កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូបង្វឹក Juventus ថា ការវះកាត់ជង្គង់អាចប៉ះពាល់ដល់សុបិន្តលេង World Cup របស់ Pogba
06, Sep 2022 , 10:29 pm        
រូបភាព
ខ្សែបម្រើ Paul Pogba អាចនឹងខកខានបង្ហាញខ្លួនក្នុងការប្រកួត ​World Cup នៅប្រទេសកាតា ក្រោយរូបគេសម្រេចចិត្តទទួលយកការវះកាត់ជង្គង់ ព្រោះមានបញ្ហារបួសដំបៅសរសៃពួរ។ នេះបើតាមសម្តីលោក Massimiliano Allegri គ្រូបង្វឹកក្រុម ​Juventus ថ្ងៃទី៥ ខែកញ្ញា។



Pogba បានបញ្ចប់ការរួមរស់ជាមួយ Manchester United ក្រោយបង្ហាញខ្លួន ៦រដូវកាល ដោយវិលត្រលប់ទៅក្លិបចាស់​ ​Juventus ដែលមានទីតាំងក្នុងទីក្រុងទូរីនវិញ។ តែ Pogba មិនទាន់បានបង្ហាញសមត្ថភាពក្នុងការប្រកួតក្របខណ្ឌ Serie A ផង កីឡាករវ័យ ២៩ឆ្នាំទទួលរងរបួសដោយសារដំបៅសរសៃពួរជង្គង់។
 
ខ្សែបម្រើសញ្ជាតិបារាំងរូបនេះ ធ្លាប់ក្លាយជាកីឡាករដ៏សំខាន់សម្រាប់ក្រុមជម្រើសជាតិបារាំង World Cip កាលឆ្នាំ ២០១៨ នៅប្រទេសរុស្ស៊ី ដោយជួយក្រុមបារាំងឈ្នះជើងឯក ​World Cup លើកទីពីរក្នុងប្រវត្តិសាស្រ្ត។​ Pogba ជ្រើសរើសការវះកាត់នេះ ដោយគោលបំណងអាចទទួលបានការធូស្បើយ ពីរបួសមុនការប្រកួត World Cup នៅកាតា ដែលធ្វើឡើងចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២២។
 
ក្នុងសន្និសីទសារព័ត៌មានរបស់ក្រុម ​Juventus មុនជំនួប Champions League ប៉ះក្រុមម្ចាស់ផ្ទះ Paris Saint Germain លោក Allegri បានបង្ហើបថា កីឡាករវ័យ ២៩ឆ្នាំ នឹងទទួលបានការវះកាត់ ហើយអាចប៉ះពាល់ដល់ក្តីសុបិន្តបង្ហាញខ្លួន ​World Cup នៅកាតា។
 
«ខ្ញុំរំពឹងថា Pogba នឹងអាចវិលត្រលប់មកវិញក្នុងខែមករា បើទោះបីគេលេងការប្រកួត World Cup ឬក៏អត់ វាមិនមែនជាបញ្ហារបស់ខ្ញុំឡើយ។ ព្រឹកនេះគេបានមកហ្វឹកហាត់ជាលើកទី២ តែបានឈប់ទៅវិញ ហើយរូបគេបានប្រាប់ថាគេសម្រេចចិត្តយកការវះកាត់របួសជង្គង់ ខ្ញុំក៏ជូនពររូបគេអាចវិលមកវិញមុនការប្រកួត World Cup។»។ លោក ​Allegri និយាយបែបនេះ។
ក្រុម Juventus សម្រាប់រដូវកាល​ ២០២២-២៣ នៃពានរង្វាន់ UCL នេះពួកគេស្ថិតក្នុងពូល H ដែលមានការចូលរួមពីក្រុមម្ចាស់ជើងឯកលីគកំពូលបារាំង PSG ក្រុមខ្លាំងមកពីព័រទុយហ្គាល់ SC Benfica និងក្រុម Maccabi Haifa៕
 

Tag:
 Juventus
  Massimiliano All
© រក្សាសិទ្ធិដោយ thmeythmey.com