អន្តរជាតិ
ភ្លើងឆេះព្រៃ និងរលកកម្ដៅខ្លាំង បង្កឱ្យមានការបំពុលខ្យល់កាន់​តែខ្លាំង
08, Sep 2022 , 2:59 pm        
រូបភាព
អង្គការឧតុនិយមពិភពលោក (WMO) នៅថ្ងៃទី៧ ខែកញ្ញា បានព្រមានថា ភ្លើងឆេះព្រៃ និងរលកកម្ដៅដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ នឹងធ្វើឱ្យគុណភាពខ្យល់អាកាសកាន់តែអាក្រក់ឡើង។ ខ្យល់ដែលត្រូវបំពុល នឹងបង្កផលប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមរបស់មនុស្ស និងប្រព័ន្ធជីវចម្រុះឯទៀត។



បើតាមរបាយការណ៍ចេញនៅថ្ងៃទី៧ ខែកញ្ញា ដោយអង្គការឧតុនិយមពិភពលោក (WMO) ការប្រែប្រួលអាកាសធាតុ អាចបង្កឱ្យប៉ះពាល់គុណភាពខ្យល់ ហើយខ្យល់ដែលកខ្វក់ បន្តប៉ះពាល់សុខភាពប្រជាជនរាប់រយលាននាក់ក្នុងពិភពលោកនាពេលអនាគត។ 
 
របាយការណ៍ប្រចាំឆ្នាំរបស់ WMO ស្ដីពីគុណភាពខ្យល់ និងអាកាសធាតុ បានតាមដានពីផលប៉ះពាល់បង្កដោយភ្លើងឆេះព្រៃដ៏ធំមិនធ្លាប់មាននៅតំបន់ស៊ីបេរី និងនៅភាគខាងលិចតំបន់អាម៉េរិកខាងជើងក្នុងឆ្នាំ២០២១។ ជាលទ្ធផល អ្នកជំនាញបានរកឃើញថា ព្រឹត្តិការណ៍ភ្លើងឆេះព្រៃបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាពយ៉ាងខ្លាំង។ 
 
ភាគល្អិតតូចៗនៅក្នុងខ្យល់ដែលបំភាយចេញពីភ្លើងឆេះព្រៃ មានមុខកាត់តូចជាង ២,៥មីក្រូមែត្រសុទ្ធតែត្រូវបានចាត់ទុកថាបង្កគ្រោះថ្នាក់ដល់សុខភាព ដោយសារវាអាចចូលទៅក្នុងសួតតាមខ្យល់ដង្ហើម ឬតាមប្រព័ន្ធសរសៃឈាមបេះដូង។ 
 
«នៅពេលដែលពិភពលោកកាន់តែក្ដៅ ភ្លើងឆេះព្រៃ និងការបំពុលខ្យល់ ក៏ត្រូវបានរំពឹងថា នឹងកើនឡើងដែរ ទោះបីជាការបំភាយឧស្ម័នមានកម្រិតទាបក៏ដោយ»។ ប្រធាន WMO លោក Petteri Taalas បានលើកឡើងបែបនេះក្នុងរបាយការណ៍ដដែល ដោយបន្ថែមថា ក្រៅពីផលប៉ះពាល់ដល់សុខភាពមនុស្ស ការបំពុលខ្យល់នឹងប៉ះពាល់ដល់ប្រព័ន្ធជីវចម្រុះផងដែរ ដោយសារវាបំពុលទាំងបរិយាកាសនិងផ្ទៃដី។ 
 
របាយការណ៍ WMO បានចង្អុលបង្ហាញថា ការកើនឡើងកម្ដៅផែនដីដែលបង្កឱ្យមានបញ្ហារលកកម្ដៅ ក៏បានរួមចំណែកធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះហើយប៉ះពាល់ដល់សុខភាពមនុស្ស សត្វផងដែរ។ 
 
គួរបញ្ជាក់ថាគុណភាពខ្យល់ និងបញ្ហាអាកាសធាតុគឺមានទំនាក់ទំនងគ្នាទៅវិញទៅមក ដោយសារសារធាតុគីមីដែលធ្វើឱ្យថយចុះគុណភាពខ្យល់ជាពពួកឧស្ម័នផ្ទះកញ្ចក់ដែលបង្កឱ្យមានបម្រែបម្រួលអាកាសធាតុ៕
 

Tag:
 បម្រែបម្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com