កីឡាអន្តរជាតិ
អន្តរជាតិ
Klopp ទទូចឱ្យកូនក្រុម Liverpool ពង្រឹងភាពខ្លាំងមកវិញ ក្រោយចាញ់ Napoli យ៉ាងអាម៉ាស់
08, Sep 2022 , 11:47 am        
រូបភាព
លោក Jurgen Klopp គ្រូបង្វឹក Liverpool ទទូចឱ្យកូនក្រុមត្រូវពង្រឹងយកភាពខ្លាំងមកវិញ ក្រោយរងបរាជ័យដ៏អាម៉ាស់ក្រោមថ្វីជើងម្ចាស់ផ្ទះ ​​SSC Napoli ក្នុងលទ្ធផល ៤-១ នៃជំនួប Champions League ពូល A ថ្ងៃទី៧ ខែកញ្ញា។



នាការប្រកួតនៅទឹកដី Diego ​Armando Maradona ក្នុងប្រទេសអ៊ីតាលី Liverpool មានទម្រង់លេងមិនល្អនោះទេនៅវគ្គទីមួយ ដោយត្រូវម្ចាស់ផ្ទះស្វាគមន៍ ៣-០ មុន។ ចាប់ផ្តើមវគ្គទីពីរមិនដល់ ៦នាទីផង Napoli បន្ថែមគ្រាប់ទី៤ មុនពេល Liverpool តាម ១គ្រាប់មកវិញក្រោយត្រូវម្ចាស់ផ្ទះនាំមុខគ្រាប់ទី៤ ត្រឹម៣នាទី។ 
 
បរាជ័យនៅទឹកដីអ៊ីតាលីលើកនេះបង្ហាញឱ្យឃើញថា ក្រុមហង្សក្រហមបានបង្ហាញទម្រង់លេងដ៏អាក្រក់បំផុតមិនធ្លាប់មានពីមុន ដោយតំបន់ការពារ និងតំបន់បម្រើមានភាពទន់ខ្សោយ និងភាពរអាក់រអួល មិនសូវដេញតាមប្រជែងបាល់។ ជួបប្រទះបញ្ហាបែបនេះលោក Jurgen Klopp បានអះអាងថាក្រុម Liverpool ទាំងមូលមានចំណុចច្រើនខ្លាំងត្រូវការកែប្រែថ្មីឡើងវិញ។
 
«មើលទៅឃើញវាដូចតែបន្តិចទេ ប៉ុន្តែការពិតជាពិតជាមានចំណុចច្រើនខ្លាំងណាស់នូវការរអាក់រអួស មិនមែនគ្រប់ប្រកួតទេ តែគឺពេលនេះ យើងត្រូវការកែប្រែថ្មី និងការបង្កើតខ្លួនយើងថ្មីឡើងវិញ។ ខ្ញុំពិតជាពិបាកពន្យល់ខ្លាំងណាស់ចំពោះការប្រកួតថ្ងៃនេះរបស់ពួកយើង យើងត្រូវការស្វែករកការរៀបចំដ៏ល្អបំផុតសម្រាប់ត្រៀមខ្លួនក្នុងរឿងគ្រប់យ៉ាង។»។ លោក Klopp និយាយបែបនេះ។
 
ស្ថិតក្រោមបរាជ័យថ្មីម្តងទៀតនាទឹកដីអ៊ីតាលី Liverpool រដូវកាលថ្មីនេះក៏បានចាញ់ក្រោមថ្វីជើងក្រុម Manchester United នៅ Premier League និងប្រកួតស្មើក្រុម Fulham, Crystal Palace និង Everton ជំនួប Derby។
 
យុទ្ធនាការបន្ទាប់របស់ Liverpool នាថ្ងៃទី១០ ខែកញ្ញា និងបើកទ្វារកីឡដ្ឋាន Anfield ទទួលក្រុម Wolverhampton Wanderers ជំនួបសប្តាហ៍ទី៧ Premier League មុនការប្រកួត UCL ស្វាគមន៍ Ajax Amsterdam ថ្ងៃទី១៣ ខែកញ្ញា៕
 

Tag:
 Jurgen Klopp
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com