អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងត្បូង ស្នើទៅកូរ៉េខាងជើងដោះស្រាយបញ្ហាគ្រួសារកូរ៉េដែលបែកគ្នាតាំងពីសង្គ្រាម
08, Sep 2022 , 7:29 pm        
រូបភាព
ប្រជាជនកូរ៉េខាងត្បូង (ក្នុងឡាន) លើកដៃលាសាច់ញាតិដែលរស់នៅកូរ៉េខាងជើងក្នុងពិធីជួបជុំកន្លងមក។ រូបថត Xinhua
ប្រជាជនកូរ៉េខាងត្បូង (ក្នុងឡាន) លើកដៃលាសាច់ញាតិដែលរស់នៅកូរ៉េខាងជើងក្នុងពិធីជួបជុំកន្លងមក។ រូបថត Xinhua
កូរ៉េខាងត្បូង នៅថ្ងៃទី៨ ខែកញ្ញា បានស្នើជាសាធារណៈឱ្យមានការចរចាជាមួយកូរ៉េខាងជើងអំពីបញ្ហាប្រជាជនកូរ៉េដែលបានបែកបាក់គ្រួសារតាំងពីសម័យសង្គ្រាមឧបទ្វីបកូរ៉េក្នុងឆ្នាំ១៩៥០​-១៩៥៣។ នេះជាកិច្ចប្រឹងប្រែងលើកដំបូងទាក់ទងនឹងកិច្ចការអន្តរកូរ៉េរបស់ទីក្រុងសេអ៊ូល គិតចាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល ឡើងកាន់តំណែង។



ឧបទ្វីបកូរ៉េបានបែងចែកជាពីរតាំងពីឆ្នាំ ១៩៤៥ និងកាន់តែមានភាពតានតឹងរវាងគ្នាក្រោយសង្គ្រាមកូរ៉េក្នុងឆ្នាំ១៩៥០ ​ដល់​១៩៥៣។ ក្រោយសង្គ្រាម ប្រជាជនកូរ៉េជាច្រើនត្រូវបែកបាក់គ្រួសារ ដោយខ្លះត្រូវជាប់នៅទឹកដីកូរ៉េខាងជើង និងខ្លះទៀតនៅភាគខាងត្បូងឧបទ្វីបកូរ៉េ។ ការជួបជុំគ្នារវាងសមាជិកគ្រួសារដែលបែកបាក់ បានអាក់ខានជាច្រើនឆ្នាំហើយ។ 
 
រដ្ឋមន្ត្រីបង្រួបបង្រួម ដែលជាក្រសួងទទួលបន្ទុកកិច្ចការអន្តរកូរ៉េ លោក Kwon Young-se នៅថ្ងៃទី៨ ខែកញ្ញា បានចេញសេចក្តីថ្លែងការណ៍មួយស្នើជាសាធារណៈឱ្យមានការចរចាជាមួយកូរ៉េខាងជើងជុំវិញបញ្ហាប្រជាជនកូរ៉េដែលបានបែកបាក់គ្នា។ 
 
«យើងសង្ឃឹមថា មន្ត្រីទទួលបន្ទុកកិច្ចការពាក់ព័ន្ធរបស់ភាគីទាំងពីរ នឹងជួបដោយផ្ទាល់ក្នុងពេលឆាប់ៗនេះតាមដែលអាចធ្វើទៅបាន ដើម្បីពិភាក្សាដោយភាពស្មោះត្រង់លើបញ្ហាមនុស្សធម៌ រួមទាំងបញ្ហាគ្រួសារដែលបែកបាក់គ្នា»។ លោក Kwon បានលើកឡើងបែបនេះក្នុងសេចក្ដីថ្លែងការណ៍ដដែលនោះ។ 
 
រដ្ឋមន្ត្រីកូរ៉េខាងត្បូងរូបនេះបានបញ្ជាក់ថា ទីក្រុងសេអ៊ូលនឹងពិចារណាតាមការពេញចិត្តរបស់ទីក្រុងព្យុងយ៉ាងក្នុងការសម្រេចលើកាលបរិច្ឆេទនិងទីកន្លែងជួបគ្នា ក៏ដូចជារបៀបវារៈ និងទម្រង់នៃកិច្ចចរចា ហើយ រដ្ឋាភិបាល​កូរ៉េខាងត្បូង​ត្រៀម​ខ្លួន​ជា​ស្រេច​​ដើម្បីចរចាជាមួយ​កូរ៉េ​ខាង​ជើងគ្រប់​ពេល​វេលា គ្រប់​ទីកន្លែង។
 
កន្លងមក កូរ៉េខាងជើង មិនឆ្លើយតបចំពោះសំណើរបស់កូរ៉េខាងត្បូងឡើយ ហើយពេលខ្លះមិនទទួលយកជំនួយ ឬគម្រោងកែលម្អរបស់កូរ៉េខាងត្បូងទៀតផង។ ជាក់ស្ដែង កាលពីខែមុនប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល បានដាក់ចេញគម្រោងជួយកែលម្អសេដ្ឋកិច្ចកូរ៉េខាងជើង ប្រសិនបើក្រុងព្យុងយ៉ាងរំសាយកម្មវិធីនុយក្លេអ៊ែរ តែលោកស្រី គីម យ៉ូចុង ជាប្អូនស្រីមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានតបវិញថា គម្រោងនេះគ្មានហេតុផលត្រឹមត្រូវ និងមិនអាចអនុវត្តបាន៕
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com