អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សភាកូរ៉េខាងជើង អនុម័តច្បាប់អភិវឌ្ឍតំបន់ជនបទទៅជាឋានសួគ៌សង្គមនិយម
08, Sep 2022 , 12:29 pm        
រូបភាព
កិច្ចប្រជុំសភាកូរ៉េខាងជើងនៅថ្ងៃទី៧ ខែកញ្ញា។ រូបថត KCNA
កិច្ចប្រជុំសភាកូរ៉េខាងជើងនៅថ្ងៃទី៧ ខែកញ្ញា។ រូបថត KCNA
សភាកូរ៉េខាងជើង បានបើកកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃទី៧ ខែកញ្ញា ប៉ុន្តែមិនមានវត្តមានមេដឹកនាំកំពូល គីម ជុងអ៊ុន ឡើយ។ សភាកូរ៉េខាងជើង បានអនុម័តច្បាប់២ សំដៅប្រែក្លាយ តំបន់ជនបទទៅជា​ទឹកដី​សង្គមនិយមដ៏ស្រស់ស្អាត និងស៊ីវីល័យផងដែរ ទោះជាស្ថានភាពជាក់ស្ដែងពិបាកនឹងសម្រេចបានក្ដី។

 
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) សភាប្រជាជនជាន់ខ្ពស់ (SPA) ដែលជាស្ថាប័នសម្រេចចិត្តខ្ពស់បំផុតនៅកូរ៉េខាងជើង តែគ្មានអំណាចអ្វីនោះ  បានអនុម័តច្បាប់ស្ដីពី តំបន់ទេសភាព និងការអភិវឌ្ឍជនបទ។ 
 
«ច្បាប់ទាំងពីរនឹងជួយជំរុញកិច្ចខិតខំរបស់គណបក្សកាន់អំណាចក្នុងការពាំនាំរបត់សង្គមជនបទ ហើយគោលនយោបាយក្នុងការរៀបចំតំបន់ទេសភាពនឹងជួយឱ្យសម្រេចបានការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃសហគមន៍ជនបទសង្គមនិយមបែបកូរ៉េ ហើយនឹងធ្វើឱ្យប្រទេសក្លាយជា​សង្គមនិយម​ដ៏​ស្រស់​ស្អាត និងស៊ីវិល័យដូចឋានសួគ៌។» អនុប្រធានសភាកូរ៉េខាងជើងម្នាក់អះអាងបែបនេះនៅក្នុងកិច្ចប្រជុំ។
 
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន មិនបានចូលរួមកិច្ចប្រជុំខាងលើនោះឡើយ។ កន្លងមក មេដឹកនាំរូបនេះ ក៏ប្ដេជ្ញាធ្វើឱ្យជីវភាពប្រជាជនឱ្យមានភាពប្រសើរឡើង និងជំរុញការអភិវឌ្ឍតំបន់ជនបទកូរ៉េខាងជើង។ 
 
ទោះជាយ៉ាងណា ប្រទេសមួយនេះនៅជួបប្រទះវិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយវិធានការរឹត​ត្បិតការរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏តឹងរ៉ឹង ទណ្ឌកម្មពីសហគមន៍អន្តរជាតិ​លើកម្មវិ​ធី​នុយក្លេអ៊ែរ ព្រមទាំងគ្រោះធម្មជាតិផងដែរ។ យោងតាមរបាយការណ៍​មួយចេញផ្សាយកាល​ពីខែមុនដោយ​គេហទំព័ 38 North ដែលតាមដានកូរ៉េខាងជើងបានបង្ហាញថាការប្តេជ្ញារបស់លោកគីមក្នុងការអភិវឌ្ឍប្រទេសនេះ មិនសូវមានទៅមុខឡើយជាមួយកត្តាជាច្រើនដូចខាងលើ។ បន្ថែមពីនេះ កូរ៉េខាងជើង ក៏បានចំណាយថវិកាជាតិច្រើនលើកគម្រោងយោធាជាជាងចំណាយសម្រាប់​តម្រូវការ​របស់​ប្រជាជន​៕
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com