អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រតិភូសភាអាម៉េរិកមួយទៀតទៅដល់កោះតៃវ៉ាន់ ខណៈពេលភាពតានតឹងជាមួយចិននៅតែមាន
08, Sep 2022 , 4:59 pm        
រូបភាព
សមាជិកសភាអាម៉េរិក Stephanie Murphy ។ រូបថត AFP
សមាជិកសភាអាម៉េរិក Stephanie Murphy ។ រូបថត AFP
ដោយ៖ ហ៊ួយ ស៊ីវលី 
 
សមាជិកគណៈកម្មាធិការប្រដាប់អាវុធសភារបស់អាម៉េរិកលោកស្រី Stephanie Murphy ទៅដល់កោះតៃវ៉ាន់នៅថ្ងៃទី៧ ខែកញ្ញា ដើម្បីពិភាក្សាទំនាក់ទំនងអាម៉េរិក និងតៃវ៉ាន់ សន្តិសុខក្នុងតំបន់ ពាណិជ្ជកម្ម និងការវិនិយោគ ច្រវាក់ផ្គត់ផ្គង់សកល និងបញ្ហាសំខាន់ផ្សេងៗទៀត។

 
ស្របពេលភាពតានតឹងរវាងតៃវ៉ាន់ និងចិនទាក់ទងនឹងដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាស់របស់ប្រធានសភាអាម៉េរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី នៅតែកើតមាន ប្រតិភូអាម៉េរិកក៏នៅតែបន្តទៅកោះតៃវ៉ាន់ជាបន្តបន្ទាប់។ ចិនបានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងចំពោះទស្សកិច្ចរបស់លោកស្រី ផេឡូស៊ី នៅនៅដើមខែសីហា និងបានឆ្លើយតបដោយការធ្វើសមយុទ្ធយោធានៅជុំវិញដែនទឹក និងដែនអាកាសតៃវ៉ាន់។ 
 
ទោះបីជាយ៉ាងនេះក្តី ប្រតិភូអាម៉េរិកជាច្រើនមានដូចជា សមាជិក​ព្រឹទ្ធសភា​ សមាជិកសភា និងអភិបាលរដ្ឋជាដើមនៅតែបន្តទៅទស្សនកិច្ចជាបន្តបន្ទាប់ ដែលនេះជាការបង្ហាញពីការគាំទ្ររបស់អាម៉េរិកចំពោះតៃវ៉ាន់ដែលកំពុងប្រឈមមុខនឹងការគំរាមកំហែងពីចិន។ 
 
យោងតាមការិយាល័យតំណាងអាម៉េរិកនៅតៃវ៉ាន់ សមាជិកគណៈកម្មាធិការប្រដាប់អាវុធសភារបស់អាម៉េរិកលោកស្រី Stephanie Murphy ដឹកនាំសមាជិកសភាចំនួន៧រូបទៀតទៅទស្សនកិច្ចកោះតៃវ៉ាន់នៅថ្ងៃទី៧ ខែកញ្ញា។ ប្រតិភូអាម៉េរិក នឹងស្នាក់នៅដល់ថ្ងៃទី៩ ខែកញ្ញា ហើយនឹងពិភាក្សាអំពីទំនាក់ទំនងអាម៉េរិក និងតៃវ៉ាន់ សន្តិសុខក្នុងតំបន់ ពាណិជ្ជកម្ម និងការវិនិយោគ ខ្សែច្រវាក់ផ្គត់ផ្គង់សកល និងបញ្ហាសំខាន់ផ្សេងៗទៀតដែលមានផលប្រយោជន៍ចំពោះគ្នាទៅវិញទៅមក។
 
បើតាមសេចក្តីថ្លែងការណ៍មួយចេញដោយការិយាល័យប្រធានាធិបតីរបស់តៃវ៉ាន់ ប្រតិភូសមាជិកសភាអាម៉េរិកទាំង៨រូបជួបជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen នៅព្រឹកនៅថ្ងៃទី៨ ខែកញ្ញា។ ទាក់ទងនឹង​ការ​គំរាម​កំហែង​ផ្នែក​យោធា​របស់​​ចិន ក្នុងជំនួបនេះ លោកស្រីបញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់ប្រតិភូអាម៉េរិក​នេះ ជាការបង្ហាញ​ពី​ការ​គាំទ្រ​ដ៏រឹងមាំ​ចំពោះ​តៃវ៉ាន់​ពី​សភា​អាមេរិក ហើយតៃវ៉ាន់នឹងមិនចុះចាញ់នឹងការបង្ខិតបង្ខំណាមួយឡើយ។ 
 
ចំណែកលោកស្រី Murphy ឆ្លើយតបថា សភាអាម៉េរិកគួរតែគាំទ្រតៃវ៉ាន់ក្នុងការចូលរួមកាន់តែច្រើននៅក្នុងអង្គការអន្តរជាតិ។ បើតាមលោកស្រី តៃវ៉ាន់បានបង្ហាញហើយថា ​ខ្លួនជាសមាជិកដែលមានការទទួលខុសត្រូវមួយរូបក្នុងសហគមន៍អន្តរជាតិ ជាពិសេសក្នុងបញ្ហាសុខភាពសាធារណៈ ហើយតៃវ៉ាន់សក្តិសមនឹងចូលរួមក្នុងវេទិកាអន្តរជាតិនៅពេលសមស្របណាមួយ។
 
លោកស្រី Stephanie Murphy បន្ថែមថា អ្វីដែលសភាអាម៉េរិកអាចធ្វើបាននៅពេលនេះគឺធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចជាមួយតៃវ៉ាន់ឱ្យកាន់តែស៊ីជម្រៅ ជាពិសេសតាមរយៈការជំរុញឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានគុណភាពខ្ពស់រវាងភាគីទាំងពីរ។ 
 
នេះគឺជាដំណើរទស្សនកិច្ចជាលើកទី៦ហើយរបស់ប្រតិភូអាម៉េរិកបន្ទាប់ពីចិនបានធ្វើសមយុទ្ធយោធានៅដើមខែសីហា។ ដំណើរទស្សនកិច្ចទាំងនេះគឺជាការបង្ហាញនៃការគាំទ្រដ៏សំខាន់របស់អាម៉េរិកលើតៃវ៉ាន់ពីរដ្ឋាភិបាលក្នុងតំបន់ រហូតដល់រដ្ឋាភិបាលសហព័ន្ធ និងពីអំណាចប្រតិបត្តិ រហូតដល់អំណាចសភា។ លោកស្រី Murphy ជាសមាជិកសភាម្នាក់ដែលបានស្នើច្បាប់អនុញ្ញាតអាម៉េរិកឱ្យផ្គត់ផ្គង់សព្វាវុធដើម្បីទប់ទល់នឹងការគំររបស់ចិន។ រដ្ឋបាលអាម៉េរិកនៅថ្ងៃទី៣ ខែកញ្ញា បានអនុម័តលក់អាវុធចំនួន១ពាន់លានដុល្លារទៅឱ្យតៃវ៉ាន់៕
 

Tag:
 អាម៉េរិក
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com