កីឡាជាតិ
ជាតិ
ឈ្នះមេដាយមាស៣នៅថៃ កីឡាហែលទឹកកម្ពុជា ឈរលំដាប់លេខ៥ ក្នុងចំណោម១៦ប្រទេស
06, Sep 2022 , 11:29 pm        
រូបភាព
លោក ហែម គីរី(កណ្តាល) ផ្តល់បទសម្ភាស ពេលវិលត្រលប់ពីប្រទេសថៃវិញ។ រូបពី សហព័ន្ធខ្មែរកីឡាហែលទឹក
លោក ហែម គីរី(កណ្តាល) ផ្តល់បទសម្ភាស ពេលវិលត្រលប់ពីប្រទេសថៃវិញ។ រូបពី សហព័ន្ធខ្មែរកីឡាហែលទឹក
ដោយ:
ក្រុមកីឡាហែលទឹកកម្ពុជា ស្ថិតនៅចំណាត់ថ្នាក់ទី៥ ក្នុងចំណោម១៦ ប្រទេស ដែលចូលរួមប្រកួតកីឡាហែលទឹកវិលជុំពិភពលោក (Finswimming’s World Cup Round Swimming Pool 2022) នៅប្រទេសថៃ។ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកថាការទទួលលទ្ធផលល្អនៅភូកេតនេះ ជាជំហានទី២ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម២០២៣។

 
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក និងជាប្រតិភូ ដឹកនាំអត្តពលិកទៅចូលរួមប្រកួតកីឡាហែលទឹកវិលជុំពិភពលោកបានវិលត្រលប់មកកាន់មាតុប្រទេសវិញដោយសុវត្ថិភាពរួមជាមួយមេដាយមាស៣ និងសំរឹទ្ធ១។  មេដាយទាំង៤នេះ ដណ្តើមបានដោយកីឡាការិនី កាំង មុយនីន ដែលជាលទ្ធផលដ៏ល្អរហូតទទួលបានការសាទរពីបណ្តាអ្នកគាំទ្រ ក៏ដូចជាថ្នាក់ដឹកនាំកម្ពុជា។


ប្រតិភូ គ្រូបង្វឹក​កីឡាករ-កីឡាការិនីកីឡាហែលទឹកកម្ពុជា​ ក្រោយបញ្ចប់បេសកកម្មពីប្រទេសថៃវិញ។ រូបពី សហព័ន្ធខ្មែរកីឡាហែលទឹក
 
ជាមួយនឹងការវិលមកវិញនេះដែរលោក ហែម គីរី បង្ហាងក្តីរំភើបចំពោះកីឡាការិនីហែលទឹកដែលទទួលបានលទ្ធផលល្អពីព្រឹត្តិការណ៍លំដាប់ពិភពលោក Finswimming’s World Cup Round Swimming Pool 2022 នេះ។ លោកថានេះជាលើកដំបូងសម្រាប់ខ្លួនផ្ទាល់ តាំងពីឆ្នាំ១៩៨០ មកក្នុងនាមជាកីឡាករ គ្រូបង្វឹក និងជាអគ្គលេខាធិការដែលបានឮភ្លេងជាតិកម្ពុជា បង្ហូតទង់ឡើងនៅទីតាំងប្រកួតកីឡាហែលទឹក។
 
ក្នុងចំណោម ១៦ប្រទេសកម្ពុជាឈរលេខ៥ ដែលមានមេដាយមាស៣ និងសំរឹទ្ធ១ បន្ទាប់ពីជប៉ុនឈរលេខ៤ មានមេដាយមាស៤ ប្រាក់៨ និងសំរឹទ្ធ៨។ ចំណែកវៀតណាម ឈរលេខ១ មេដាយមាស២៦ ប្រាក់១១ និងសំរឹទ្ធ៥ ឥណ្ឌូណេស៊ី ឈរលេខ២ មេដាយមាស៤ ប្រាក់៧ សំរឹទ្ធ៩ ខណៈថៃឈរលេខ៣ មេដាយមាស៤ ប្រាក់១១ និងសំរឹទ្ធ១៣។
 
លោក គីរី បរិយាយទាំងក្តីត្រេកអរពីអ្វីដែលសហព័ន្ធទទួលបានដោយលោកបញ្ជាក់ថា នេះជាជំហានទី២ បន្ទាប់ពីស៊ីហ្គេមលើកទី៣១ នៅវៀតណាម ដែលកម្ពុជាទទួលបានមេដាយសំរឹទ្ធដំបូង សម្រាប់កីឡាករ-កីឡាការិនី។​ ទាំងនេះ បានធ្វើឱ្យគ្រូបង្វឹកមានកម្លាំងចិត្តក្នុងការត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេមខាងមុខ ដែលនៅសល់ត្រឹមរយៈពេល៨ខែទៀត។
 
គួបញ្ជាក់ថា កីឡាការិនី កាំង មុយនីន ទទួលបានជ័យលាភីមេដាយមាស៣ និងសំរឹទ្ធ១។ ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីសហព័ន្ធខ្មែរកីឡាហែលទឹកបានមកដល់កម្ពុជាវិញកាលពីថ្ងៃទី៥ ខែកញ្ញា។
 
ខាងក្រោមជាបញ្ជីឈ្មោះប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីនៃ កីឡាហែលទឹក៖
១. លោក ហែម គីរី ប្រធានប្រតិភូ 
២. លោក ហែម ថុនពន្លឺ គ្រូបង្វឹក 
៣. កីឡាការិនី កាំង មុយនីន 
៤. កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត
៥. កីឡាករ លឹម កែវឧត្តម 
៦. កីឡាករ ឆោម ច័ន្ទថន 
៧. កីឡាករ ទួន ទិត្យសត្យា 
៨. កីឡាករ លឹម សុខវឌ្ឍន៍នន្ទ៕
 
 
 

Tag:
 កីឡាហែលទឹក
 ហែម គីរី
© រក្សាសិទ្ធិដោយ thmeythmey.com