កីឡាអន្តរជាតិ
អន្តរជាតិ
លោក ​Tuchel ខឹងកូនក្រុមដែលលេងគ្មានភាពជាក្រុមក្រោយ Chelsea ចាញ់នៅ ​UCL
07, Sep 2022 , 2:06 pm        
រូបភាព
លោក Thomas Tuchel អ្នកចាត់ការ ​Chelsea ថ្ងៃទី៦ ខែកញ្ញា បានបង្ហាញអារម្មណ៍ខឹងសម្បារ ចំពោះកូនក្រុមធ្វើមិនបានល្អ ហើយលេងគ្មានភាពជាក្រុមតែមួយ ក្រោយចាញ់ ១​-០ ក្រោមថ្វីជើង Dinamo Zagreb នាជំនួបបើកឆាក UEFA ​Champions League ។


បរាជ័យទល់ក្រុមក្រូអាស៊ី Dinamo Zagreb ជាការចាញ់លើកទី៣ ហើយសម្រាប់ Chelsea ចំពោះ ៥ប្រកួតចុងក្រោយមកនេះនៅរាល់ក្របខណ្ឌ។ Chelsea ដែលកំពុងមានទម្រង់មិនល្អខ្លាំងតំបន់ប្រយុទ្ធជួរមុខ ខណៈតំបន់ការពារមិនទាន់រឹងមាំឡើងវិញ បានរបូតគ្រាប់បាល់ទៅឱ្យក្រុមម្ចាស់ផ្ទះ Dinamo Zagreb ១គ្រាប់តាំងពីនាទី១៣ ។
 
មិនពេញចិត្តចំពោះទម្រង់លេងដ៏អាក្រក់នៃក្រុមលោក Tuchel បានរិះគន់ដោយក្តីខឹងសម្បារ។ មិនត្រឹមតែប៉ុណ្ណោះ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ក៏បានបន្ទោសខ្លួនឯងដែរចំពោះលទ្ធផលមិនល្អនៃក្រុម។
 
«ខ្ញុំមិនបានដឹងថានឹងទៅជាបែបនេះឡើយ។ ខ្ញុំបានគិតថាប្រកួតចុងក្រោយបង្អោះបានជួយយើង ធ្វើឱ្យយើងត្រៀមខ្លួន​ ខ្ញុំគិតថាយើងទាំងអស់គ្នាបានដឹងពីរឿងទាំងនេះរួចហើយ។ ខ្ញុំមិនដឹងទេថាការលេងដ៏ងាក្រក់ថ្ងៃនេះបានមកពីណាទេ គ្មានភាពចង់ឈ្នះសោះ គ្មានគុណភាព ។ ខ្ញុំចង់បានកម្រិតខ្ពស់ជាងនេះក្នុងការប្រកួត។ ខ្ញុំពិតជាខឹងចំពោះទម្រង់លេងនេះ មិនច្បាស់លាស់ គ្មានតិចនិចគ្រប់គ្រាន់ មិនប្រជែងខ្លាំងជាមួយបាល់ សូម្បីប្រជែង ១ទល់១ ក៏មិនល្អ ជារួមគ្មានភាពជាក្រុមតែមួយទាល់តែសោះ។»។លោក ​Tuchel និយាយបែបនេះក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត។
 
លើសពីនេះគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង អះអាងបន្ថែមថា លោកភ្ញាក់ផ្អើលចំពោះរបៀបលេងរបស់ក្រុមម្ចាស់ផ្ទះ ហើយ​ Chelsea មិនបានមើលស្រាលលើ Dinamo Zagreb នោះឡើយ។ ប៉ុន្តែហេតុផលចាញ់ដ៏ចម្បងគឺក្រុមលោកគ្មានការផ្តោតអារម្មណ៍បានល្អ។
 
សូមជម្រាបថាការប្រកួតបន្ទាប់របស់ក្រុមតោខៀវ Chelsea នឹងត្រូវធ្វើដំណើរទៅទឹកដី Craven Cottage ប្រកួតជាមួយម្ចាស់ផ្ទះ Fulham សម្រាប់យុទ្ធនាការ Premier League សប្តាហ៍ទី៧ នាថ្ងៃទី១០ ខែកញ្ញា៕
 

Tag:
 Thomas Tuchel
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com