អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ពូទីន៖ ធញ្ញជាតិអ៊ុយក្រែនដឹកទៅតែរដ្ឋអឺរ៉ុប មិនមែនប្រទេសក្រីក្រតាមកិច្ចព្រមព្រៀងឡើយ
08, Sep 2022 , 3:59 pm        
រូបភាព
ដោយ:
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី ៧ ខែកញ្ញា ចោទថា សហភាពអឺរ៉ុបបានបង្វែរការដឹកជញ្ជូនគ្រាប់ធញ្ញជាតិអ៊ុយក្រែនតាមសមុទ្រខ្មៅទៅតែប្លុកនេះ និងតួកគី ជាជាងទៅប្រទេសក្រីក្រតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកន្លងមក។

 
រុស្ស៊ី អ៊ុយក្រែន តួកគី និងអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃទី២២​ ខែកក្កដាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយបើកផ្លូវដល់ការដឹកជញ្ជូនធញ្ញជាតិដែលជាប់គាំងនៅកំពង់ផែអ៊ុយក្រែនតាមសមុទ្រខ្មៅឡើងវិញ ក៏ដូចជាសម្របសម្រួលការដឹកជញ្ជូនធញ្ញជាតិរុស្ស៊ីផងដែរដើម្បីសម្រាលកង្វះខាតស្បៀងសកលដែលបង្កដោយសង្រ្គាមនៅអ៊ុយក្រែន។ កិច្ចព្រមព្រៀងនេះត្រូវបានដាក់ឱ្យអនុវត្តដំបូងរយៈពេល១២០ថ្ងៃ។ 
 
យ៉ាងណាមិញ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ចោទថា លោកខាងលិចបានយកធញ្ញជាតិអ៊ុយក្រែនចេញតាមសមុទ្រខ្មៅជាច្រើន។ លោកអះអាងថា ក្នុងចំណោមនាវា៨៧គ្រឿងដែលបានដឹកចេញក្រោមកិច្ចព្រមព្រៀងខាងលើ មានតែ​២គ្រឿង​ប៉ុណ្ណោះបានបញ្ជូនទៅប្រទេសកំពុងអភិវឌ្ឍ។​ លោក ពូទីនសង្កត់ធ្ងន់ថា លោកនឹងពិចារណារឹតបន្តឹងលើការនាំចេញធញ្ញជាតិពីអ៊ុយក្រែននេះ។
 
«យើងប្រហែលជាគួរតែ​គិតពីការកំណត់ទិសដៅនាំចេញធញ្ញជាតិ ហើយខ្ញុំនឹងពិភាក្សារឿងនេះជាមួយប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ ពីព្រោះខ្ញុំ និងគាត់គឺជាអ្នកគិតផែនការនេះចេញមក»។ លោក ពូទីន ថ្លែងបែបនេះនៅថ្ងៃទី៧ ខែកញ្ញាអំឡុងវេទិកាសេដ្ឋកិច្ចបូព៌ានៅទីក្រុង Vladivostok ទឹកដីរុស្ស៊ី។ 
 
ថ្វីបើយ៉ាងនេះក្តី បើតាមទិន្នន័យរបស់ UN គិតត្រឹមថ្ងៃទី៤ ខែកញ្ញា កប៉ាល់ចំនួន៨៧គ្រឿងដែលផ្ទុកធញ្ញជាតិ និងគ្រឿងឧបភោគបរិភោគផ្សេងទៀតប្រមាណ ២ ០៧៦ ២៨០ តោនបានដឹកចេញទៅកាន់ប្រទេសផ្សេងៗ។ ក្នុងនោះកប៉ាល់ជាង ២០ គ្រឿងបានដឹកចេញទៅប្រទេសកំពុងអភិវឌ្ឍ និងអភិវឌ្ឍតិចតួចដែល៦គ្រឿងមានទិសដៅទៅអេហ្ស៊ីប ហើយប៉ុន្មានគ្រឿងទៀតកំពុងចេញទៅជីប៊ូទី យេម៉ែន និងស៊ូដង់។ 
 
ទាក់ទងទណ្ឌកម្មរបស់លោកខាងលិចវិញ រុស្ស៊ីនៅតែអះអាងថាវាជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងលើការនាំចេញស្បៀងអាហារ និងជីរបស់ខ្លួន ដ្បិតអាម៉េរិក និងបណ្តាប្រទេសខាងលិចបញ្ជាក់ជារឿយៗថាមិនបានបញ្ចូលទំនិញទាំងនេះក្នុងបញ្ជីទណ្ឌកម្មក៏ដោយ។ 
 
នៅថ្ងៃទី៧ ខែកញ្ញា នាទីក្រុងហ្សឺណែវ មន្រ្តីពាណិជ្ជកម្មជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ (UN) លោកស្រី Rebeca Grynspan ក៏បានជួបពិភាក្សាជាមួយអនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Vershinin ពាក់ព័ន្ធនឹងបញ្ហានេះ។ បើតាមអ្នកនាំពាក្យ UN លោក Stephane Dujarric កិច្ចពិភាក្សាដំណើរការតាមវិជ្ជាជីវៈប្រកបដោយស្ថាបនា  ប៉ុន្តែលោកសុំមិនផ្តល់សេចក្តីលម្អិតនៃការចរចានេះឡើយ៕
 
 
 
 
 
 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com