អន្តរជាតិ
រុស្ស៊ីថា សហរដ្ឋអាមេរិកនៅពីក្រោយវិបត្តិផ្គត់ផ្គង់ឧស្ម័ននៅអឺរ៉ុប
07, Sep 2022 , 11:29 pm        
រូបភាព
បំពង់បង្ហូរឧស្ម័ន Nord Stream 1 នៅទីក្រុង Lubmin ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២។
បំពង់បង្ហូរឧស្ម័ន Nord Stream 1 នៅទីក្រុង Lubmin ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២។
ដោយ: VOA
ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់នៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិកបានបង្កឱ្យមានវិបត្តិនៃការផ្គត់ផ្គង់ឧស្ម័ននៅទ្វីបអឺរ៉ុបដោយបានជំរុញមេដឹកនាំនានានៅអឺរ៉ុបឱ្យឆ្ពោះទៅរកជំហាន «អត្តឃាត» តាមរយៈការកាត់ផ្តាច់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងថាមពលជាមួយនឹងរដ្ឋាភិបាលរុស្ស៊ី។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។

 
អឺរ៉ុបកំពុងប្រឈមនឹងវិបត្តិផ្គត់ផ្គង់ឧស្ម័នដ៏អាក្រក់បំផុតមិនធ្លាប់មានពីមុនមក ដោយតម្លៃថាមពលបានកើនឡើង ហើយក្រុមហ៊ុននាំចូលរបស់អាល្លឺម៉ង់ថែមទាំងពិភាក្សាគ្នាអំពីការកំណត់បែងចែករបបឧស្ម័ននៅក្នុងប្រទេសផងដែរ បន្ទាប់ពីប្រទេសរុស្ស៊ីបានកាត់បន្ថយលំហូរឧស្ម័នទៅបណ្តាប្រទេសនៅអឺរ៉ុប។
 
នៅពេលត្រូវបានសួរថាតើគួរធ្វើយ៉ាងណាដើម្បីឱ្យប្រព័ន្ធបង្ហូរឧស្ម័ន Nord Stream 1 អាចចាប់ផ្តើមបូមឧស្ម័នជាថ្មីបាន អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «សូមស្តាប់ឱ្យបានច្បាស់ អ្នកកំពុងសួរខ្ញុំនូវសំណួរដែលសូម្បីតែកូនក្មេងក៏ដឹងចម្លើយដែរ ដែលនោះគឺថា អ្នកណាដែលបានចាប់ផ្តើមរឿងនេះ អ្នកនោះត្រូវតែបញ្ចប់»។
 
អ្នកស្រីបាននិយាយថា សហរដ្ឋអាមេរិកបានស្វែងរកវិធីជាយូរមកហើយដើម្បីបំបែកទំនាក់ទំនងផ្នែកថាមពលរវាងប្រទេសរុស្ស៊ីនិងបណ្ដាប្រទេសមហាអំណាចនៅទ្វីបអឺរ៉ុបដូចជាអាល្លឺម៉ង់ជាដើម បើទោះបីជារដ្ឋាភិបាលរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ថាមពលដែលអាចទុកចិត្តបានតាំងពីសម័យសូវៀតមកក៏ដោយ។
 
អ្នកស្រី Zakharova បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅក្រៅវេទិកាសេដ្ឋកិច្ចភាគខាងកើត (Eastern Economic Forum) នៅក្នុងទីក្រុង Vladivostok ប្រទេសរុស្ស៊ីថា៖ «ឥទ្ធិពលលុបលើរបស់សហរដ្ឋអាមេរិកបានឈ្នះ។ កម្លាំងនយោបាយនានាបានចូលមកកាន់អំណាចនៅក្នុងសហភាពអឺរ៉ុបដែលកំពុងដើរតួធ្វើជា «អ្នកញុះញង់សត្វចៀម»។
 
អ្នកស្រីបាននិយាយទៀតថា៖ «វាគឺជាការធ្វើអត្តឃាតទាំងស្រុង ប៉ុន្តែវាហាក់ដូចជាពួកគេនឹងត្រូវឆ្លងកាត់រឿងនេះ»។
 
សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានចោទប្រកាន់ប្រទេសរុស្ស៊ីថាបានធ្វើការគំរាមកំហែងដោយប្រើវិស័យថាមពល បន្ទាប់ពីរដ្ឋាភិបាលរុស្ស៊ីបានកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នដល់អតិថិជននៅអឺរ៉ុបមក។ ប្រទេសរុស្ស៊ីបានបញ្ជាក់ថា មានបញ្ហាបច្ចេកទេសនៅស្ថានីយបង្ហាប់ឧស្ម័នរបស់ខ្លួន ដែលទណ្ឌកម្មរបស់ក្រុមបស្ចិមប្រទេសបានរារាំងមិនឱ្យខ្លួនអាចធ្វើការជួសជុលបាន។
 
រដ្ឋាភិបាលរុស្ស៊ីបានលើកឡើងថា ក្រុមបស្ចិមប្រទេសបានបង្កឱ្យមានវិបត្តិថាមពលនេះកើតឡើង តាមរយៈការដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រសម័យទំនើបនេះ ដែលនេះគឺជាជំហានមួយដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថាស្រដៀងទៅនឹងការប្រកាសសង្រ្គាមសេដ្ឋកិច្ចដូច្នេះដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com