កីឡាអន្តរជាតិ
អន្តរជាតិ
ផ្លូវការហើយលោក Graham Potter កាន់តំណែងជាគ្រូបង្វឹកក្រុម Chelsea
08, Sep 2022 , 10:55 am        
រូបភាព
លោក Graham Potter ត្រូវបានក្រុមតោខៀវ Chelsea ប្រកាសតែងតាំងជាគ្រូបង្វឹកហើយថ្ងៃទី៨ ខែកញ្ញានេះ។


គ្រូបង្វឹកក្រុម Brighton & hove Albion រូបនេះបានសម្រេចចិត្តមកដឹកនាំក្រុមនាទឹកដី Stamford Bridge ជំនួសលោក Thomas Tuchel ដែលទើបចែកផ្លូវជាមួយក្រុមថ្ងៃទី៧ ម្សិលមិញនេះ។
 
ការតែងតាំងលោក Potter នេះទៀតសោតក៏ព្រោះតែក្រុមតោខៀវបានមើលឃើញភាពរីកចំរើនដ៏លឿនរហ័សរបស់ក្រុម Brighton ក្នុងរដូវកាលថ្មីនេះ។ ឆ្លងកាត់ ៦ប្រកួតនៃក្របខណ្ឌ Premier League ក្រុម Brighton ធ្វើបានយ៉ាងល្អដោយអាចរកបានជ័យជម្ន ៤ប្រកួត ស្មើ១ និងចាញ់១ មាន ១៣ពិន្ទុ។
 
គ្រូបង្វឹកវ័យ ៤៧ឆ្នាំរូបនេះទទួលបានកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយក្រុមម្ចាស់ជើងឯក Champions league ២សម័យកាល ក្រោយត្រូវបានក្លិបមួយនេះចំណាយប្រាក់ផ្តាច់កុងត្រាពីក្រុម Brighton លើរូបលោក។ លោក Potter មានកុងត្រាជាមួយ Brighton រហូតដល់ឆ្នាំ ២០២៥។
 
ក្រោយប្រកាសចូលកាន់តំណែងនេះ គ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះ នឹងត្រូវដឹកនាំក្រុមសម្រាប់ប្រកួតលើកដំបូងទល់ក្រុម Fulham នាពេលខាងមុខ ដែលជាជំនួប Derby នាទីក្រុងឡុងដ៍។
 
កាលពីថ្ងៃទី៧ ដែលក្លិប Chelsea បានប្រកាសចែកផ្លូវជាមួយអ្នកចាត់ការលោក Thomas Tuchel បើតាមប្រភពដ៏ជិតស្និទ្ធជាមួយក្លិប ការចែកផ្លូវនេះក៏ព្រោះតែបញ្ហាមិនចុះសម្រុងគ្នារវាងលោក Tuchel និងម្ចាស់ក្លិបថ្មីលោក Todd Boehly៕
 

© រក្សាសិទ្ធិដោយ thmeythmey.com