម្រាប់ប្រកួតប្រជែងកៅអីវគ្គ ១៦ក្រុម មុនថ្ងៃទី២ ខែវិច្ឆិកា។ ក្នុងសន្និសីទកាសែតមុនការប្រកួតនេះ លោក Ancelotti បាននិយាយថា ការប្រកួតពានរង្វាន់ក្នុងតំបន់មិនមែនជាក្តីបារម្ភ ប៉ុន្តែស្ថានភាពកីឡាករក្រោយការវិលត្រលប់ពី World Cup ទើបជាក្តីបារម្ភដ៏ខ្លាំង។
 
«រហូតទៅដល់ World Cup ខ្ញុំគិតថាយើងមិនមានបញ្ហាអ្វីឡើយ កីឡាករកំពុងតែត្រៀមខ្លួននិងកាប្តេជ្ញាចិត្តយ៉ាងល្អ។ សំណួរសួរថាពេលកីឡាករវិលត្រលប់មកពី World Cup វិញនឹងទៅជាយ៉ាងណា នោះយើងមិនអាចដឹងមុនឡើយ រឿងបញ្ហាកីឡាកររងរបួសក្រោយការប្រកួត World Cup ទើបជារៀងដែលគួរបារម្ភចំពោះការការពារតំណែងជើងឯក UCL។«។ លោក Ancelotti និយាយបែបនេះ។
 
Real Madrid រដូវកាលមុនជាក្រុមឈ្នះជើងឯក UCL និងជាការឈ្នះពានរង្វាន់ក្លិបកំពូលប្រចាំអឺរ៉ុប លើកទី១៤ របស់ខ្លួន ក្រោយទម្លាក់ក្រុមខ្លាំងៗដូចជា Paris Saint Germain, Chelsea, Manchester City និង ចុងក្រោយឈ្នះ Liverpool ១-០ វគ្គផ្តាច់ព្រ័ត្រ៕
 

Tag:
 Carlo Ancelotti
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com