អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ្នកការទូតរុស្ស៊ី៖ លោក ពូទីន នឹងជួបលោក ស៊ី ដោយផ្ទាល់នៅអ៊ូសបេគីស្ថាននៅសប្ដាហ៍ក្រោយ
08, Sep 2022 , 8:29 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ជួបលោកប្រធានាធិបតីចិន ស៊ី ជិនភីង កាលពីខែកុម្ភៈ។ រូបថត Xinhua
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ជួបលោកប្រធានាធិបតីចិន ស៊ី ជិនភីង កាលពីខែកុម្ភៈ។ រូបថត Xinhua
អគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងប៉េកាំងលោក Andrey Denisov បានប្រាប់ទីភ្នាក់ងាររុស្ស៊ីនៅថ្ងៃទី៧ ខែកញ្ញាថា ប្រធានាធិបតីចិន ស៊ី ជិនភីង និងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នឹងជួប​ពិភាក្សា​គ្នា​ផ្ទាល់​អំឡុងចូលរួមកិច្ចប្រជុំ​អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅ​អ៊ូសបេគីស្ថាន​ក្នុងសប្ដាហ៍​ក្រោយ។ ភាគីទាំងពីររំពឹងនឹងពិភាក្សាលើបញ្ហាទ្វេភាគី និងបញ្ហាអន្តរជាតិជាច្រើន។

 
បើតាមអគ្គរដ្ឋទូតរុស្ស៊ីប្រចាំក្រុងប៉េកាំងលោក Andrey Denisov ដែលបានប្រាប់ទីភ្នាក់ងាររុស្ស៊ី មេដឹកនាំក្រុងមូស្គូ និងក្រុងប៉េកាំងនឹងជួបគ្នានៅប៉ុន្មានថ្ងៃខាងមុខនៅកិច្ចប្រជុំកំពូលមេដឹកនាំអង្គការ SCO ដែលធ្វើនៅទីក្រុង Samarkand របស់អ៊ូសបេគីស្ថាន។
 
«យើងកំពុងរៀបចំផែនការកិច្ចប្រជុំដ៏សំខាន់និងពេញលេញមួយរវាងមេដឹកនាំទាំងពីររបស់យើង ហើយពួកយើងកំពុងធ្វើការលើរបៀបវារៈលម្អិតជាមួយដៃគូចិនរបស់យើង»។ លោក Denisov លើក​ឡើងបែបនេះរួចបន្ថែមថា មេដឹកនាំទាំងពីរមានបញ្ហាជាច្រើន​ដែលត្រូវពិភាក្សា​ទាំង​បញ្ហា​ទ្វេភាគី និង​បញ្ហាអន្តរជាតិ។
 
អង្គការសហប្រតិបត្តិការសៀងហៃ ជាប្លុកមួយដែលមានសមាជិកដូចជា ចិន រុស្ស៊ី និងប្រទេស​តំបន់​អាស៊ីកណ្ដាលបួនទៀតរួមមានកាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន, អ៊ូសបេគីស្ថាន និង តាហ្ស៊ីគីស្ថាន។ កិច្ចប្រជុំកំពូលរបស់ SCO នឹងធ្វើឡើងនៅថ្ងៃទី១៥ និងទី១៦ ខែកញ្ញានៅទីក្រុង Samarkand។ 
 
គួរបញ្ជាក់ថាទំនាក់ទំនងចិននិងរុស្ស៊ីនៅតែបន្តភាពជិតស្និទ្ធក្នុងរយៈពេលចុងក្រោយនេះ ទោះបីជាមានសម្ពាធពីលោកខាងលិចក៏ដោយ។ ខណៈរងទណ្ឌកម្មរបស់លោកខាងលិចដែលមិន ធ្លាប់មានចាប់តាំងពីការវាយលុកយោធានៅអ៊ុយក្រែន រុស្ស៊ីបានព្យាយាម​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​បណ្តាប្រទេសអាស៊ី ជាពិសេសចិន។ កន្លងមក ទីក្រុងប៉េកាំងមិនបា​នថ្កោលទោស​អន្តរាគមន៍​របស់​ទីក្រុងមូស្គូនៅអ៊ុយក្រែនទេ តែបែរជាបានរិះគន់អាម៉េរិកដែល​បន្តលក់អាវុធឱ្យ​ក្រុងកៀវ។
 
កាលពីជំនួបខែកុម្ភៈប៉ុន្មានថ្ងៃមុនការលុកលុយអ៊ុយក្រែនបានចាប់ផ្ដើម លោក ស៊ី និងលោក ពូទីន បាន​ពិភាក្សាគ្នាលើបញ្ហាទំនាក់ទំនងទ្វេភាគីនិងបញ្ហាពិភពលោករួមទាំងជំងឺកូវីដ-១៩ និងបញ្ហាសន្តិសុខ។ ភាគីទាំងពីរក៏ប្រកាសថា ទំនាក់ទំនងទៅវិញទៅមក មិនមានដែនកំណត់ឡើយ។
 
 

Tag:
 រុស្ស៊ី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com