អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រេសិត​នុយក្លេអ៊ែរ​ជប៉ុន​​ថា កូរ៉េ​ខាងជើងនៅតែត្រូវបានស្វាគមន៍ឱ្យ​ចូល​តុ​ចរចាជានិច្ច​
07, Sep 2022 , 10:29 pm        
រូបភាព
ប្រេសិតទទួលបន្ទុកបញ្ហាកូរ៉េខាងជើងរបសអាម៉េរិក ជប៉ុន និងកូរ៉េខាងត្បូង ជួបគ្នានៅទីក្រុងតូក្យូ។ រូបថត AFP
ប្រេសិតទទួលបន្ទុកបញ្ហាកូរ៉េខាងជើងរបសអាម៉េរិក ជប៉ុន និងកូរ៉េខាងត្បូង ជួបគ្នានៅទីក្រុងតូក្យូ។ រូបថត AFP
ប្រេសិត​នុយក្លេអ៊ែរ​ជប៉ុនលោក Takehiro Funakoshi នៅថ្ងៃទី៧ ខែកញ្ញា បានលើកឡើងថា កូរ៉េខាងជើងនៅតែត្រូវបានស្វាគមន៍ជានិច្ចក្នុងការចូលតុចរចាដើម្បីរំសាយអាវុធ​នុយក្លេអ៊ែរឡើងវិញ បើទោះបីជាកូរ៉េខាងជើងអាចបង្កការគំរាមបន្ថែមទៀតក្តី។ លោក Takehiro Funakoshi លើកឡើងបែបនេះមុនចូលរួមកិច្ចប្រជុំជាមួយសមភាគីអាម៉េរិក និងកូរ៉េខាងត្បូង។



ប្រេសិតទទួលបន្ទុកនុយក្លេអ៊ែរជប៉ុន អាម៉េរិក និងកូរ៉េខាងត្បូងនៅថ្ងៃទី៧ ខែកញ្ញាបានជួបប្រជុំគ្នានៅទីក្រុងតូក្យូ ដើម្បីពិភាក្សាពីយុទ្ធសាស្ត្រឆ្លើយតបនឹងកូរ៉េខាងជើង ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ខណៈទីក្រុងព្យុងយ៉ាង បានបង្កការគំរាមផ្សេងៗ។
 
«កូរ៉េខាងជើងកំពុងបន្ត និងបង្កើនល្បឿនពង្រឹងសមត្ថភាពនុយក្លេអ៊ែរនិងមីស៊ីលរបស់ខ្លួនហើយមានឱកាសលេចចេញនូវការបង្ករឿងក្នុងតំបន់បន្ថែមទៀត ដូចជាការសាកល្បងនុយក្លេអ៊ែរជាដើម»។​ ប្រេសិត​នុយក្លេអ៊ែរ​ជប៉ុនលោក Takehiro Funakoshi បានលើកឡើងបែបនេះមុនកិច្ចពិភាក្សាជាមួយសមភាគីអាម៉េរិក និងកូរ៉េខាងត្បូង។ 
 
បើទោះជាយ៉ាងនេះក្តី លោក Funakoshi បានសង្កត់ធ្ងន់ថា ទាំងជប៉ុន អាម៉េរិក និងកូរ៉េខាងត្បូងតែងបើកចំហនិងតែងតែស្វាគមន៍សម្រាប់ការសន្ទនាជាមួយកូរ៉េខាងជើង។
 
កាលពីពាក់កណ្តាលខែសីហា កូរ៉េខាងជើងបានបាញ់មីស៊ីលអន្តរទ្វីបចំនួនពីរគ្រាប់ បន្ទាប់ពីកូរ៉េខាងត្បូង និងអាម៉េរិកបានបន្តធ្វើសមយុទ្ធរួមគ្នាដ៏ធំបំផុតក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយ។ ទីក្រុង​ព្យុងយ៉ាង​បានរិះគន់​សមយុទ្ធនេះ ជាការ​ហាត់​សម​សម្រាប់​សង្គ្រាម។
 
ទន្ទឹមនឹងការព្រួយបារម្ភពីការសាកល្បងអាវុធរបស់កូរ៉េខាងជើង សម្ព័ន្ពមិត្តទាំង៣ក៏បានសម្ដែងការព្រួយបារម្ភពីលទ្ធភាពដែលកូរ៉េ​ខាង​ជើង​អាច​នឹង​លក់​សព្វាវុធ​ទៅឱ្យ​រុស្ស៊ីផងដែរ។ សេតវិមានថ្មីៗនេះ ក៏លើកឡើងថា រុស្ស៊ីអាចកំពុងរៀបចំទិញគ្រាប់កាំភ្លើងធំ និងគ្រាប់រ៉ុក្កែតរាប់លានពីទីក្រុងព្យុងយ៉ាងផងដែរ៕ 
 

Tag:
 ជប៉ុន
  កូរ៉េខាងត្បូង
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com