អន្តរជាតិ
រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា ប្រកាសគ្រប់គ្រងដែនដីបានច្រើនជាងពាក់កណ្តាល
08, Sep 2022 , 10:04 am        
រូបភាព
លោក Duwa Lashi La ប្រធានាធិបតីស្តីទីរបស់រដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា។ រូបភាពយកពីសារព័ត៌មាន The Irrawaddy
លោក Duwa Lashi La ប្រធានាធិបតីស្តីទីរបស់រដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា។ រូបភាពយកពីសារព័ត៌មាន The Irrawaddy
រដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា ឬស្គាល់ថារដ្ឋាភិបាលស្រមោល នៅថ្ងៃទី៧ ខែកញ្ញា បានប្រកាសថា ខ្លួនបានគ្រប់គ្រងដែនដីមីយ៉ាន់ម៉ាច្រើនជាងពាក់កណ្តាល ក្នុងរយៈពេលមួយឆ្នាំបន្ទាប់ពីប្រកាសសង្រ្គាមការពារប្រជាជនប្រឆាំងនឹងរបបសឹកមីយ៉ាន់ម៉ា។

 
វិបត្តិនយោបាយមីយ៉ាន់ម៉ា កាន់តែស្មុគស្មាញ និងពិបាកដោះស្រាយ ដោយសារតែប្រទេសមួយនេះ បានធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិល តាមរយៈការប៉ះទង្គិចរវាងកម្លាំងការពារប្រជាជន (PDF) របស់រដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា ជាមួយកម្លាំងយោធា។ 
 
តាមរយៈសុន្ទរកថាមួយក្នុងខួបមួយឆ្នាំនៃការប្រកាសសង្រ្គាមប្រជាជនប្រឆាំងនឹងរបបសឹក ប្រធានាធិបតីស្តីទីរបស់រដ្ឋាភិបាលស្រមោល លោក Duwa Lashi La បានអះអាងថា របបសឹក បានបាត់បង់ដែនដីគ្រប់គ្រងយ៉ាងហោចណាស់ពាក់កណ្តាល ស្របពេលកម្លាំងការពារប្រជាជន និងអង្គការបដិវត្តន៍ជនជាតិភាគតិច (ERO) បានបង្កើនកម្លាំងយ៉ាងខ្លាំង។ 
 
«បន្ទាប់ពីមួយឆ្នាំនៃការប្រកាសង្រ្គាមការពារប្រជាជន ក្រុមប្រឹក្សាយោធាភេរវករជ្រុលនិយម មិនអាចគ្រប់គ្រងលើសពីពាក់កណ្តាលបានទេ»។ លោក Duwa Lashi La បានសង្កត់ធ្ងន់បែបនេះ ក្នុងសុន្ទរកថានៅថ្ងៃទី៧ ខែកញ្ញា។ 
 
បើតាមលោកប្រធានាធិបតីស្តីទីរូបនេះ រដ្ឋាភិបាលស្រមោលបានរៀបចំកម្លាំងប្រយុទ្ធចំនួន ៣០០កងពល និងរៀបចំកម្លាំងការពារសាធារណៈនៅក្រុងចំនួន២៥០ ក្នុងចំណោម៣៣០ក្រុង នៅទូទាំងប្រទេស។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលបង្រួបបង្រួមជាតិ បានរៀបចំរដ្ឋបាលសាធារណៈ និងប្រព័ន្ធតុលាការនៅក្នុងក្រុងចំនួន ២៤ ដែលគ្រប់គ្រងដោយកម្លាំងប្រឆាំងយោធាពេញលេងផងដែរ។ លើសពីនេះ សេវាសង្គម អប់រំ និងសុខាភិបាល ត្រូវបានរៀបចំនៅក្នុងតំបន់មួយចំនួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Irrawaddy។ 
 
នៅថ្ងៃទី៥ ខែកញ្ញាកន្លងមក ក្រុមប្រឹក្សាផ្តល់យោបល់ពិសេសសម្រាប់មីយ៉ាន់ម៉ា (SAC-M) ដែលជាក្រុមឯករាជ្យមួយ បានបញ្ជាក់ថា រដ្ឋាភិបាលបង្រួមបង្រួមជាតិ និងក្រុមប្រឆាំងយោធា បានគ្រប់គ្រងដែនដីចំនួន ៥២ភាគរយ។ ក្រុម SAC-M បានបន្ថែមផងថា យោធាមីយ៉ាន់ម៉ា អាចគ្រប់គ្រងតំបន់បានត្រឹមតែ ១៧ភាគរយប៉ុណ្ណោះឱ្យមានស្ថិរភាព ខណៈតំបន់យោធាគ្រប់គ្រងផ្សេងទៀត កំពុងស្ថិតក្រោមការប្រទាញប្រទង់។ 
 
ក្នុងការប៉ះទង្គិចគ្នានាពេលកន្លងមក ប្រធានាធិបតីស្តីទីនៃរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា បានបង្ហាញទិន្នន័យថា យោធាមីយ៉ាន់ម៉ាបានបាត់បង់កម្លាំង ២០១៥០នាក់ និងរបួស ៧ពាន់នាក់ ខណៈកម្លាំងប្រឆាំងយោធាបានស្លាប់ចំនួន ១៥០០នាក់។ ទន្ទឹមនេះ លោក Duwa Lashi La ក៏បានប្តេជ្ញាដាក់ពិន័យយោធាមីយ៉ាន់ម៉ាចំពោះការប្រព្រឹត្តឧក្រិដ្ឋកម្មរបស់ពួកគេផងដែរ៕ 
 

Tag:
 មីយ៉ាន់ម៉ា
  របបសឹក
© រក្សាសិទ្ធិដោយ thmeythmey.com