កីឡាអន្តរជាតិ
អន្តរជាតិ
Haaland បង្កើតកំណត់ត្រាថ្មី៣ ក្រោយរកបាន ២គ្រាប់ឱ្យ Man City នៅ UCL
07, Sep 2022 , 9:29 pm        
រូបភាព
ខ្សែប្រយុទ្ធវ័យក្មេង Erling Haaland សាងកំណត់ត្រាថ្មីដល់ទៅ៣ តាមរយៈការរកបាន ២គ្រាប់ម្នាក់ឯង ដើម្បីជួយក្រុមថ្មី Manchester City យកឈ្នះក្រុមអេស្ប៉ាញ Sevilla ៤-០ នៅជំនួប ​Champions League ពូល G ថ្ងៃទី៦ ខែកញ្ញា។



គ្រាប់បាល់ជ័យជម្នះទាំង ៤គ្រាប់របស់ Man City ធ្វើបានដោយ Haaland ២គ្រាប់នៅនាទី២០ និងនាទី៦៧និង២គ្រាប់ទៀតដោយខ្សែបម្រើប្រយុទ្ធ Phil Foden នៅនាទី៥៨ និងខ្សែការពារ Ruben Dias នាទី៩០​+២។ នេះជាជ័យជម្នះដ៏ល្អមួយសម្រាប់ក្រុមមេឃខៀវនៅកីឡដ្ឋាន Estadio R.Sanchez Pizjuan របស់ Sevilla។
 
ស៊ុតចូល២គ្រាប់ម្នាក់ឯងក្នុងការបង្ហាញខ្លួនលើកដំបូងនៅពានរង្វាន់ Champions League ជាមួយក្រុមមេឃខៀវ បានជួយ Haaland វ័យ ២២ឆ្នាំ ធ្វើបានតំណត់ត្រាថ្មីពីរ ដោយក្លាយជាកីឡាករ Man City ដំបូងគេបង្អោះដែលអាចរកគ្រាប់បានទាំងនៅ Premier League និង UCL ក្នុងបង្ហាញខ្លួនលើកដំបូង។ មិនត្រឹមតែប៉ុណ្ណោះ Haaland បានក្លាយជាកីឡាករទី៤​ ដែលអាចស៊ុតបញ្ចូលទីនាការបង្ហាញខ្លួនលើកដំបូងនៅក្លិប ៣ផ្សេងគ្នា (Salzburg, Borussia Dortmund និង Man City) បន្ទាប់ពីកីឡាករ Fernando Morientes, Javier Saviola និង Zlatan Ibrahimovic។ នេះបើតាមកំណត់ត្រារបស់​ OptaJeo។
 
ក្រៅពីកំណត់ទាំងពីរខាងលើនេះ ក្នុងវ័យ ២២ឆ្នាំ និង ៤៧ថ្ងៃ Haaland ក៏ធ្វើបានបំបែកកំណត់ត្រា មួយបន្ថែមទៀតរបស់ UEFA ដោយក្លាយជាកីឡាករវ័យក្មេងបំផុតដែលអាចស៊ុតបាន ២៥គ្រាប់ត្រឹម ២០ប្រកួតនៅ UCL។ 
 
បង្ហាញខ្លួនបានល្អម្តងហើយម្តងទៀតពីសំណាក់ខ្សែប្រយុទ្ធសញ្ជាតិន័រវែស​ ធ្វើឱ្យលោក Pep Guardiola ភ្ញាក់ផ្អើលនិងពេញចិត្តខ្លាំងចំពោះខ្សែប្រយុទ្ធវ័យក្មេងនេះ។ ក្រោយចប់ការប្រកួតអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ បាននិយាយប្រាប់ទៅអ្នកកាសែតថា លោកពេញចិត្តសមត្ថភាពនិងទម្លាប់លេងដ៏ល្អរបស់ Haaland។
 
«ខ្ញុំពិតជាពេញចិត្តសមត្ថភាព និងទម្លាប់លេងដ៏ល្អរបស់គេបែបនេះខ្លាំងណាស់ ហើយខ្ញុំក៏ពេញចិត្តចំពោះទម្លាប់ដែលនៅក្នុងសន្និសីទកាសែតតែងតែមានសំណួរសួរពីគាត់ (Haaland)​ ខ្ញុំក៏សង្ឃឹមថារូបគេនឹងអាចបន្តទម្លាប់ល្អបែបនេះ។ វាមិនមែនត្រឹមតែ ២គ្រាប់នេះទេ រូបគេនឹងតែងអាចរកគ្រាប់បាល់បន្ថែមទៀត។»។ នេះបើតាមសម្តីលោក Pep Gaurdiola៕
 
 
 
 

Tag:
 Erling Haaland
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com