អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ស្វ៊ីស កោះហៅឯកអគ្គរដ្ឋទូតចិនដើម្បីបង្ហាញបារម្ភពីបញ្ហាសិទ្ធិមនុស្សនៅស៊ីនជាំង
08, Sep 2022 , 11:29 pm        
រូបភាព
ប្រធានាធិបតី និងជារដ្ឋមន្រ្តីការបរទេសស្វ៊ីស Ignazio Cassis។ រូបថតពីក្រសួងការបរទេសស្វ៊ីស
ប្រធានាធិបតី និងជារដ្ឋមន្រ្តីការបរទេសស្វ៊ីស Ignazio Cassis។ រូបថតពីក្រសួងការបរទេសស្វ៊ីស
ស្វ៊ីស បានកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងប៊ែនឱ្យចូលជួបដើម្បីបង្ហាញក្ដីព្រួយបារម្ភជុំវិញស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសនេះ បន្ទាប់ពីឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិចេញរបាយការណ៍ពាក់ព័ន្ធការធ្វើទុក្ខបុកម្នេញជនជាតិភាគតិចវីហ្គ័រនៅស៊ីនជាំង។ 

របាយការណ៍ដែលចេញផ្សាយកាលពីចុងខែសីហា ដោយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានរកឃើញថា ការឃុំខ្លួនដោយបំពាន និងរើសអើងរបស់ចិនលើជនជាតិវីហ្គ័រ និងជនជាតិមូស្លីមដទៃទៀតនៅស៊ីនជាំងអាចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ យ៉ាងណាមិញ រដ្ឋាភិបាល​ចិន​បាន​ច្រានចោល​ការ​លើកឡើងក្នុងរបាយការណ៍នោះ​​យ៉ាង​ដាច់​អហង្ការ។
 
ដោយឃើញបែបនេះ ក្រសួងការបរទេសស្វ៊ីសបានស្នើឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងប៊ែនចូលជួបដើម្បីបង្ហាញការព្រួយបារម្ភជុំវិញបញ្ហាសិទ្ធិមនុស្សនៅស៊ីនជាំង។ បើតាមទីភ្នាក់ងារព័ត៌មាន Keystone-SDA ក្រសួងការបរទេសស្វ៊ីសអះអាងថា កន្លងមកស្វ៊ីសតែងទាក់ទងជាទៀងទាត់ជាមួយចិនជុំវិញបញ្ហានៅស៊ីនជាំង។
 
«ស្វ៊ីសត្រូវបានជឿជាក់ ជាអ្នកសម្របសម្រួលល្អបំផុតក្នុងការរក្សាផលប្រយោជន៍របស់ខ្លួនផង និងគោរពសិទ្ធិជាមូលដ្ឋានរបស់មនុស្សផង តាមរយៈការចរចាដោយប្រើពាក្យរិះគន់បែបស្ថាបនាជាមួយទីក្រុងប៉េកាំង»។ ក្រសួងការបរទេសស្វ៊ីសបានលើកឡើងបែបនេះ។
 
ចំណែកស្ថានទូតចិនមិនឆ្លើយតបចំពោះការស្នើឱ្យចូលជួបរបស់រដ្ឋាភិបាលស្វ៊ីសឡើយ។
 
កន្លងមក ស្វ៊ីសជាប្រទេសអព្យាក្រឹតដែលបានរក្សាទំនាក់ទំនងការទូតយ៉ាងរឹងមាំជាមួយទីក្រុងប៉េកាំង។ ទីក្រុងប៊ែន ជាដៃគូពាណិជ្ជកម្មយ៉ាងសំខាន់របស់ចិន ហើយបានជួយបន្ថយភាពតានតឹងរឿងដាក់ទណ្ឌកម្មរបស់លោកខាងលិចទៅលើចិនជុំវិញបញ្ហាសិទ្ធិមនុស្សទៀតផង។​ កាលពីឆ្នាំ ២០១០ ចិនគឺជាដៃគូពាណិជ្ជកម្មធំជាងគេនៅអាស៊ី និងជាដៃគូពាណិជ្ជកម្មធំលំដាប់ទី៣ របស់ស្វ៊ីសបន្ទាប់ពីអឺរ៉ុប និងអាម៉េរិក។
 
បើទោះមានទំនាក់ទំនងល្អប្រសើរក្ដី ស្វ៊ីសបាន​បង្ហាញ​ដោយ​បើកចំហរ​​ពី​ការមិនពេញចិត្ត​របស់ខ្លួន​លើ​ការបំពាន​សិទ្ធិមនុស្ស​របស់​ចិន​៕ 
 

Tag:
 ស្វ៊ីស
  ចិន
  សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com