សង្គមអន្តរជាតិ​
អន្តរជាតិ
ក្មេងប្រុសអូស្ត្រាលីអាយុ​៤​ឆ្នាំម្នាក់ទូរសព្ទទៅឡាន​ពេទ្យដើម្បីសង្គ្រោះជីវិតម្តាយខ្លួនទាន់ពេលវេលា
08, Sep 2022 , 8:29 am        
រូបភាព
ដោយ: ធីតា
Monty Cocker អាយុត្រឹម​៤​ឆ្នាំប៉ុណ្ណោះ ប៉ុន្តែ​ក្មេងប្រុសអូស្ត្រាលីរូបនេះ បាន​ក្លាយជាវីរបុរស​ជួយ​សង្គ្រោះម្តាយ​របស់ខ្លួន។ យោង​តាម​ BBC កាលពីថ្ងៃទី​២៧ ខែ​សីហា គេ​បានទូរសព្ទ​ទៅ​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់ ក្រោយ​ម្តាយ​របស់គេ​ប្រកាច់​ដួល​ (seizure)។

 
«យើង​ទទួល​បានអាសយដ្ឋាន ហើយពេល​ទៅ​ដល់​ក្មេង​ប្រុសនៅ​ស្ថិតនៅ​ជាប់​បង្អួច ហើយ​លើក​ដៃគ្រវី​មក​កាន់​ពួក​យើង»។ Mark Small សមាជិក​នៃក្រុម​សង្គ្រោះ បាន​អះអាងយ៉ាងដូច្នេះ ដោយ​រំលឹក​ថា ក្មេង​ប្រុស​បាន​ហៅទៅ​លេខ​សង្គ្រោះ​បន្ទាន់ដោយអាការតក់ក្រហល់ថា ៖ «ម្តាយ​ខ្ញុំ​ដួល​ហើយ»។
 
ពេល​ក្រុម​សង្គ្រោះបន្ទាន់ទៅ​ដល់​ផ្ទះដែលស្ថិតនៅ​ក្រុង Launceston រដ្ឋ Tasmania កុមារ​ Monty ក៏បាន​ខ្នះខ្នែង​ជួយលើក​ម្តាយ​ខ្លួន​ផងដែរ​។ លោក Small បញ្ជាក់ថា ការគិត​យ៉ាងរហ័ស​បែបនេះ បាន​ធ្វើឲ្យ​អ្នកស្រី Wendy ដែលជាម្តាយរួចផុតពីគ្រោះថ្នាក់​ដល់ជីវិត។
 
កាលពីថ្ងៃអង្គារ ទី​៦ ខែ​កញ្ញា ក្រុមគ្រូពេទ្យ​បាន​វិល​ត្រឡប់ទៅ​ផ្ទះ​របស់​កុមារ Monty ម្តងទៀត ដើម្បី​ប្រគល់​បណ្ណ​សរសើរ​ដល់​រូបគេ។
 
អ្នក​ស្រី Wendy ដែលជាគិលានុបដ្ឋាយិកាមួយរូបដែរនោះ បាន​បញ្ជាក់​ប្រាប់ក្រុមអ្នក​សារព័ត៌មានថា គាត់​ទើប​តែណែនាំ​កូន​បានមុន​មួយថ្ងៃប៉ុណ្ណោះ ពី​របៀប​ប្រើ​ប្រាស់​ទូរសព្ទដើម្បី​ហៅ​ទៅ​រថយន្តសង្គ្រោះ​បន្ទាន់។ គាត់មិន​នឹក​ស្មាន​ថា កូន​ចេះអនុវត្ត​បានយ៉ាង​ឆាប់រហ័ស​យ៉ាងដូច្នេះសោះ។
 
អ្នក​ស្រីអះអាងថា គាត់មានអារម្មណ៍មិន​សូវស្រួល​ខ្លួន ហើយព្យាយាម​ទូរសព្ទហៅទៅស្វាមី​ខ្លួន។ គាត់​មាន​មោទកភាព​ចំពោះ​កូន​ប្រុស​របស់ខ្លួន ដែល​បាន​សង្គ្រោះជីវិត​របស់គាត់។
 
អ្នកម្តាយ​រូបនេះ បាន​បន្ថែមថា នៅពេលដែល​យាយ​របស់គាត់មកដល់ផ្ទះ ហើយ​សួរ​រកកំពូល​វីរបុរស [superhero] Monty បាន​ឆ្លើយ​តប​វិញ​ថា គេមិនមែនជាកំពូល​វីរបុរស​ឡើយ គឺគ្រាន់តែជាវីរបុរស [Hero] ប៉ុណ្ណោះ។
លោក Small ​រំលឹកថា គាត់បម្រើ​ការជាគ្រូពេទ្យ​សង្គ្រោះ​អស់រយៈពេល​១៣​ឆ្នាំហើយ ដោយធ្លាប់មាន​កូន​ក្មេង​ទូរសព្ទ​ហៅ​ឡានពេទ្យ​ផងដែរ ប៉ុន្តែនេះជាករណី​លើកដំបូង​បំផុត​សម្រាប់​កុមារអាយុត្រឹម​៤​ឆ្នាំ៕​
 

© រក្សាសិទ្ធិដោយ thmeythmey.com