អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ីបញ្ចូលមន្រ្តី EU បន្ថែមទៀតក្នុងបញ្ជីរឹតត្បិតការធ្វើដំណើរ
08, Sep 2022 , 9:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ:
ជាការឆ្លើយតបទៅនឹងទណ្ឌកម្ម និងការផ្គត់ផ្គង់អាវុធរបស់សហភាពអឺរ៉ុប (EU) ឱ្យអ៊ុយក្រែន រុស្ស៊ីបានដាក់បញ្ចូលមន្រ្តី EU ជាច្រើនអ្នកទៀតក្នុងបញ្ជីខ្មៅសំដៅហាមប្រាមពីការធ្វើដំណើរទៅរុស្ស៊ី។

 
ដោយមិនបញ្ជាក់ពីចំនួន និងឈ្មោះអ្នកដែលបានបន្ថែមក្នុងបញ្ជីខ្មៅ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីប្រកាសថា ការរឹតបន្តឹងការធ្វើដំណើរ នឹងអនុវត្តចំពោះមន្រ្តីយោធាជាន់ខ្ពស់សហភាពអឺរ៉ុប(EU) មន្រ្តីជាន់ខ្ពស់រាប់របស់ទីភ្នាក់ងារអនុវត្តច្បាប់នៃរដ្ឋសមាជិក EU និងតំណាងក្រុមហ៊ុនផលិតយុទ្ធោបករណ៍ដែលជាប់ពាក់ព័ន្ធនឹងការបញ្ជូនអាវុធទៅអ៊ុយក្រែន។ 
 
«យើងចង់ក្រើនរំឭកដល់អ្នកទាំងនោះដែលបានផ្តួចផ្តើមវិធានការប្រឆាំងរុស្ស៊ីថា យើងនៅតែមានជំហររឹងមាំក្នុងការប្តេជ្ញាឆ្លើយតបជាមួយការតាំងចិត្តឥតងាករេចំពោះទង្វើអមិត្តណាដែលប្រឆាំងរុស្ស៊ី»។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃទី៧ ខែកញ្ញា។ 
 
កាលពីចុងខែមីនា រដ្ឋាភិបាលក្រុងមូស្គូក៏បានបន្ថែមថ្នាក់ដឹកនាំកំពូលរបស់ EU ជាច្រើននាក់ដែរក្នុងបញ្ជីមិនឱ្យជាន់ដីរុស្ស៊ី ដែលរួមមានសមាជិកគណៈកម្មធិការអឺរ៉ុប សមាជិកសភានៃរដ្ឋ EU ប្រធានស្ថាប័នយោធា EU ក៏ដូចជាអ្នកកាសែតដែលផ្សព្វផ្សាយប្រឆាំងរុស្ស៊ី។
 
សូមបញ្ជាក់ថា តាំងពីរុស្ស៊ីចាប់ផ្តើមឈ្លានពានអ៊ុយក្រែននៅចុងខែកុម្ភៈមក EU អាម៉េរិក និងបណ្តាប្រទេសខាងលិចផ្សេងទៀតបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើក្រុងមូស្គូរួមទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ។ ក្នុងនោះក៏មានទណ្ឌកម្មលើប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ សមាជិកសភាជាន់ទាបរុស្ស៊ី Duma និងសមាជិកសេវាកម្មចារកម្មរុស្ស៊ីផងដែរ៕
 
 
 
 

Tag:
 រុស្ស៊ី
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com